​របប​ខ្យល់មូសុង​និរតី នឹង​បន្ត​ជះឥទ្ធិពល​ដល់​ខេត្ត​មួយចំនួន ក្នុងប្រទេស​កម្ពុជា

ភ្នំពេញ​:
យោងតាម​សេចក្តីជូនដំណឹង របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦​នេះ បានអោយដឹងថា កម្ពុជា​យើង អាចនឹងទទួល​រលក​សម្ពាធ អាកាសធាតុ គួរ​ប្រុងប្រយ័ត្ន ពី​របប​ខ្យល់មូសុង​និរតី នៅតាម​តំបន់​មួយចំនួន ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៦ ខាងមុខ​។

​នៅក្នុង​សេចក្តីប្រកាស​នេះ បាន​បញ្ជាក់ថា តំបន់​មួយចំនួន អាច​នឹងរង​ការជះឥទ្ធិពល​ខ្លាំង ជាពិសេស​នៅ​តំបន់ឆ្នេរ និង​លើ​ផ្ទៃសមុទ្រ អាច​នឹងមាន​ខ្យល់ បក់បោក​ខ្លាំង និង​មាន​រលក​ខ្ពស់ៗ មានដូចជា ខេត្តកោះកុង ខេត្ត​ព្រះសីហនុ អាចមាន​ភ្លៀង ធ្លាក់​បន្ត បន្ទាប់ ពី​បង្គួរ​ទៅ​ច្រើន​។ ចំណែក​ខេត្តកំពត និង​ខេត្ត​កែប អាច​នឹងមាន​ភ្លៀង​ធ្លាក់ ពី​តិច​ទៅ​មធ្យម​។ រីឯ​តំបន់​វាលទំនាប និង​តំបន់​ខ្ពង់រាប អាចមាន​ភ្លៀង​ធ្លាប់ ពី​តិច​ទៅ​បង្គួរ​។ ចំណែក​នៅ រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្តាល និង​ខេត្តតាកែវ អាចមាន​ភ្លៀង​ធ្លាក់ តិចតួច​។

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​នេះ សូម​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ក្តី ជា ពិសេស​ប្រជា​នេសាទ លើ​ដែនសមុទ្រ សូម​មានការ​ប្រុងប្រយ័ត្ន អោយបាន​ខ្ពស់ តាម​កាលបរិច្ឆេទ ដូច​ការជូនដំណឹង​ខាងលើ​៕N/m