បង្ក្រាប​ជនជាតិ​វៀតណាម​២​នាក់ បង្ខាំង​មនុស្ស​ខុសច្បាប់

ខេត្តស្វាយរៀង ៖ ជនជាតិ​វៀតណាម​២​នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចុះ​បង្ក្រាប​ចាប់​ឃាត់ខ្លួន និង​រំដោះ​ជន​រង​គ្រោះ​បាន​ម្នាក់​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ ដា​រា​៩៩៩ ស្ថិត​នៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត​។ បើ​តាម​មន្ត្រី​នគ​បាល​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹ​ថា មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត បាន​សហ​ការណ៍​ជាមួយ​មន្ត្រី​នគ​បាល​ក្រុង​បា​វិត ចុះ​បង្ក្រាប​ក្រុម​ជនសង្ស័យ​២​នាក់ ពី​បទ​បង្ខាំង​មនុស្ស​ជំរិត​យក​ប្រាក់ ចំនួន​១​ពាន់​ដុល្លារ និង​រំដោះ​ជន​រង​គ្រោះ​បាន​ម្នាក់​។

ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​ទី​១-​ឈ្មោះ ង្វៀ​ង​ហុង​ង៉ុ​ក ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឡាំ​យ៉ាង ស្រុក​បេន​កូវ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម ទី​២-​ឈ្មោះ ឡេ ហ្វូ​គឿ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឡាំ​យ៉ាង ស្រុក​បេន​កូវ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម​។ ជន​ទាំង​ពី​នាក់​បាន​ចាប់​បង្ខាំង​ជន​រង​គ្រោះ​ឈ្មោះ ដូ​វ ថា​ន់​ដាក ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សួយ​ង៉ូ ឃុំ​តាំង​ចូ​វ ស្រុក​បេន​កូវ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម ដើម្បី​ចាប់ជំរិត​ទារប្រាក់​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ជនសង្ស័យ​ល្បួង​មក​ពី​ប្រទេស​វៀតណាម ឲ្យ​មក​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ ពិភព​ថ្មី​ក្រុង​បា​វិត កាលពី​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៦ រហូត​ចាញ់​អស់ពី​ខ្លួន បន្ទាប់​មក​ក្រុម​ជនសង្ស័យ បាន​ឲ្យ​ប្រាក់​ជនសង្ស័យ​ខ្ចី​ចំនួន ១.០០០​ដុល្លារ ដើម្បី​លេង​បន្ត ហើយ​ក៏​បាន​ចាញ់​អស់​ទៀត​។ ក្រោយ​ពី​ជន​រង​គ្រោះ​ចាញ់ល្បែង​អស់​ជន​ស​ង្ស​យ័​បាន ហៅ​ជន​រង​គ្រោះ​ទៅ​ដេក​នៅផ្ទះ​សំណាក់​យីហោ ដា​រា​៩៩៩ ហើយ​បាន​ឲ្យ​ជន​រង​គ្រោះ​ទូរ​សព្ទ័​ហៅ​បងប្អូន​ម៉ែឪ យក​លុយ​មក​លោះ ក៏​ប៉ុន្តែ​ជន​រង​គ្រោះ​ខ្លាច​មិន​ហ៊ាន​ទូរ​សព្ទ័ ទើប​ក្រុម​ជនសង្ស័យ​ចាប់​បង្ខាំង​ជន​រង​គ្រោះ​ដើម្បី​ជំរិត​យក​ប្រាក់​។

ហើយ​ការ​បង្ខាំង​ជន​រង​គ្រោះ​អស់​រយៈ​៧​ថ្ងៃ ទើប​បែកធ្លាយ​ពី​អ្នក​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ រួច​បាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​ឆែកឆេរ​ក្នុង​បន្ទប់ ចាប់​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​បាន​២​នាក់ និង​រំដោះ​ជន​រង​គ្រោះ​បាន​ម្នាក់​។ ក្រោយ​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​ក៏​បាន​សារភាព​នៅ​មុខ​សមត្ថកិច្ច​ថា ពិតជា​បាន​ចាប់​បង្ខាំង​ជន​រង​គ្រោះ​ជំរិត​ទារប្រាក់​ពិតប្រាកដ​មែន​។ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​ស​ង្ស​យ័​មក​តុលាការ​សាលាដំបូង​ខេត្តស្វាយរៀង​នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​និង​០០​រសៀល ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕