រដ្ឋមន្ត្រី​ថាមពល​ឥណ្ឌូនេស៊ី​អស់តំណែង ដោយសារ​មាន​សញ្ជាតិ​ពីរ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-16-2016, 5:20 pm         404

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋមន្ត្រី​ថាមពល​ឥណ្ឌូនេស៊ី​អស់តំណែង ដោយសារ​មាន​សញ្ជាតិ​ពីរ​​ទើបតែ​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​មិនទាន់បាន​មួយខែ​ផង រដ្ឋមន្ត្រី​ថាមពល និង​ធនធាន​រ៉ែ លោក Archandra Tahar ក៏ត្រូវ​បាន​ដក​ចេញពី​តំណែង​ភ្លាមៗ នៅក្រោយ​ការលេចឡើង​ព័ត៌មាន​ថា លោក​មាន​សញ្ជាតិ​ដល់​ទៅ​ពីរ​។ យោងតាម​ច្បាប់​ឥណ្ឌូណេស៊ី ពលរដ្ឋ​គ្រប់​រួប មិន​អាចមាន​សញ្ជាតិ​ពីរ​ឡើយ ស្របពេល​លោក Archandra Tahar ត្រូវ​រាយការណ៍​ថា មាន​សញ្ជាតិ​ឥណ្ឌូណេស៊ី និង​អាមេរិក ក្នុងពេល​តែមួយ​។

​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) បានបញ្ចប់​តំណែង​លោក Archandra Tahar ជា​រដ្ឋមន្ត្រី​ថាមពល និង​ធនធាន​រ៉ែ​ហើយ​នៅ​ថ្ងៃទី​១៥ ខែសីហា បន្ទាប់ពី​លោក​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី ក្នុងការ​រុះរើ​គណរដ្ឋមន្ត្រី​កាលពី​ខែ​មុន​។ លោក Archandra ត្រូវអស់​តំណែង ដោយសារតែ​របាយការណ៍ ដែល​លេចឡើង​នៅ​ចុង​សប្ដាហ៍​មុន ទាក់ទិន​នឹង​បញ្ហា​សញ្ជាតិ​ពីរ​របស់លោក​។

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​វិមាន​ប្រធានាធិបតី លោក Pratikno ជា​រដ្ឋមន្ត្រី​ម្នាក់​និយាយថា ជាការ​ឆ្លើយតប​និង​មតិសាធារណ​ជុំវិញ​សញ្ជាតិ​របស់លោក Archandra និង​បន្ទាប់ពី​ពិចារណា​លើ​ព័ត៌មាន​ពី​ប្រភព​ផ្សេងៗ ប្រធានាធិបតី វី​ដូ​ដូ បានសម្រេច​ចិត្ត​ដក​លោក Archandra ពី​តំ​ណែ​រដ្ឋមន្ត្រី​ថាមពល និង​ធនធាន​រ៉ែ​។ លោក Pratikno បន្ថែមថា រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​សមុទ្រ លោក Luhut Pandjaitan នឹង​ទទួល​ភារកិច្ច​ជា​រដ្ឋមន្ត្រី​ស្ដីទី នៅមុន​ការតែងតាំង​រដ្ឋមន្ត្រី​ថ្មី​។​

​សារព័ត៌មាន​រដ្ឋ​ឥណ្ឌូណេស៊ី Antara រាយការណ៍​ថា លោក Archandra Tahar បាន​បោះបង់​សញ្ជាតិ​អាមេរិក​របស់លោក​រួច​ទៅហើយ​។ ពេលនេះ លោក Archandra Tahar ក៏មាន​លិខិតឆ្លងដែន​ឥណ្ឌូណេស៊ី ដែលមាន​សុពលភាព​ដល់​ឆ្នាំ​២០១៧​ផងដែរ​។​

​បើតាម​សារព័ត៌មាន Channel NewsAsia លោក Archandra Tahar ជា​អតីត​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​វិស្វករ Petroneering ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ Texas​។ លោក ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ថាមពល និង​ធនធាន​រ៉ែ ក្នុងការ​រុះរើ​គណៈរដ្ឋមន្ត្រី​របស់លោក​ប្រធានាធិបតី វី​ដូ​ដូ កាលពី​ខែកក្កដា ដែល​នោះ​ជាការ​រុះរើ​សមាជិក​គណៈ​រដ្ឋមន្ត្រី​លើក​ទី​ពីរ ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។​

​លើសពីនេះ ការដក​លោក Archandra Tahar ចេញពី​តំណែង​រដ្ឋមន្ត្រី​ថាមពល និង​ធនធាន​រ៉ែ ទាំង​កាន់តំណែង​មិនបាន​បី​សប្ដាហ៍​ផង​នោះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី រង​អាម៉ាស់ ដោយសា​សរ​តែ​ការធ្វេសប្រហែស​មិនបាន​យកចិត្តទុកដាក់​លើ​ការងារ​របស់ខ្លួន​។ ហើយ​រដ្ឋាភិបាល ហាក់​បរាជ័យ​មិនបាន​ត្រួតពិនិត្យ​ឲ្យ​ដិតដល់​លើ​បញ្ហាសំខាន់​បែបនេះ​៕