បញ្ជូន​អ្នកយុទ្ធនាការអាវ​ខ្មៅទៅតុលាការ​

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​ខណ្ឌដូនពេញ​បាន​និយាយ​ថា​ សកម្មជន​ដីធ្លី​ដ៏​សកម្ម​២​នាក់​ ម្នាក់​ឈ្មោះ​ទេព វ​ន្នី​ និង​ឈ្មោះប៊ូ​វ សោភា ​​ត្រូវ​បញ្ជូន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ​សីហា ​២០១៦ ​ដោយឡែក​ស្ត្រី​ម្នាក់​ជា​ជនជាតិ​អេ​ស្ប៉ាញ​ប្រគល់​ឱ្យ​នគរបាល​ការិយាល័យ​អន្តោរ​ប្រវេសន៍ ​ចាត់ការ​តាម​នីតិវិធី កាលពី​​វេលា​ម៉ោង​១០ ​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ សីហា​ ​២០១៦​ ក្រោយ​​ពី​សកម្ម​ជន​នេះ​ រៀបចំ​ធ្វើ​យុទ្ធនាការ​អាវ​ខ្មៅ​​នៅ​​តំបន់​បឹង​កក់​ ​​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ កាលពី​ល្ងាច​ចន្ទ ​កន្លង​មក ​ដោយ​កៀងគរ​កុមារ​ៗ​​ឱ្យ​​ចូលរួម  ។

មន្ត្រី​ដដែល​​​បញ្ជាក់​ថា ក្នុងយុទ្ធនាការ​អាវ​ខ្មៅ​របស់​សកម្មជន​ដីធ្លី​ខាងលើ​ និង​ស្ត្រី​ជនជាតិ​អេ​ស្ប៉ាញ​ម្នាក់​ឈ្មោះ​​ម៉ា ការី​តា អាយុ​២៩​ឆ្នាំ​នេះ ​មិន​ត្រឹមតែ​ប្រើ​រូបភាព ជា​លក្ខណ​:​ប្រមូលផ្តុំ​នោះ​​ឡើយ គឺ​ពួក​គេ​​​ធ្វើ​រូប​ទីងមោងដោយ​សរសេរ​ថា «មន្ត្រី​ពុក​រលួយ តុលាការ អ្នកបញ្ជា​សម្លាប់ និង​ឃាតករ​​ ។ ហើយ​ពួក​គេ​បាន​យក​រូប​ទីងមោង​ទាំង​នេះ ទៅ​កប់​ចោល​នៅ​ក្នុង​រណ្តៅ​ដែល​ជីក​រួច ស្ថិត​នៅ​តំបន់​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

​មន្ត្រី​នគរបាល​ខណ្ឌដូនពេញ​បានឱ្យដឹងថា សកម្មជន​ដីធ្លី​បឹង​កក់​ទាំង​២​​នាក់ គឺ​អ្នកស្រី ទេព វ​ណ្ណី និង​ប៊ូ​វ សោភា ដែល​ពាក់ព័ន្ធ​ការ​រៀបចំ​ធ្វើ​យុទ្ធនាការ​អាវ​ខ្មៅ នៅ​ក្នុង​តំបន់​បឹង​កក់​នោះ​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ និង​ប្រឈម​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​១៧ ​សីហា ​២០១៦​ ចោទ​ពី​បទ «ញ៉ុះ​ញ៉​ង់​ និង​បង្ក​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម​»​។ ដោយឡែក​ស្ត្រី​ជនជាតិ​អេ​ស្ប៉ាញ ​បាន​ប្រគល់​ទៅ​ឲ្យ​នគ​បាល​កា​រិ​ល័យ​អន្តោរ​ប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

យុទ្ធនាការ​អាវ​ខ្មៅ ដែល​បង្កើត​ឡើង​ដោយអង្គការ​សង្គម​ស៊ី​វិល និង​ជន​មួយ​ចំនួន ត្រូវ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ ក្រោយ​ពី​មានការ​ឃាត់ខ្លួនមន្ត្រី​អា​ដ​ហុ​ក​៤​នាក់ និង​អគ្គលេខាធិការ​រង គ​.​ជ​.​ប ម្នាក់ ​។ ប៉ុន្តែ​យុទ្ធនាការ​នេះ ត្រូវ​បាន​ហាមឃាត់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជាក្រោម​ហេតុផល​ថា ជា​ចលនា​ដែល​មាន​លក្ខណៈ​ជា​បដិវត្ត​ពណ៌  ៕