នៅភ្នំគូលែន​កំពុងកាប់​ឈើ​​តាម​​ចិត្ត​

ខេត្តសៀមរាប​ ៖ បច្ចុប្បន ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ភ្នំ​គូលែន​ កំពុង​តែ​កើត​ឡើងជា​បន្តបន្ទាប់ ជា​រឿយ​ៗ​គេ​កាប់​បំផ្លាញ​ព្រៃឈើ​ធំ​ៗ ​ហើយ​គេ​កើន​មនុស្ស​ទៅ​ដាំ​កូន​ឈើតិចតួច​វិញ ដើម្បី​បង្ហាញ​ស្នាដៃ​សកម្មភាព​នេះ​ កំពុង​តែ​បង្ក​មហន្តរាយ​ដល់​តំបន់​ប្រាសាទអង្គរវត្ត ពីព្រោះ​បើ​ព្រៃឈើ​បាត់បង់​តំបន់​អង្គរ នឹង​ជួប​ហានិភ័យ​ខ្ពស់ ​ដោយ​គ្រោះ​ធម្មជាតិ​ជា​មិន​ខាន​ឡើយ​ ។

លោក វិបុល ប្រធាន​ស្នាក់​ការ​បរិស្ថាន​ភ្នំ​គូលែន ដែល​ជា​មន្ត្រី​កិច្ច​សិ​ន្យាបានឱ្យ​ដឹង​ថា កន្លង​មក ការ​អភិរក្ស​ព្រៃឈើ​នៅ​តំបន់​ភ្នំ​គូលែន​​នេះ យើង​ធ្លាប់​រួម​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ ប្ដូរ​មុខរបរ​ពី​ការ​កាប់​ឈើ​លក់ ​និង​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ឱ្យមក​ធ្វើ​មុខរបរ​របស់​វិស័យ​ទេសចរណ៍​វិញ​ ។ 

ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​បញ្ហា​បាត់បង់​ព្រៃឈើ (​ព្រៃ​សេះ​)​ នៅ​តំបន់​ភ្នំ​គូលែន​ប៉ុន្មាន​ហិ​កតា​ថ្មី​ៗ​នេះ លោក​ថា គឺ​ដោយសារ​មន្ត្រី​កិច្ច​សិ​ន្យា​ចាស់​ៗ​មួយ​ចំនួន​ត្រូវ​បាន​ដក​ចេញ ហើយ​មន្ត្រី​ថ្មី​មិន​ទាន់​ប្រកាស​ចូល​មក​ធ្វើការ​វិញ ខណៈ​រដូវ​ដែល​ពលរដ្ឋ​កាប់​ព្រៃ​ធ្វើ​ចំការ​កម្លាំង​យើង​មាន​តិច​ខ្វះ​យានជំនិះ​ចុះ​ល្បាត ម្យ៉ាងវិញទៀត​ អាជ្ញាធរ​ពាក់ព័ន្ធ​មិនសូវ​ស៊ីសង្វាក់​នឹង​យើង​ទៀត​នោះ វា​ឱកាស​ធ្វើ​ឱ្យ​ជន​ខិល​ខូច​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ភ្នំ​គូលែន​នេះ​តែ​ម្តង​ ។

ជុំវិញ​​ករណី​ខាងលើ លោក​អភិបាលស្រុក​ស្វាយ​លើ​បានឱ្យ​ដឹង​ដែរ​​ថា ចំពោះ​វិធានការ​ទប់ស្កាត់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ភ្នំ​គូលែន​នេះ គឺ​អាច​ធ្វើ​បាន​យ៉ាង​ស្រួល​ប្រ​សិន​មន្ត្រី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​អនុវត្ត​តួនាទី​របស់​ខ្លួន​បាន​ត្រឹមត្រូវ និង​មិន​ចូល​ដៃ​ជើង​ជាមួយ​ជនខិលខូច ពិតជា​មិន​អាច​បាត់បង់​ព្រៃឈើ​ទេ ។  លោក​បាន​បន្ត​ថា ពាក់ព័ន្ធ​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​នោះ បើសិនជា​ខាង​ស្រុក​យើង​លូកដៃ​វាប៉ះ​​ពាល់​ដល់​ជំនាញ​គេ​ឈរជើង​នៅ​ទីនោះ អ៊ីចឹង​​យើង​ក៏​ពិបាក​ដែរ​។