ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​បង្ហាញ​យន្តហោះ​ប្រដេញ​T-50

យន្តហោះ​ប្រដេញ​ដ៏​ទំនើប​របស់​រុ​ស្ស៊ី​ធុន SUKHOI T-50 ត្រូវ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី​១៥ សីហា តាម​រយៈ​វី​ដេ​អូ​មួយ​របស់​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី ។

យន្តហោះ​នេះ​មាន​រហស្សនាម​ថា «​ផ្ទៃមេឃ​គោរព​ពួក​អ្នក​ខ្លាំង​» ។ វី​ដេ​អូ​នេះ​ក៏​បង្ហាញ​ផង​ដែរ​យន្តហោះ​ប្រដេញ​ធុន MIG-29 KUS យន្តហោះ​សម្រាប់​ហ្វឹកហ្វឺន យន្តហោះ​ប្រយុទ្ធ​ធុន YAK-130 យន្តហោះ​ប្រដេញ​ទំនើប SU-35S យន្តហោះ​ប្រដេញ SU-33 យន្តហោះ​ទម្លាក់​គ្រាប់បែក​ហោះ​បាន​ឆ្ងាយ TU-95 ព្រមទាំង​យន្តហោះ​ឯទៀត​ៗ ។

យន្តហោះ​ប្រដេញ SUKHOI T-50 ដែល​ហៅ​ផង​ដែរ​ក្រោម​ឈ្មោះ​ថា យន្តហោះ PAK-FA សម្រាប់​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ហោះ​សាកល្បង​នៅ​រុ​ស្ស៊ី ។ ការ​បញ្ចប់​ការ​ហោះហើរ​សាកល្បង​គ្រោង​នា​ចុងឆ្នាំ​២០១៦​នេះ រួច​ក្នុង​ឆ្នាំ​២០១៨ យន្តហោះ​ប្រភេទ​នោះ​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​កងកម្លាំង​អាកាស​រុ​ស្ស៊ី ៕