សព​ស្ត្រី​ដែល​អតីត​ប្តី​ចុង​អា​រក​សម្លាប់ ត្រូវ​បាន​បូជា​រួចរាល់​ហើយ

រាជធានី​ភ្នំពេញ ៖ បើ​គិត​មក​ត្រឹម​វេលា​រសៀល​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៦​នេះ សព​ស្ត្រី​ម្នាក់​ដែល​ត្រូវ​អតីត​ប្តី​ចុង​អា​រក​សម្លាប់​ព្រោះតែ​ការ​សុំ​រួម​រស់នៅ​ជាមួយ​គ្នា​វិញ​មិន​បាន នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ នោះ​ត្រូវ​បាន​បូជា​រួចរាល់​ជា​ស្ថាពរ​ហើយ នៅ​ឈាបនដ្ឋាន នៃ​វត្ត​សំបួរមាស ស្ថិត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​សោកស្តាយ​ពី​ក្រុម​គ្រួសារ​សាច់ញាតិ​ផង​ដែរ​។

នៅ​ក្នុង​ឱកាស​ខាងលើ​នេះ​លោកស្រី កែ ចាន់​ដួង តំណាង​លោក​ជំទាវ ម៉ក់ វណ្ណ​ស៊ី​ថា ប្រធាន​មន្ទីរ​កិច្ចការ​នារី​ដើម្បី​អភិវឌ្ឍន៍​សង្គម រាជធានី​ភ្នំពេញ អមដំណើរ​ដោយ​លោកស្រី ច​ន គ​ន្ធា ប្រធាន​សមាគម​ន៍​នារី ខណ្ឌមានជ័យ និង​លោក សេង សាញ់ ចៅសង្កាត់​ស្ទឹង​មាន​ជ័យ បាន​យក​បច្ច័យ​ទៅ​ចូលរួម​បុណ្យសព ដើម្បី​ជា​ការ​ចូលរួម​រំលែក​ទុក្ខ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

ថវិកា​គណៈកម្មាធិការ​សាខាសមាគម​ន៍​នារី​រាជធានី​ចំនួន​៥០​ម៉ឺន​រៀល លោកស្រី ច​ន គ​ន្ធា ប្រធាន​សមាគម​ន៍​នារី​ប្រចាំ​ខណ្ឌ និង ភរិយា​លោក ពេ​ជ្យ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ បាន​ចូលរួម​រំលែក​ទុក្ខ​នូវ​បច្ច័យ​ចំនួន​៤០​ម៉ឺន​រៀល លោក សេង សាញ់ ចៅសង្កាត់​ស្ទឹង​មាន​ជ័យ រួម​ទាំង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​នៃ​សព​នូវ​បច្ច័យ​ចំនួន​២០​ម៉ឺន​រៀល​ផង​ដែរ​។

គួរ​រំលឹក​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​មានឈ្មោះ សុខ សុ​ឃិ​ន ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​ជា​ថៅកែ​ម៉ាស្សា​នៅ​កន្លែង​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ភូមិ​វាល ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ រូប​នាង​ត្រូវ​បាន អតីត​បុរស​ជា​ប្តី​ចុង លប​លួច​កាត់​ដំបូលផ្ទះ ចូល​មក​អា​រក​សម្លាប់ ដោយ​ប្រើ​កាំបិតប៉័ងតោ​ធំ​មួយ បណ្តាល​ឲ្យ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា សុខ​វិសាល​១២៦ ស្ថិត​ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ព្រោះតែ​បុរស​ជា​អតីត​ប្តី​សុំ​រួម​រស់នៅ​ជាមួយ​គ្នា​វិញ​ពុំ​បាន ក្រោយ​ប្រេះឆា​ស្នេហា​ជាង​២​ខែ​កន្លង​មក​។

ចំណែកឯ​បុរស​ជា​អតីត​ប្តី​ចុង​មានឈ្មោះ ទុន ធា​វី អាយុ​៤៥​ឆ្នាំ មានមុខ​របរ​រត់​ម៉ូតូឌុប​ស្នាក់​នៅផ្ទះ​ជួល ក្រោយ​ពី​ធ្វើឃាត​ប្រពន្ធ​រួច ក៏​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​៕