ភោជនីយដ្ឋាន​មួយ​នៅ​ផ្លូវជាតិ​៦​Aត្រូវ​ភ្លើង​ឆេះជាន់ទី១អស់ទាំងស្រុង

សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា ស្ថិត​ក្នុងភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​កាលពី​វេលា​ម៉ោង​ប្រមាណ​៣ និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៦ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ភោជនីយដ្ឋាន យីហោ «​អាល័យ​ថ្ងៃត្រង់​» ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ជាន់​ទី​១​រហូត​អស់ទាំង​ស្រុង ខណៈរថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៧​គ្រឿង​ចេញ​ទៅ​អន្តរាគមន៍ ក្នុង​នោះ​របស់​សាលាក្រុង​៣​គ្រឿង និង​របស់​ក្រុមហ៊ុន OCIC ៤​គ្រឿង ប៉ុន្តែ​បាញ់​អស់​តែ​២​គ្រឿង​ប៉ុណ្ណោះ​ដើម្បី​ទប់ស្កាត់​កុំ​ឆេះ​រាលដាល​ដល់​កន្លែង​ដទៃ​ទៀត ។

តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ឆេះ​នេះ​អាច​បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ៕