អតីត​អ្នកយក​ព័ត៌មានទូរទស្សន៍​បាយ័ន​ត្រូវ​​​​ចាប់​ខ្លួន​​​​ ក្រោយពី​​ចោទប្រកាន់​ពី​​​បទ​​​ជំរិត​​​ទារប្រាក់​

អតីតអ្នកយកព័ត៌មានម្នាក់របស់ទូរទស្សន៍បាយ័នបានជាប់ពន្ធនាគារនៅខេត្តពោធិ៍សាត់កាលពីថ្ងៃអាទិត្យ ដើម្បីរង់ចាំសវនាការពីបទចោទប្រកាន់ជំរិតទារប្រាក់កាលពីបីឆ្នាំមុនដោយសារគំរាមថារាយការណ៍ពីអ្នកភូមិនៅខេត្តពោធិ៍សាត់ដែលដឹកឈើខុសច្បាប់។ លោក ម៉ូ លីដា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនគរបាលខេត្តពោធិ៍សាត់បាននិយាយថា លោក ប៉ាក់ ស៊ីណា អាយុ៣២ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រនៅក្នុងក្រុងបាត់ដំបង ដែលនៅទីនោះលោកធ្វើការឲ្យកាសែតក្នុងស្រុកមួយ ហើយត្រូវបានបញ្ជួនទៅខេត្តពោធិ៍សាត់នៅថ្ងៃដដែល។ តាមលោក ស៊ួ សុទ្ធារិទ្ធិ ក្រឡាបញ្ជីតុលាការខេត្ត នៅឆ្នាំ ២០១៣ លោក ស៊ីណា បានធ្វើការឲ្យទូរទស្សន៍បាយ័ននិងអ្នកយកព័ត៌មានបីនាក់ផ្សេងទៀតមកពីការសែតក្នុងស្រុកត្រូវបានចោទថាដេញតាមអ្នកភូមិដឹកឈើតាមរទេះគោ ដែលពួកគេយកធ្វើរបងផ្ទះនៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ លោកបានបដិសេធមិននិយាយថាអ្នកសារព័ត៌មាន”បានជំរិតទារប្រាក់ពីអ្នកភូមិចំនួនប៉ុន្មានទេ”។ លោក សុទ្ធារិទ្ធ បាននិយាយថា លោក ស៊ីណា ត្រូវបានចោទប្រកាន់កំបាំងមុខពីបទជំរិត ទារប្រាក់កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ ប៉ុន្តែបានគេចខ្លួនចេញពីខេត្ត។ តុលាការខេត្តពោធិ៍សាត់បានចេញដីកាចាប់ខ្លួនអ្នកកាសែតរូបនេះកាលពីខែមុន ក្រោយពីអាជ្ញាធរនៅខេត្តបាត់ដំបងបានទទួលដំណឹងថា លោក ស៊ីណា បានលាក់ខ្លួននៅក្នុងខេត្ត។ ក្រឡាបញ្ជីរូបនេះបដិសេធមិនបញ្ជាក់អត្តសញ្ញាណអ្នកកាសែតបីអ្នកផ្សេងទៀតដែលបានចោទប្រកាន់ក្នុងករណីនេះ ឬឈ្មោះកាសែតដែលគេបានធ្វើការឲ្យនៅឆ្នាំ២០១៣នោះទេ។ និយោជករបស់លោក ស៊ីណា នៅពេលនោះ គឺទូរទស្សន៍បាយ័នជារបស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក សុទ្ធារិទ្ធ បាននិយាយថា “អ្នកកាសែតបីនាក់ទៀតបានចោទប្រកាន់រួចហើយ យើងនឹងចាប់ពួកគេ បើយើងឃើញពួកគេពេលណាមួយ”។ លោក លីដា នាយការិយាល័យបាននិយាយថា លោក ស៊ីណា ត្រូវបានសាកសួរនៅតុលាការខេត្តពោធិ៍សាត់ ក្រោយពីការចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ហើយបន្ទាប់មកបញ្ជួនទៅពន្ធនាគារខេត្ត ដើម្បីរង់ចាំការកាត់ក្តី។ ការជំរិតទារប្រាក់អាចមានទោសជាប់ពន្ធនាគារពីពីរឆ្នាំដល់ប្រាំឆ្នាំ ហើយពិន័យជាប្រាក់ ១០លានរៀល ឬ២៥០០ដុល្លារ។ លោក មឿន ឈានណារិទ្ធិ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានបាន និយាយថា ការប្រើប័ណ្ណសារព័ត៌មានគំរាមអ្នកភូមិមិនចេះអក្សរនៅតែជាបញ្ហាអាក្រក់នៅប្រទេសកម្ពុជា។ លោកបាននិយាយថា “យើងកំពុងតែសោកសង្រេង ដែលអ្នកសារព័ត៌មានខ្លះប្រព្រឹត្តបទល្មើសដូចជាការជំរិតទារប្រាក់ពីជំនួញខុសច្បាប់។ខ្ញុំគិតថា អាជ្ញាធរគួរប្រើក្រមព្រហ្មទណ្ឌ ដើម្បីចាប់ពួកគេ”៕ មាំ វិបុល © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post អតីត​អ្នកយក​ព័ត៌មានទូរទស្សន៍​បាយ័ន​ត្រូវ​​​​ចាប់​ខ្លួន​​​​ ក្រោយពី​​ចោទប្រកាន់​ពី​​​បទ​​​ជំរិត​​​ទារប្រាក់​ appeared first on The Cambodia Daily.