មន្ទីរពេទ្យ​របស់ MSF រង​ការ​ទម្លាក់​គ្រាប់បែក​នៅ​យេ​ម៉ែ​ន​ស្លាប់​11​នាក់

អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន MSF រាយការណ៍​ថា មនុស្ស​១១​នាក់​បាន​ត្រូវ​ស្លាប់ និង​១៩​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​១៥ សីហា ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​របស់​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត លើ​មន្ទីរពេទ្យ​មួយ​នៃ​ទីក្រុង ABS ភាគ​ខាងជើង​យេ​ម៉ែ​ន ។

ក្នុង​សេចក្តី​ប្រកាស​មួយ​អង្គការ​មនុស្សធម៌​នេះ​រៀបរាប់​លម្អិត​ថា មនុស្ស​៩​នាក់​ស្លាប់​នៅ​នឹង​កន្លែង ហើយ​២​នាក់​ទៀត​ស្លាប់​ដោយ​របួសធ្ងន់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ​ផ្សេង​ទៀត ។ បុគ្គលិក MSF ម្នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ចំណែក​គ្រូពេទ្យ​ម្នាក់ និង​គិលានុប្បដ្ឋាក​ម្នាក់​ដែល​ធ្វើការ​ឱ្យ MSF រង​របួសធ្ងន់ ។ ជន​រង​គ្រោះ​ឯទៀត​ៗ​ជា​អ្នកជំងឺ ។ មន្ទីរពេទ្យ​នៅ​ជនបទ​នេះ​រង​ការ​បំផ្លាញ​អស់​មួយ​ផ្នែក ហើយ​ពុំ​អាច​ដំណើរការ​បាន​ទៀត រង់ចាំ​ការ​ជួសជុល​ធំ ។ មុន​នេះ​ពួក​ឧទ្ទាម​យេ​ម៉ែ​ន​រាយការណ៍​ពី​តុល្យការ​មួយ​ថា មាន​អ្នក​ស្លាប់​៦​នាក់ និង​របួស​២០​នាក់ ក្នុង​តំបន់​នេះ​នា​ភាគ​ខាងជើង​ប្រទេស​ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​គេ ។

MSF បាន​ចោទប្រកាន់​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​ថា ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​ទម្លាក់​គ្រាប់បែក​កាលពី​ថ្ងៃ​ទី​១៥ សីហា នេះ ៕