លោក​ ហ៊ុន ​សែន ​​ប្រគល់​ផ្សារ​ទូទាំង​ប្រទេស​ឲ្យ​ពលរដ្ឋ​លក់ដូរ​តកូន​តចៅ

ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីប្រកាសមួយកាលពីល្ងាចមិញដោយសម្រេចប្រគល់ផ្សារទាំងអស់នៅទូទាំងប្រទេសឲ្យអាជីវករអាចលក់ដូរតកូនតចៅជាអ្វីដែលត្រូវបានលោកពន្យល់ថាដើម្បីចៀសវាងពួកអាក្រក់ដើរភូតភរបោកប្រាស់។

លោកនាយករដ្ឋមន្ត្រីបានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថាមួយរយៈកន្លងមកដែលលោកបានធ្វើដំណើរទៅតាមខេត្តលោកតែងឆ្លៀតចូលពិនិត្យការលក់ដូររបស់ប្រជាជនតាមទីផ្សារមួយចំនួនហើយលោកបានសង្កេតឃើញបញ្ហាប្រឈមរបស់អាជីវករតាមផ្សារគ្រប់ប្រភេទមានដូចៗគ្នាគឺអាណត្តិលើសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលរហូតមានបងប្អូនអាជីវករបានស្នើសុំលោកឱ្យពន្យារអាណត្តិឱ្យបានច្រើនឆ្នាំ។

លោកបានគូសបញ្ជាក់ថា៖ «យុទ្ធសាស្ត្រពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង និងដើម្បីការពារផលប្រយោជន៍អាជីវករតកូនតចៅយូរអង្វែងចៀសវាងពួកអាក្រក់ដើរភូតភរបោកប្រាស់។ ខ្ញុំបានពិភាក្សាជាមួយសហការីពិសេសរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរៀបចំសារាចរស្តីពី (ការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅទូទាំងប្រទេស)»។

លោកនាយករដ្ឋមន្ត្រីបន្តថាតាមរយៈសារាចរណ៍នេះបងប្អូនអាជីវករនឹងទទួលបានសិទ្ធិតកូនតចៅដោយគ្មានពេលកំណត់ហើយមិនចាំបាច់ស្នើសុំពន្យារពេលទៀតទេ។

ដោយឡែកផ្សារកំពង់ឆ្នាំងដែលបានស្នើសុំពន្យារអាណត្តិពីឆ្នាំ ២០២៥ ដល់ ឆ្នាំ ២០៤០ ដែលលោកបានយល់ព្រមកាលពីសប្តាហ៍មុនក៏ត្រូវបានបន្តគ្មានទីបញ្ចប់តកូនតចៅផងដែរ។

លោកបញ្ជាក់ទៀតថា៖ «សុំបងប្អូនជួយថតសារាចរនេះចែកគ្នារក្សាទុក ឬបិទតាមតូបលក់ដូរដើម្បីបង្ហាញពួកអាក្រក់ និងប្រាប់ពួកគេថាឈប់បោកប្រាស់តទៅទៀតទៅ»។

ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រីមិនបានប្រាប់ថាតើមនុស្សអាក្រក់នោះជានរណាទេខណៈដែលកន្លងមកគេសង្កេតឃើញថាក្រុមអាជីវករនៅតាមផ្សារជាច្រើនបានធ្វើការតវ៉ា ឬសម្តែងការព្រួយបារម្ភចំពោះគម្រោងអភិវឌ្ឍន៍ (រុះរើផ្សារចាស់សាងសង់ផ្សារថ្មី) ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អាជីវករ។

លោក ឈួរ ចន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងថ្លែងកាលពីម្សិលមិញក្រោយពីបានអានសារាចររបស់រាជរដ្ឋាភិបាលថាវាជាដំណឹងល្អបំផុតសម្រាប់ពលរដ្ឋជាពិសេសអ្នកលក់ដូរនៅខេត្តកំពង់ឆ្នាំងដែលបានសិទ្ធិលក់ដូរតកូនតចៅ។

លោកនាយករដ្ឋមន្ត្រីបានចុះទៅខេត្តកំពង់ឆ្នាំងកាលពីសប្តាហ៍មុនហើយបានប្រកាសឲ្យបងប្អូនអ្នកលក់ដូរនៅផ្សារកំពង់ឆ្នាំងអាចពន្យារពេលលក់ដូរបានចាប់ពីចប់កុងត្រាឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៤០ ប៉ុន្តែនៅពេលនេះអាជីវករទាំងនោះអាចបន្តសិទ្ធិលក់ដូរដោយគ្មានពេលកំណត់តកូនតចៅផងដែរ។

លោក ចន្ទឌឿន ថ្លែងថា៖ «ផ្សារលើនេះវិនិយោគចាប់ផ្តើមពីឆ្នាំ ២០០៧ ដល់ ២០២៥ ហើយប្រហែល ៩ ឆ្នាំទៀតបានចប់ និងលក្ខខណ្ឌត្រូវប្រគល់ឲ្យខេត្តចាត់ចែងបន្តហើយឧទាហរណ៍តូបមួយគាត់ទិញ ៣ ពាន់ដុល្លារគឺមានសិទ្ធិដល់ ២០២៥ ទេតែសម្តេចពន្យារដល់ ២០៤០។ អ៊ីចឹងសារាចរថ្មីនេះមានន័យថាសម្តេចសម្រេចថាផ្សារនៅទូទាំងប្រទេសគឺប្រជាជនមានសិទ្ធិលក់ដូរមួយជីវិតផ្ទេរដល់កូនចៅតែត្រូវបង់ភាស៊ី និងពន្ធជូនរដ្ឋ»។

ក្នុងខេត្តកំពង់ឆ្នាំងមានផ្សាររបស់រដ្ឋចំនួន ១០ ប៉ុន្តែក្នុងនោះមានតែផ្សារលើមួយប៉ុណ្ណោះដែលមានអ្នកវិនិយោគឯកជនបណ្តាក់ទុនវិនិយោគ។

កន្លងមកអ្នកឃ្លាំមើលសង្គមមួយចំនួនបានអធិប្បាយថាការចុះទៅតាមបណ្តាខេត្តហើយបានធ្វើការដោះស្រាយបញ្ហាមួយចំនួនជូនប្រជាពលរដ្ឋជាពិសេសដោះស្រាយបញ្ហាជូនអាជីវករនៅតាមផ្សារមួយចំនួនរបស់លោកនាយករដ្ឋមន្ត្រីថាជាយុទ្ធសាស្ត្រដើម្បីទាក់ទាញសន្លឹកឆ្នោត។

ប៉ុន្តែលោកអភិបាលខេត្តកំពង់ឆ្នាំងបានច្រានចោលចំពោះការលើកឡើងទាំងនេះដោយថ្លែងថា៖ «វាមិនពាក់ព័ន្ធសន្លឹកឆ្នោតទេតែភារកិច្ចរបស់រដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនគឺត្រូវគិតគូរពីពលរដ្ឋ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts