ក្រោយ​ការ​ផ្ទុះ​មួយ​ចំនួន​ការ​ផ្ទុះ​គ្រាប់បែក​មួយទៀត​របួស​ទាហាន​ថៃ​ម្នាក់

ទាហាន​ថៃ​ម្នាក់​រង​របួសធ្ងន់​កាលពី​ថ្ងៃ​ទី​១៥ សីហា ដោយសារ​ការ​ផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់​ដាក់​លើ​ថ្នល់ ។ ការ​វាយប្រហារ​នេះ​កើត​មាន​ខណៈ​ទាហាន​៤​នាក់​កំពុង​ដើរ​ល្បាត​តាម​ផ្លូវថ្នល់​មួយ​នៃ​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់​ភាគ​ខាងត្បូង​ប្រទេស ។ ទាហាន​៣​នាក់​ទៀត​រង​របួសស្រាល ។

កាលពី​យប់​ថ្ងៃ​ទី​១៤ សីហា គ្រាប់បែក​៣​គ្រាប់​បាន​ផ្ទុះ​ក្នុង​ខេត្ត​យ៉ា​ឡា​ជិតខាង​មុខ​ហាង​នានា ក៏​ប៉ុន្តែ​ពុំ​បណ្តាល​ឱ្យ​មាន​អ្នក​របួស​ឡើយ ។ ការ​វាយប្រហារ​ទាំងនេះ​កើត​មាន​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ក្នុង​ទីក្រុង​ថៃ​ជា​ច្រើន ពិសេស​តំបន់​ទេសចរណ៍​ហ៊ួ​ហ៊ី​ន និង​ភូ​កេ​ត ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់ និង​របួស​ជា​ច្រើន​នាក់ ក្នុង​នោះ​មាន​បណ្តា​អ្នក​ទេសចរណ៍​បរទេស​ផង​ដែរ ។

ពេល​កំពុង​ស៊ើប​តាម​រក​តម្រុយ​នានា ប៉ូលិស​ថៃ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​១៣ និង​ទី​១៤ សីហា នៅ​ទីតាំង​ទេសចរណ៍​៣​នូវ​គ្រាប់បែក​មិន​ទាន់​ផ្ទុះ​នានា ។

យោង​តាម​រ៉​យ​ទ័​រថា កងទ័ព​ថៃ​ប្រកាស​នា​ថ្ងៃ​ទី​១៥ សីហា ពី​ការ​ចាប់ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស៊ើបអង្កេត ក៏​ប៉ុន្តែ​ពុំ​ទាន់​មាន​ចេញ​បទចោទប្រកាន់​នៅ​ឡើយ។ បណ្តា​សមាគម​ការពារ​សិទ្ធិ​មនុស្ស​សង្ស័យ​ថា មនុស្ស​ជា​ច្រើន​សិប​នាក់​ត្រូវ​ចាប់ខ្លួន ។

អាជ្ញាធរ​យោធា​ថៃ​បដិសេធ​ថា ពួក​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​ទាំងនេះ​ពុំ​មែន​ពួក​ឧទ្ទាម​នៅ​ចុង​ខាងត្បូង​ថៃ​ឡើយ ។ ទោះបី​យ៉ាងណា ប៉ូលិស​ទទួលស្គាល់​ថា គ្រាប់បែក​ច្នៃ​ទាំងឡាយ​ដែល​ប្រើ​នៅ​តាម​ទីតាំង​ទេសចរណ៍​ជាប់មាត់​សមុទ្រ​ជា​គ្រាប់បែក​ប្រភេទ​តែ​មួយ ដែល​ប្រើប្រាស់​ក្នុង​ការ​វាយប្រហារ​ស្ទើរ​រាល់ថ្ងៃ​ដោយ​ពួក​ឧទ្ទាម​អ៊ិ​ស្លា​ម ៕