សុះ ម៉ាច ពន្យល់​ពី​ភាព​ខុស​គ្នា​រវាង​សមា​គម​សិល្បករ​ខ្មែរ និង​​សមា​គម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម

(ភ្នំពេញ)៖ ដោយសារមានសំណួរជាច្រើនបានចោទសួរមកលើប្រធានសមាគមសិល្ប​ករកម្ពុ​ជា​លោក សុះ ម៉ាច ពាក់ព័ន្ធក្នុងរឿងសមាគមសិល្បៈមានរហូតដល់តែពីរគឺសមាគមសិល្បករខ្មែរ និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលទើបបង្កើតថ្មី​ៗគឺដោយឡែកពីគ្នានោះលោក សុះ ម៉ាច បានថ្លែងប្រាប់ឲ្យដឹងថា ដើម្បីកុំអោយមានការយ​ល់ច្រឡំតទៅទៀតនោះថ្ងៃនេះខ្ញុំបាទមានកិត្តិយសសូមបកស្រាយនូវចម្ងល់ដល់រៀមច្បងនិងមិ​ត្ត​សិល្បៈព្រមទាំងមហាជនទាំងឡាយអោយលោកបានអស់ចម្ងល់។

លោក សុះ ម៉ាច បានបញ្ជាក់ថា សមាគមសិល្បករខ្មែរបង្កើតឡើងក្នុងឆ្នាំ២០០៦ក្រោមស្ថា​បនិ​កផ្តួចផ្តើមដោយលោក ខៀវ តុលា ,លោក ជុំ កុសល ,លោកសយ សុភាព, លោកអៀង ស៊ីធុល បានធ្វើការកោះអញ្ជើញសិល្បករ-សិល្បការិនីមកចូលរួមប្រជុំ និងបោះឆ្នោតជ្រើសប្រធាន ក្នុងនោះដែរលោក អៀង ស៊ីធុល ត្រូវបានបោះឆ្នោតជ្រើសរើសអោយធ្វើជាប្រធានដឹកនាំសមា គមសិល្បករខ្មែរ។សមាគមសិល្បករខ្មែរបានចុះបញ្ជីរនៅក្នុងក្រសួងមហាផ្ទៃនិងទទួលបានកា រអនុញ្ញាតិអោយដំណើរការក្រោមការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល។

ប្រធានសមាគមសិល្ប​ករកម្ពុ​ជា​លោក សុះ ម៉ាច បន្តទៀតថា គោលបំណងរបស់សមាគមសិ​ល្បករខ្មែរគឺ អភិរក្ស អភិវឌ្ឍន៍លើកស្ទួយវិស័យសិល្បៈជាតិ និងការជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរាពិការបាត់បង់សមត្ថភាព និងបាត់ប​ង់​ជីវិតហើយនិងការរួមចំណែកជួយដល់សង្គមជាតិជាដើម។ នៅក្នុងលក្ខន្តិកះរបស់សមាគមសិ​ល្បករខ្មែរ គឺឈរលើជំហរអព្យាក្រឹត្យមិនលំអៀងទៅលើគណះបក្សនយោបាយណាមួយឡើ​យ តែគោរពតាមរដ្ឋធម្មនុញ្ញនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក សុះ ម៉ាច បាននិយាយទៀតថារហូតមកដល់ពេលនេះសមាគមសិល្បករខ្មែរបានដំ​ណើ​រការអស់រយះពេលជាង១០ឆ្នាំមកហើយហើយដែលឆ្លងកាត់ការដឹកនាំដោយប្រធានបីរូបក្រោ​មការបោះឆ្នោតក្នុងនោះមានលោក អៀង ស៊ីធុល (អាណត្តិទី១)លោក ម៉ិញ សុធីវណ្ណ(អាណ​ត្តិទី២)លោកដឹកនាំបានតែពាក់កណ្តាលអាណត្តិតែប៉ុណ្ណោះលោកក៏លាលែងដោយសាររវល់កា​រងាររីឯ ( អាណត្តិទី៣ និងទី៤)គឺខ្ញុំបាទ សុះ ម៉ាច ជាប្រធានសព្វថ្ងៃរួមទាំងក្រុមប្រឹក្សារចា​ស់​ថ្មីទាំង១១ រូបដែលធ្វើការដោយស័គ្រចិត្តគ្មានប្រាក់ខែឡើយហើយដែលក្នុងមួយអាណត្តិៗមានរយះពេលបីឆ្នាំ។

ប្រធានសមាគមរូបនេះបានរៀបរាប់ទៀតថា ខ្ញុំបាទសូមបញ្ជាក់ផងដែរសមាគមដំណើរការទៅ​​​បានរហូតសព្វថ្ងៃក៏ដោយមានការជួយឧបត្ថម្ភជ្រោជ្រែងពីសំណាក់សប្បុសជននានាក្នុងនោះរួមមានដូចជា៖ ឯកឧត្តម កែប ជុតិម៉ា អតីតអភិបាលរាជធានីផ្តល់ទីតាំងសមាគម ឧកញ៉ាបណ្ឌិត ជា រតនា ៤០លានរៀលជួយដល់អ្នកសិល្បៈចាស់ជរា៤០រូប ក្រុមហ៊ុនសប្បាយសំភារៈប្រើប្រាស់ អាណាចក្រតារា១៦លានរៀលព្រមទាំងអស់លោកមន្ត្រីរាជការឯកឧត្តមឧកញ៉ាលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាពលរដ្ឋក្នុងនិងក្រៅប្រទេសជាច្រើនទៀតដែលខ្ញុំបា​ទពុំបានរៀបរាប់ឈ្មោះដែលបានជួយឧបត្ថម្ភនៅអាណត្តិរបស់ខ្ញុំនិងអាណត្តិប្រធានមុនៗ។

លោក សុះ ម៉ាច បាននិយាយថា យើងទទួលបានជោគជ័យទាំងក្នុងសង្គមសិល្បះនិងសង្គមជា​តិរហូតទទួលបានការគាំទ្រនិងកោតសរសើរពីគ្រប់មជ្ឈដ្ឋាននានាទាំងក្នុងនិងក្រៅប្រទេស។ ប៉ុន្តែមួយរយៈក្រោយនេះដោយសារមានអ្នកសិល្បៈខ្លះបានភ្ជាប់ខ្លួនទៅនិងគណះបក្សនយោបាយដែលពួកគាត់មានសិទ្ធិគាំទ្រនិងបម្រើដូចប្រជាពលរដ្ឋដទៃដែរប៉ុន្តែដោយសារតែមានអ្នកសិល្បៈមួយចំនួនខ្លះបានធ្វើការរិះគន់និងវាយប្រហារទៅលើគណះបក្សនិងមេដឹកនាំគណះបក្សផ្សេងៗហួសពីព្រំដែននៃក្រមសីលធម៌និងសុជីវធម៌ធ្វើអោយទទួលរងនូវការរិះគន់វាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់ពលរដ្ឋដែលប្រកាន់និន្នាការគណះបក្សនយោបាយព្រមទាំ​ងប្រជាពលរដ្ឋដែលមានជំហរអព្យាក្រឹត្យនិងការឈ្លោះតតាំងគ្នាជាសារធារណះរវាងអ្នកសិ​ល្បៈនិងមហាជន រវាងអ្នកសិល្បៈនិងអ្នកសិល្បៈ ជាដើមនេះធ្វើអោយបាត់បង់នូវការគាំទ្រ បាត់បង់នូវតំលៃនៃសិល្បៈវាធ្វើអោយប៉ះពាល់កិត្តិយសដល់អ្នកសិល្បៈដទៃដែលស្អាតស្អំថ្លៃថ្នូរបំពេញតួនាទីសក្តិសមជាមនុស្សគំរូរបស់សាធារណៈ៕

ប្រភព ៖
Khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload