ចូ​វ សុធា​រ៉ា បើក​ឆាក​ប្រកួត​អូ​ឡាំ​ពិ​ក​នៅ​យប់ស្អែក​នេះ​ហើយ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៧ សីហា នេះ កីឡាការិនី​ជើង​ខ្លាំង​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផ្នែក​ចំបាប់​កញ្ញា ចូ​វ សុធា​រ៉ា នឹង​បើក​ឆាក​ប្រកួត​ជា​លើក​ដំបូង​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ដែល​កំពុង​ចាប់ផ្ដើម​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ។ នាង​នឹង​ត្រូវ​ថ្លឹង​ទម្ងន់​ឡើង​ប្រកួត​យប់​ស្អែកនេះ ​ប៉ុន្តែ​មិន​ទាន់​ដឹង​ថា ​នាង​ប៉ះ​ជើង​ខ្លាំង​ណា​មុន​ឡើយ​ក្នុង​ចំណោម​សមាសភាព​កីឡាការិនី​មក​ពី​១៩​ប្រទេស​ផ្សេង​ទៀត ។

ថ្លែងប្រាប់​ពី​ប្រទេស​ប្រេ​ស៊ី​ល កីឡាការិនី ចូ​វ សុធា​រ៉ា បាន​អះអាង​ថា នៅ​វេលា​យប់ស្អែក​ ថ្ងៃ​ទី​១៧ សីហា នេះ នាង​នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាការិនី​១​រូប​ក្នុង​ចំណោម​១៩​ប្រទេស ដែល​ជា​ការ​ប្រកួត​ចាញ់​ធ្លាក់​ៗ​សម្រាប់​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម​របស់​នាង ។ នាង​ថា ការ​ប្រកួត​នឹង​ចាប់ផ្ដើម​នៅ​វេលា​ម៉ោង​១០​ព្រឹក​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ត្រូវ​នឹង​ម៉ោង​ប្រហែល​៨​យប់​នៅ​កម្ពុជា ។ នាង​បាន​ត្រឹមតែ​ដឹង​ថា ​គូប្រកួត​របស់​ខ្លួន​ជា​កីឡាការិនី​ខ្លាំង​ៗ​មក​ពី​ជុំវិញ​ពិភពលោក​ប៉ុណ្ណោះ តែ​មិន​ទាន់​ដឹង​ថា ​ជនជាតិ​ណាមួយ​នឹង​ត្រូវ​បើក​ឆាក​ប្រកួត​ជាមួយ​គ្នា​នៅឡើយ​ទេ​ ដោយសារ​ទាល់តែ​ជិត​ដល់​ម៉ោង​ថ្ងៃស្អែក​នេះ ​ទើប​ខាង​គណៈកម្មការ​កីឡា​អូ​ឡាំ​ពិ​ក​សម្រេច​ឱ្យ​ថ្លឹង​ទម្ងន់​លើក​ចុង​ក្រោយ ហើយ​កំណត់​ឱ្យ​ចាប់ឆ្នោត​រើស​គ្នា​ឡើង​ប្រកួត ។

នាង​និយាយ​ថា​៖«​ខ្ញុំ​ប្រកួត​ថ្ងៃ​ទី​១៧​ស្អែក​ហ្នឹង ម៉ោង​១០​ព្រឹក​ម៉ោង​នៅ​ប្រេ​ស៊ី​ល ហើយ​ម៉ោង​ស្រុក​យើង​ (​កម្ពុជា​) ​ប្រហែល​៨​យប់ ​! ខ្ញុំ​មិន​ទាន់​ដឹង​ថា ការ​ប្រកួត​ហ្នឹង​ខ្ញុំ​ប៉ះ​អ្នក​ណា​ខ្លះ​ទេ ទាល់តែ​ថ្លឹង​ទម្ងន់​រួច​ចាប់ឆ្នោត​សិន​បានដឹង​!» ។ ចូ​វ សុធា​រ៉ា បាន​អះអាង​ថា ការ​ប្រកួត​ដែល​នាង​ធ្វើ​ឡើង​រវាង​កីឡាការិនី​២០​ប្រទេស​ក្នុង​វិញ្ញាសា​ចំបាប់​នៅ​យប់​ថ្ងៃ​ពុធ ទី​១៧ សីហា ម៉ោង​នៅ​កម្ពុជា​នេះ គឺជា​ការ​ប្រកួត​ចាញ់​ធ្លាក់​ៗ​ដែល​មាន​ន័យ​ថា លុះត្រាតែ​បាន​ទទួល​ជ័យជម្នះ ទើបបាន​ឡើង​វគ្គ​បន្ត ហើយ​បើ​ការ​ប្រកួត​ចាញ់ គឺ​នឹង​ត្រូវ​ហាលអាវ​បញ្ចប់​ការ​ប្រកួត​តែ​ម្ដង ។

ទោះបី​យ៉ាងណា នាង​ហាក់​រំពឹង​ខ្ពស់​ថា ខ្លួន​មិន​ជួប​សំណាងអាក្រក់​ក្នុង​ការ​ប្រកួត​បើក​ឆាក​នេះ​ទេ បន្ទាប់​ពី​នាង​ក៏​បាន​ហ្វឹកហាត់​បន្ថែម​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល និង​បាន​បន្សាំ​ខ្លួន​ឱ្យ​ត្រូវ​អាកាសធាតុ​របស់​ប្រទេស​នោះ​បាន​ល្អ​តាំងពី​ថ្ងៃ​ទៅ​ដល់​ផង​ដែរ ។ កញ្ញា​ថា ការ​ប្រកួត​យប់ស្អែក​នេះ នឹង​ក្លាយជា​ការ​កាត់សេចក្ដី​លើ​ជោគវាសនា​របស់​ខ្លួន ប៉ុន្តែ​មិន​មាន​ន័យ​ថា នាង​ត្រូវ​អស់សង្ឃឹម​ដោយ​សូ​ម្បី​តែ​មិន​ទាន់​បានដឹង​ថា ​អ្នក​ណា​នឹង​ត្រូវ​ប្រកួត​ជាមួយ​នោះ​ទេ​។ ការ​ប្រកួត​របស់​នាង​ត្រូវ​បាន​មហាជន​ផ្ដោត​ការ​ចាប់អារម្មណ៍​ភាគ​ច្រើន ដោយសារ​តែ​នាង​គឺជា​សមាសភាព​ទី​២ បន្ទាប់​ពី​វិញ្ញាសា​ហែល​ទឹក ដែល​កញ្ញា ហែម​ថុ​ន វិ​ទិ​នី ធ្វើ​បាន​ល្អ​បំផុត​បាន​ត្រឹម​លេខ​រៀង​ទី​៤​ ក្នុង​ការ​ប្រកួត​ជម្រុះ ដែល​នៅ​តែ​រក​មិនឃើញ​មេដាយ​ជួយ​ឱ្យ​កម្ពុជា​មាន​ក្រេ​ឌី​ត​នៅ​អូ​ឡាំ​ពិ​ក ។ ចូ​វ សុធា​រ៉ា ក៏​ជា​សមាសភាព​មួយ​ដែល​កម្ពុជា​រំពឹង​ខ្ពស់​មិន​ខុស​ពី​កញ្ញា ស៊ន សៀវ​ម៉ី​ផង​ដែរ ដោយសារ​តែ​ក្នុង​ប្រវត្តិសាស្ត្រ​ចំបាប់​នាង​ទទួល​បាន​មេដៃ​មាស និង​ប្រាក់​រាប់​មិន​អស់ពី​ព្រឹត្តិការណ៍​អន្តរជាតិ ដែល​ធ្វើ​ឱ្យ​តម្លៃ​វិញ្ញាសា​ចំបាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ទទួល​បានការ​ទទួលស្គាល់​ពេញទំហឹង ។

ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្ដៅ​លើក​ទី​៣១​នេះ  ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល ដោយ​កីឡាករ​-​កីឡាការិនី​កម្ពុជា ត្រូវ​គេ​ឃើញ​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​សកម្ម​តាំងពី​ឡើង​ទៅ​ដល់ ជា​ពិសេស​គឺ​ចូ​វ សុធា​រ៉ា និង​ស៊ន សៀវ​ម៉ី ។ ចូ​វ សុធា​រ៉ា អតីត​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេ​ម អ៊ីចឹង​ហើយ​ទើប​ការ​បើក​ប្រកួត​របស់​នាង​ក៏​ជា​ចំណាប់​អារម្មណ៍​ធំ​មួយ ដែល​មាន​អ្នក​តាមដាន​ច្រើន​នោះ​ដែរ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​នាង​ក្រៅពី​មាន​សមត្ថភាព​ក៏​បាន​ហ្វឹកហាត់​គ្រប់គ្រាន់ និង​បាន​សម្រក​ទម្ងន់​មក​ត្រឹម​៤៨​គីឡូក្រាម​បាន​តាម​ការ​កំណត់ ។

យ៉ាងណា​ក៏​ដោយ គេ​នៅ​តែ​បារម្ភ​ដោយសារ​តែ​ការ​រក្សា​ទម្ងន់​កុំឱ្យ​ប្រែប្រួល​របស់​នាង ក៏​អាច​មានការ​ប៉ះទង្គិច​ផង​ដែរ ដោយសារ​តែ​មុន​ចេញ​ទៅ​ប្រេ​ស៊ី​ល សុធា​រ៉ា មិន​មាន​ទម្ងន់​​៤៨​គីឡូក្រាម ប៉ុន្តែ​បាន​ព្យាយាម​សម្រក និង​ថៃ​រក្សា​ទម្ងន់​ឱ្យ​នៅ​ត្រឹម​៤៨​តាម​ការ​កំណត់ ។ យ៉ាងណា​ក៏​ដោយ ចូ​វ សុធា​រ៉ា បាន​អះអាង​ថា បញ្ហា​កម្លាំង​ក្រោយ​ការ​សម្រក​ទម្ងន់​គឺ​លែង​ជា​បញ្ហា​ចោទ​ទៀត​ហើយ ដោយសារ​តែ​នាង​បន្សាំ​ខ្លួន​បាន​ល្អ​ក្នុង​ពេល​ហ្វឹកហាត់ ។ មហាជន​ជា​អ្នកគាំទ្រ​បាន​លើកទឹកចិត្ត​និង​បន់ស្រន់​ឱ្យ​ចូ​វ សុធា​រ៉ា ទទួល​បាន​ជ័យជម្នះ​ក្នុង​វគ្គ​បើក​ឆាក​នៅ​អូ​ឡាំ​ពិ​ក​នា​យប់​នេះ​ដើម្បី​ឱ្យ​កម្ពុជា​មានមុខ​លើ​ឆាក​អន្តរជាតិ ។ ម្យ៉ាង​នាង​ក៏​បាន​ទទួល​សម​កម្លាំង​ជាមួយ​កីឡាការិនី​មក​ពី​ហុង​ឌុ​យ​រ៉ា​ស់ និង​រ៉ូ​មា​នី ទទួល​បាន​បច្ចេកទេស និង​បទ​ពិសោធន៍​ច្រើន​ដែរ​មុន​ពេល​ឡើង​រេញ​ផ្លូវការ ៕