មនុស្ស​៤​នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​ជាមួយគ្នា​នៅក្នុង​ខ្ទម​ស្រែ​ពេល​មេឃងងឹត​ជិត​ភ្លៀង​

ខេត្តកំពង់ឆ្នាំង៖ មនុស្សប្រុស៤នាក់ដែល៣នាក់ជាយុវជនត្រូវបានរន្ទះបាញ់ស្លាប់ជាមួយគ្នានៅក្នុងខ្ទមស្រែនៅពេលពួកគេឡើងមកពីភ្ជួររាល់អង្គុយនៅក្នុងខ្ទមស្រែ រឿងដែលអស្ចារ្យទៀតនោះគឺមានយុវជនម្នាក់ទៀតកំពុងដេកនៅក្នុងខ្ទមស្រែនោះដែរ នៅក្នុងហេតុការនេះមិនមានគ្រោះថ្នាក់អ្វីឡើយ។ ករណីគ្រោះថ្នាក់ដោយរន្ទះបាញ់ខាងលើនេះបានកើតឡើងនៅម៉ោង១២និង៤៥នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅក្នុងខ្ទមចាំស្រែក្នុងភូមិព្រៃសំពៅ ឃុំប្រស្និប ស្រុករលាប្អៀរ។

 

យុវជនឈ្មោះ ជី ទិ អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិឃមកើតហេតុខាងលើ និងស្ថិតនៅដោយផ្ទាល់ក្នុងហេតុការណ៍រន្ទះបាញ់នេះ បាននិយាយអោយដឹងថា៖ មុនពេលកើតហេតុផ្ទៃមេឃងងឹតខ្យល់បោកបក់ជិតភ្លៀង នៅពេលនោះជនងរងគ្រោះទាំង៤នាក់បានឡើងមកពីភ្ជួររាស់ក្នុងស្រែ មកអង្គុយជុំគ្នាប្រុងប្រៀបហូបបាយ ចំណែកប្អូន( ជី ទិ ) កំពុងដេកលេងនៅកៀនគេក្នុងខ្ទមស្រែ។ ខណៈនោះស្នូររន្ទះក្ឌាំងបានផ្ទុះឡើង យ៉ាងហឹងត្រចៀក នៅពេលនោះជនរងគ្រោះទាង៤នាក់ដែលកំពុងតែអង្គុយក៏បានដួលដេកស្លាប់ទាំងអស់គ្នាភ្លាមៗតែម្តង គឺប្អូនខំអន្រួនហៅគ្រប់ៗគ្នាគ្មានអ្នកណាដឹងខ្លួនឡើយ ចំណែកដំបូលខ្ទមស្រែអត់មានរបើកខូចខាតអ្វីឡើយ។ បន្ទាប់មកប្អូនក៏បានដើរហៅអ្នកស្រុក និងសាច់ញាតិជនរងគ្រោះដឹកជនរងគ្រោះមកដាក់ក្នុងវត្តព្រៃសំពៅទាំង៤នាក់ដើម្បីធ្វើបុណ្យទានតាមប្រពៃណី។

 

នៅក្នុងសាលាបុណ្យវត្តព្រៃសំពៅ នៅរសៀលថ្ងៃទី១៦ ខែសីហានេះ គេឃើញក្រុមគ្រួសារជនរងគ្រោះបានយំស្រែកសោយស្តាយអាឡោះអាល័យជនរងគ្រោះគួរអោយសង្វែកណាស់ ដោយសពទាំង៤នាក់ត្រូវបានគេដាក់តម្រៀមគ្នាជាជួរគួរអោយរន្ធត់។

 

ក្រុមគ្រួសារនិងអ្នកភូមិបានអោយដឹងថា ជនរងគ្រោះទាំង៤នាក់ ១.ឈ្មោះ ម៉ៅ សារ៉េត ហៅហាត អាយុ៥៤ឆ្នាំ មានប្រពន្ធ និងកូន៤នាក់ ២.ឈ្មោះ សាត ជុំ អាយុ២៣ឆ្នាំ៣.ឈ្មោះ ចំ ពិសី អាយុ២១ឆ្នាំ និង៤ឈ្មោះ ម៉ៅ ចាន់ថា អាយុ១៧ឆ្នាំ ពួកគេទាំង៣នាក់នៅលីវ និងពួកគេទាំង៤នាក់គឺជាគ្រួសារមានជីវភាពក្រីក្រនៅក្នុងភូមីឃុំ។

 

016a6 016a9 016a8 016a7

 

សពជនរងគ្រោះទាំង៤នាក់ត្រូវបានក្រុមគ្រួសារធ្វើបុណ្យជុំគ្នានៅក្នុងវត្តព្រៃសំពៅឃុំប្រស្និប ស្រុករលាប្អៀរ។ ករណីនេះអ្នកភូមិបាននិយាយថារន្ទះបាញ់នេះជារន្ទះទឹក ជនរងគ្រោះស្លាប់គឺទន់ខ្លួន និងគ្មានស្លាកស្នាមរបួសត្រង់ណាឡើយ ៕ ( រិទ្ធិជ័យ )