ឪពុក ទៀត គឹមហេង ចេញមុខមកសុំទោសចំពោះការរិះគន់ខុសទៅលើលោក សៅ សុខា

លោក ទៀត ចំរើន ដែលជាឪពុកបង្កើតរបស់កីឡាករ ទៀត គឹមហេង នៃក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ(U16កម្ពុជា) ត្រូវបានអញ្ជើញដោយផ្ទាល់ពីខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ដើម្បីឲ្យមកបំភ្លឺចំពោះការសរសេរសារបែបរិះគន់មួយទៅលើសេចក្តីថ្លែងការណ៍មួយរបស់លោក សៅ សុខា ប្រធាន FFC នៅក្នុងការសំណេះសំណាលជាមួយក្រុមU16កម្ពុជា និងអាណាព្យាបាលរបស់ពួកគេ កាលពីចុងសប្តាហ៍មុន។

mm1

នៅក្នុងពិធីសំណេះសំណាល និងពិសារអាហារសាគ្គីជុំគ្នាពេលល្ងាច នៅភោជនីយដ្ឋានទន្លេបាសាក់២ កាលពីថ្ងៃទី១២ ខែសីហា កន្លងមកនេះ លោក សៅ សុខា បានលើកឡើងជាច្រើនជុំវិញបាល់ទាត់នៅកម្ពុជា ហើយនៅក្នុងឱកាសនោះ លោកក៏បាននាំយកថវិការបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រគល់ជូនដល់មន្រ្តីកីឡា គ្រូបង្វឹក និងកីឡាករនៃក្រុមU16កម្ពុជា ក្នុងម្នាក់ៗចំនួន១ពាន់ដុល្លារផងដែរ។

mm2

លោក សៅ សុខា បានបញ្ជាក់ថា៖«នៅសាលាបាល់ទាត់បង្រៀនមួយចប់ ហេតុនេះសំណាងហើយដែលកូនរបស់ពូមីងបងៗ បានចូលមករៀននៅសាលាកីឡាបាល់ទាត់ ព្រោះទៅថ្ងៃក្រោយទៅ គាត់ក្លាយជាមនុស្សជឿនលឿននៅក្នុងសង្គមតែម្តង។
សហព័ន្ធបាល់ទាត់កម្ពុជា មិនមែនយកក្មួយៗតែមករៀនទាត់បាល់នោះទេ ប៉ុន្តែយកមករៀនអក្សរ ហើយបើរៀនមិនពូកែមុខវិជ្ជាណាមួយ យើងជួលគ្រូបង្រៀនបន្ថែមទៀត។

mm3

ខ្ញុំជឿថា ឪពុកម្តាយគ្រប់រូប មិនមែនសុទ្ធតែមានលទ្ធភាពទាំងអស់នោះទេ អ្នកខ្លះមានលទ្ធភាពឲ្យកូនគេរៀនសាលាល្អបាន តែអ្នកខ្លះទៀត ដូចយើងបានដឹងហើយ អ្នកខ្លះមកពីខេត្តបន្ទាយមានជ័យ ខ្លះមកពីកោះកុង ខ្លះមកពីរតនៈគីរី អញ្ចឹងមានសាលាល្អៗឯណាឲ្យកូនរៀន ប៉ុន្តែកូនមករៀននៅទីនេះ ខ្សោយមុខវិជ្ជាអីសហព័ន្ធបាល់ទាត់កម្ពុជា ជួលគ្រូឲ្យមកបង្រៀនបន្ថែម»។

mm4

ជាមួយការថ្លែងនេះ លោក ទៀត ចំរើន(Teath Chomroeun) បានសរសេរសារមួយផ្ញើទៅកាន់ផេកហ្វសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលមានខ្លឹមសារជារួមចំនួន២ចំណុច គឺទី១ថា លោក សៅ សុខា បានមើលងាយដល់ឪពុកម្តាយក្រុមU16 និងទី២ថា រដ្ឋបាលរបស់សាលាកីឡាបាល់ទាត់ជាតិ កំពុងតែកេងប្រវ៉ាញ់ញើសឈាមក្មេងៗនៃក្រុមU16 កម្ពុជា។

mm5

យ៉ាងណាក៏ដោយ ក្រោយការចុះឲ្យស្តាប់ឡើងវិញ នៃការថ្លែងរបស់លោក សៅ សុខា រួមទាំងមានការពន្យលបន្ថែមពីលោក គល់ សុផាន់ណា អគ្គលេខាធិការ FCC និងលោក ម៉ៃ តុលា អ្នកនាំពាក្យ FCC នៅក្នុងសន្និសីទកាសែត នៅពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញនោះ លោក ទៀត ចំរើន បានធ្វើការសុំទោសចំពោះលោក សៅ សុខា ដោយលោកបានបញ្ជាក់ថា អ្វីដែលលោកបានសរសេររិះគន់នោះ ដោយសារលោកមានការភាន់ច្រឡំ ទៅនឹងការលើកឡើងរបស់លោក សៅ សុខា។

mm6

ក្រៅពីការសុំទោស និងទទួលស្គាល់នៅកំហុសរបស់ខ្លួននោះ លោក ទៀត ចំរើន ក៏នឹងមិនយកកូនរបស់គាត់គឺខ្សែប្រយុទ្ធ ទៀត គឹមហេង ចេញពីសាលាកីឡាបាល់ទាត់ជាតិនោះដែរ ដោយលោកផ្តល់សិទ្ធិឲ្យ ទៀត គឹមហេង ជាអ្នកសម្រេចដោយខ្លួនឯង។ ជាមួយគ្នានោះ ទៀត គឹមហេង បានឡើងនិយាយថា គេនឹងបន្តហ្វឹកហាត់នៅសាលាកីឡាបាល់ទាត់ជាតិ នៅបាទីទៀត ដោយគេបានបញ្ជាក់ថា៖«ខ្ញុំនឹងបន្តហាត់បាល់ទាត់នៅទីនេះទៀត ព្រោះក្តីស្រមៃរបស់ខ្ញុំគឺចង់ក្លាយជាកីឡាករដ៏ល្បីឈ្មោះម្នាក់ទៅថ្ងៃអនាគត»។

ចំណែក លោក កែវ សារ៉េត នាយកគ្រប់គ្រងមជ្ឈមណ្ឌលកីឡាបាល់ទាត់ជាតិបាទី បានធ្វើការអះអាងធានាថា បុគ្គលិក និងអ្នកធ្វើការងារនៅសាលាកីឡាបាល់ទាត់ជាតិ មិនបានកេងប្រវ៉ាញ់ថវិកាសូម្បីមួយសេនពីក្រុមU16កម្ពុជា ព្រោះអ្វីៗយើងបានធ្វើទៅតាមច្បាស់ដែលបានកំណត់យ៉ាងច្បាស់លាស់៕

mm7

The post ឪពុក ទៀត គឹមហេង ចេញមុខមកសុំទោសចំពោះការរិះគន់ខុសទៅលើលោក សៅ សុខា appeared first on CamboSport.