អាសូរ​ណាស់​ម្ចាស់​ថ្លៃ! កើត​ខុស​ខែ​ថ្ងៃ ​ស្លាប់​៤​នាក់ក្នុង​ខ្ទម​ស្រែតែមួយ

ខេត្តកំពង់ឆ្នាំង ៖ នៅ​ក្នុង​ខ្ទម​ចាំ​ស្រែ​មួយ​ក្រោម​ម្លប់​ដើម​សុ​ព័រ​ដ៏​ធំ​មួយ​ដើម ស្ថិត​នៅ​ចំណុច​ដី​មួយ​កន្លែង​ក្នុងភូមិ​ព្រៃ​សំពៅ ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ ខណៈ​ដែល​មនុស្ស​៥​នាក់ បាន​រៀបចំ​ពិសា​បាយ​ថ្ងៃត្រង់​ជាមួយ​គ្នា បន្ទាប់​ពី​បាន​ភ្ជួរ​រាស់ ដក ស្ទង រួចរាល់​ហើយ កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី រសៀល​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៦ ស្រាប់តែ​ជន​រង​គ្រោះ​៤​នាក់បាន​ដេក​ដួល​ស្លាប់​ភ្លាម​មួយ​រំពេច ដោយសារ​តែ​ត្រូវ​រន្ទះបាញ់ គួរ​អោយ​អាណោចអាធ័មជាទី​បំផុត លើកលែងតែ​យុវជន​ម្នាក់​រួច​ជីវិត​ពី​គ្រោះ​ធម្មជាតិ​ដ៏​សាហាវ​មួយ​នេះ ។

យោង​តាម​សាក្សី​ដែល​នៅ​រស់រាន​មានជីវិត​ម្នាក់ ក្នុង​ចំណោម​៥​នាក់ ឈ្មោះ ជី ទិ អាយុ​១៨​ឆ្នាំ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​យើង​ទាំង​៥​នាក់ ដែល​មិនមែន​ជា​សាច់ញាត្តិ​នឹង​គ្នា តែ​ជា​អ្នកមាន​ដីស្រែ​ជាប់​គ្នា បាន​សម្រាក​ពី​ស្រែ មាន​ខ្លះ​ភ្ជួរ ខ្លះ ដក​ស្ទូង​ជាដើម បាន​មក​ជួបជុំ​គ្នា ក្នុង​ខ្ទម​ស្រែ​ជា​ចំណុច​កើតហេតុ ដើម្បី ត​ហូប​បាយ​ជុំ​គ្នា ។ ក្នុង​ពេល​នោះ បាន​អង្គុយ​ជុំ​គ្នា រៀបចំ​លា​បង្វិច​បាយ​រៀង​ៗ​ខ្លួន ចំណែក​រូប​គាត់ ទ្រង់​អស់កម្លាំង​បន្តិច បាន​ប្រាស់ដេក​តម្រង់​ខ្នង​ក្បែរ ពួក​គេ ដោយ​មិន​ទាន់​ងើប​អង្គុយ​លា​កញ្ចប់​បាយ​នៅឡើយ​ទេ ខណៈនោះ​មេឃ​ចាប់ផ្តើម​ង​ងិ​ត ស្លុប​ពីលើ ហើយ​បាន​ធ្លាក់​ភ្លៀង​តិច​ៗ ដូច​រលឹម​ផ្សែង​ក្រូច ស្រាប់តែ​រំពេច​នោះ មាន​ផ្លេកបន្ទោ ឆា្វ​ច់​ឡើង​! រន្ទះបាញ់​លាន់ឮ​សូរ​គ្រាំ​ង​! ឡើង​ហឹ​ង​ត្រចៀក រូប​គាត់​មើលទៅ​មនុស្ស​ទាំង​៤​នាក់ បាន​ដួលព្រម​គ្នា នៅ​ក្បែរខ្លួន​គាត់ ។ បន្ទាប់​មកគាត់​បាន​ព្យាយាម​ដាស់​តែ​គ្មាន​អ្នក​ណា​ម្នាក់​ដឹងខ្លួន​ឡើយ គឺ​បាន​ស្លាប់​ទាំងអស់ ។ គាត់​បាន​រត់​កាត់​ស្រែ មក​ហៅ​ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ ឲ្យ​មក​ជួយ ហើយក៍​បាន​ដឹក​សាកសព ទាំង​៤​នាក់ មក​ដាក់​ដំកល់​នៅ វត្ត​ព្រៃ​សំពៅ ជា​បណ្តោះអាសន្ន មុន​ពេល​ក្រុម​គ្រួសារ​មក​ដល់ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ គ្មាន​អ្នក​ណា​ម្នាក់​ប្រើប្រាស់ ទូរស័ព្ទ​ដៃ ឬ​មាន​កាន់​ដែក​អ្វី​ទេ ដែល​អាច​ចម្លង​ចរន្ត​អគ្គី​ស​នី​បាន​នោះ​ទេ គឺ​ខ្ទម​ស្រែ​កន្លែង​កើតហេតុ​នោះ​មាន​ដើម​សុ​ព័រ គ្រប​ពីលើ​តែ​ប៉ុណ្ណោះ ។

បើ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា បុរស​ដែល​ស្លាប់​បាត់បង់​ជីវិត​មាន ៖ ១,​ឈ្មោះ ម៉ៅ សា​រ៉េ​ត ហៅ ហាត អាយុ​៥៤​ឆ្នាំ ២,​ឈ្មោះ ម៉ៅ ចាន់​ថា អាយុ​១៧​ឆ្នាំ ៣,​ឈ្មោះ ចំ ពិសី អាយុ​២១​ឆ្នាំ និង​៤​ឈ្មោះ សាត ជុំ អាយុ​២៩​ឆ្នាំ ទាំង​៣​នាក់​នៅ​លីវ ។ ជន​រង​គ្រោះ​ទាំងអស់ មាន​ទីលំនៅ ភូមិ​ព្រៃ​សំពៅ
ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ ។

បើ​តាម​គណៈ​កម្មក​វត្ត​ព្រៃ​សំពៅ​បានអោយ​ដឹង​ថា ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទាំង​៤​នាក់ នឹង​ធ្វើ​បុណ្យសព​រួម​គ្នា គ្រាន់តែ​ធ្វើ​ទីកន្លែង​បូជាសព​ខុស​គ្នា​ៗ តែ​នៅ​ក្នុង​វត្ត ព្រៃ​សំពៅ​ជាមួយ​គ្នា ព្រោះតែ​ពួក​គាត់​មាន​ជីវភាព​ក្រីក្រ​ណាស់ ។ រីឯ​សមត្ថកិច្ច​នគរបាល​ស្រុក បាន​ទៅ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព​ទាំង​៤​នាក់​មុន​នឹង​ប្រគល​អោយ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕