PNN លើក​ស្ទួយ​តារា​ក្នុង​ស្រុក ដោយ​វិនិយោគ​យ៉ាង​ច្រើន​លើ​ការ​ផ្សព្វ​ផ្សាយ​ភាព​យន្ត​ភាគ​ខ្មែរ

PNN កំពុង​តែ​លើក​ស្ទួយ​តារា​ភាព​យន្ត​កម្ពុជា​ជាមួយ​នឹង​ការ​បណ្ដាក់​ទុន​យ៉ាង​ច្រើន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ភាពយន្ត​ភាគ​ក្នុង​ស្រុក។ ស្ថានីយ​ដែល​ទើប​តែ​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​របស់​ខ្លួន​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ កំពុង​តែ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​រឿង​ភាគ និង​តារា​សម្ដែង​ក្នុង​ស្រុក​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​តាម​ផ្ទាំង​ប៉ាណូ​ធំៗ​ក្នុង​ទីក្រុង​ភ្នំពេញ ការ​ធ្វើ​យុទ្ធនា​ការ​ទីផ្សារ និង​ការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម។

 

PNN បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ១ លាន​ដុល្លារ​ទៅ​លើ​ការ​ផលិត​រឿង​ភាគ​ខ្មែរ​ដ៏​ល្អ​ឯក​សម្រាប់​ទូរ​ទស្សនិកជន និង​ចំណាយ​ទឹក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ផ្សេង​ទៀត​ទៅ​លើ​ការ​ធ្វើ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ។ ទូរ​ទស្សនិកជន​ដែល​គាំទ្រ​រឿង​ភាគ​ខ្មែរ​ទាំង​អស់​នឹង​បាន​ឃើញ​ការ​ផ្សព្វ​ផ្សាយ​របស់ PNN នៅ​លើ​ផ្ទាំងLED តាម​ទី​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ នៅ​លើ​ផ្ទាំង​ប៉ាណូ​នៅ​តាម​ឡាន​ក្រុង ម៉ូតូ​កង់​បី​ ខិត្តប័ណ្ណ​នានា ក៏​ដូចជា​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​ជា​ច្រើន​ផ្សេង​ទៀត។

 

PNN លើក​ស្ទួយ​តារា​ក្នុង​ស្រុក ដោយ​វិនិយោគ​យ៉ាង​ច្រើន​លើ​ការ​ផ្សព្វ​ផ្សាយ​ភាព​យន្ត​ភាគ​ខ្មែរ

 

លោក Glen Felgate នាយក​ប្រតិបត្តិ​ស្ថានីយ​ទូរទស្សន៍ PNN បាន​ឲ្យ​ដឹង​ថា៖ “ពួក​យើង​បាន​ចំណាយ​ពេល​វេលា ក៏​ដូចជា​ការ​ខិត​ខំ​ប្រឹង​ប្រែង និង​ទឹក​ប្រាក់​យ៉ាង​ច្រើន​ដើម្បី​ជ្រើស​រើស​ភាព​យន្ត​ភាគ​ខ្មែរ​ដែល​ល្អ​គួរ​ជា​ទី​ចាប់​អារម្មណ៍​ជូន​ទូរ​ទស្សនិកជន។ ឥឡូវ​នេះ យើង​ក៏​កំពុង​តែ​ចំណាយ​ទឹក​ប្រាក់​ផ្សេង​ទៀត​ដើម្បី​គាំទ្រ​តារា​សម្ដែង និង​ខ្សែ​ភាពយន្ត​ដែល​ផលិត​បាន”។

 

PNN នឹង​ចាប់​ផ្ដើម​ចាក់​ផ្សាយ​រឿង​ភាគ​ខ្មែរ​របស់​ខ្លួន​ដំបូង​បង្អស់​នៅ​ថ្ងៃ​ទី​៥ កញ្ញា ខាង​មុខ​នេះ វេលា​ម៉ោង ៨ យប់​ត​ទៅ។ រឿង​ភាគ​ដំបូង​ដែល​នឹង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ គឺ​ជា​ស្នាដៃ​របស់​ផលិតកម្ម អិលឌីភីចឆ័រ ក្រោម​ការ​ដឹកនាំ​របស់​លោក លៀក លីដា ដែល​មហាជន​ភាគ​ច្រើន​បាន​ស្គាល់​តាម​រយៈ​រឿង​ល្បីៗ​មួយ​ចំនួន​ដែល​បាន​ចាក់​បញ្ចាំង​តាម​រោង​កុន​ធំៗ​នា​ពេល​កន្លង​មក។

 

រឿង​ភាគ​បែប​មនោសញ្ចេតនា កំប្លែង​សើច​សប្បាយ​លាយ​ឡំ​ដោយ​ការ​កាច់​កុង​គ្នា​រវាង​កូន​ប្រសា និង​ម្ដាយ​ក្មេក «ម្ទេសហឹរ ប៉ះ​អំបិល​ប្រៃ» មាន​ការ​ចូលរួម​សម្ដែង​ដោយ​កញ្ញា តូតា លោក អេវីន អ្នកនាង គ្រត លោក ជា សំណាង លោក ចាបចៀន រួម​នឹង​សិល្បករ​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត។

 

ដោយ​ឡែក​សម្រាប់​រឿង​ភាគ​មាន​ចំណង​ជើង​ថា «សង្គ្រាម​បេះដូង» វណ្ណកម្ម​ថ្មី​របស់​ផលិតកម្ម ខ្មែរ​មេគង្គ ក៏​នឹង​ត្រៀម​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ PNN ក្នុង​ខែ​កញ្ញា ខាង​មុខ​នេះ​ដែរ។ ទូរ​ទស្សនិកជន​ភាគ​ច្រើន​បាន​ទទួល​ស្គាល់​ទៅ​លើ​ស្នាដៃ​ផលិត​របស់​ផលិតកម្ម​ក្នុង​ស្រុក​មួយ​នេះ ជា​ពិសេស​នោះ​គឺ​រឿង​ចុង​ក្រោយ​គេ «តម្លៃ​ស្នេហ៍» ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ដល់​ទៅ៤ ពី​មហោ​ស្រព​ភាព​យន្ត​នៅ​ហូលីវូដ Hollywood International Moving Pictures Film Festival (HIMPFF)។

 

តួ​សម្ដែង​នៅ​ក្នុង​រឿង​ភាគ​មនោសញ្ចេតនា​ស្នេហា​ ការ​ច្រណែន​ និង​ការ​លះបង់​របស់​ផលិតកម្ម​ ខ្មែរ​មេគង្គ មួយ​នេះ​មាន​ដូចជា លោក ហេង នរៈកក្កដា លោក សន កាយ៉ាឌី កញ្ញា ឡាយ សម្ផស្ស កញ្ញា ចេស៊ីកា លោក សាវិន ហ្វីលីព រួម​ទាំង​តារា​ល្បីៗ​របស់​ផលិតកម្ម​ ខ្មែរ​មេគង្គ ជា​ច្រើន​រូប​ទៀត។

 

PNN បាន​បេ្តជ្ញា​ចិត្ត​ក្នុង​ការ​ផលិត​ខ្សែ​ភាព​យន្ត​ភាគ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​ជាង​មួយ​រយ​ម៉ោង​ក្នុង​ឆ្នាំ​២០១៦ នេះ ដើម្បី​ចាក់​ផ្សាយ​ជូន​ទូរ​ទស្សនិកជន ហើយ​គិត​ជា​មធ្យម PNN ត្រូវ​ចំណាយ​ប្រមាណ ៨០០០ ដុល្លារ ក្នុង​រយៈ​ពេល​មួយ​ម៉ោង​នៃ​ខ្សែ​ភាព​យន្ត​ភាគ។

 

PNN ជា​ស្ថានីយ​ទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត​នៅ​កម្ពុជា បាន​​ផ្ដល់​ទុន​ផលិត​យ៉ាង​សន្ធឹក​សន្ធាប់​​​ដល់​ផលិតករ​ខ្មែរ ដើម្បី​លើក​កម្ពស់​គុណភាព​ភាព​យន្ត​ខ្មែរ និង​​បំពេញ​តម្រូវ​ការ​កម្សាន្ត​របស់​ពលរដ្ឋ​កម្ពុជា។ ខែ្ស​ភាពយន្ត​ភាគ​ខ្មែរ​ដំបូង​នឹង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ PNN នៅ​ថ្ងៃ​ទី៥ កញ្ញា នេះ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម