ព័ត៌មាន​លម្អិត​ពី​ករណី​បាញ់​សម្លាប់​ប្អូនជីដូនមួយ ខៀវ សុខា​រ៉ា​វី

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ក្នុង​នោះ​មាន​ម្នាក់​ជា​ប្អូនប្រុស​បង្កើត​របស់​តារា​សម្តែង ខៀវ សុខា​រ៉ា​វី ត្រូវ​បាន​លោក កុ​ល បុ​ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​ករណី​បាញ់​បុរស​ម្នាក់​នៅ​ក្នុង​ម៉ាត​ក្បែរ​ផ្សារ​រាត្រី ក្នុង​ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ១-​ឈ្មោះ ផុ​ន ភក្តី ជា​មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ (​ជា​ជន​ដៃដល់​) ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​មរណភាព​នៃ​ជន​រង​គ្រោះ តាម​មាត្រា​២២៤ នៃ​ក្រមព្រហ្មទណ្ឌ ។ ២-​ឈ្មោះ ខៀវ ថន​វ៉ា​ន់​ឌី ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​តារា​សម្តែង​នាង ខៀវ សុខា​រ៉ា​វី និង ៣-​ឈ្មោះ​និ​ន រិ​ន ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ហិង្សា​ដោយ​ចេតនា និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត តាម​មាត្រា​២៨១ នៃ​ក្រមព្រហ្មទណ្ឌ និង មាត្រា​២០ ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ។ ក្រោយ​ពី​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ​នោះ សំណុំរឿង​នេះ​នឹង​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាស​ន្ត ។

 ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀ​ថា ទាក់ទិន​នឹង​ហេតុ​ការ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១៣ សីហា ២០១៦ នៅ​ចំណុច​មី​នី​ម៉ាត ផ្ទះ​លេខ​165Eo ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ខណ្ឌដូនពេញ ក្បែរ​ផ្សា​រាត្រី ដំបូង​ឈ្មោះ ផុ​ន ភក្តី ត្រូវ​បាន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ចាត់តាំង​ឲ្យ​ទៅ​យាម​ប្រចាំការ​នៅ​បារ​បារាំង​មួយ​កន្លែង​យីហោ ហ្ស៊ូ​ណា មាន​អាសយដ្ឋាន​នៅ​ម្តុំ​ព្រះ​បរមរាជវាំង ។ លុះដល់​យប់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៦ ម្ចាស់​បារ ហ្ស៊ូ​ណា បាន​ទូរស័ព្ទ​ហៅ​ឈ្មោះ ផុ​ន ភក្តី ឲ្យ​មក​ជា​បន្ទាន់ ព្រោះ​មាន​ក្រុម​ក្មេង​ស្ទាវ​៦​នាក់ រួម​ទាំង​ប្អូនប្រុស​តារា​សម្តែង ខៀវ សុខា​រ៉ា​វី ម្នាក់​ផង បាន​ចូល​ទៅ​អុកឡុក​ក្នុង​បារ ហ្ស៊ូ​ណា ។ ពេល​នោះ​ឈ្មោះ ផុ​ន ភក្តី មក​ដល់ តែ​ក្រុម​អុកឡុក​បាន​ចាកចេញ​ទៅ​បាត់​អស់ ។ ក្រោយ​ពី​ដឹង​ថា​ក្រុម​អុកឡុក​នោះ​ចេញ​ផុត​អស់ ឈ្មោះ ផុ​ន ភក្តី ក៏​ជិះ​ម៉ូតូ​ទៅ​តាម​ជូ​ប​ក្រុម​ប្អូន ខៀវ សុខា​រ៉ា​វី ដែល​កំពុង​នាំ​គ្នា​អង្គុយ​ផឹកស៊ី​នៅ​ក្នុង​មី​នី​ម៉ាត​ដែល​ជា​ចំណុច​កើតហេតុ ។ ឈ្មោះ ផុ​ន ភក្តី ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ចូល​ទៅ​ជូ​ប​ក្រុម​នោះ​នៅ​ក្នុង​មី​នី​ម៉ាត​ក៏​កើត​មាន​ជម្លោះ​រហូត​ឈាន​ដល់​ការ​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ភាគី​ក្រុម​ប្អូន​នាង ខៀវ សុខា​រ៉ា​វី បាន​ប្រើ​ដំបង និង​ស្ទុះ​ទៅ​យក​កាំភ្លើង​ម៉ាក​កា​៥៩​មក​បម្រុង​បាញ់​ឈ្មោះ ផុ​ន ភក្តី ។ ដោយសារ​ឈ្មោះ ផុ​ន ភក្តី មាន​តែ​ម្នាក់ឯង រីឯ​ភាគី​ម្ខាង​ទៀត​មាន​គ្នា​ដល់​ទៅ​៦​នាក់ ឈ្មោះ ផុ​ន ភក្តី បាន​សម្រេចចិត្ត​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បាញ់​ចំនួន​២​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​ឈ្មោះ សឺ​ន ចាន់​ដា​រ័​ត្ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន អចលនទ្រព្យ ដែល​ត្រូវជា​ប្អូនជីដូនមួយ​របស់​នាង ខៀវ សុខា​រ៉ា​វី ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទី​ពេទ្យ​ព្រះ​កេតុមាលា ៕