មេ​ដឹកនាំ​បក្ស​ប្រឆាំង​នឹង​ជួប​អ្នក​គាំទ្រ​ខ្លួន​នៅ​ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី​២៧ សីហា

មេ​ដឹកនាំ​គណបក្ស​​សង្គ្រោះជាតិ ​លោក សម រង្ស៊ី និង​លោក កឹម សុខា នឹង​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន​ដែល​រស់​នៅ​​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​២៧ សីហា។

ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក ​នៅ​ថ្ងៃ​ទី​១៥ សីហា ថា គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ប្រទេស​បារាំង នឹង​ប្រារព្ធ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បង​ប្អូន​ប្រជា​ពលរដ្ឋ រស់​នៅ​ប្រទេស​បារាំង ក្រោម​អធិបតីភាព​លោក សម រង្ស៊ី និងលោក កឹម សុខា។

ប៉ុន្តែ​ជំនួប​នេះ​លោក កឹម សុខា នឹង​ចូលរួម​តាមរយៈ​វីដេអូ​ខន​ហ្វឺរិន (Video Conference) ពី​ប្រទេស​កម្ពុជា ខណៈ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​៣​រូប​ទៀត គឺ​អ្នកស្រី ជូឡូង សូមូរ៉ា លោក យ៉ែម បុញ្ញឫទ្ធិ និង​លោក លីម គឹមយ៉ា នឹង​ចូលរួម​ដោយ​ផ្ទាល់។

បច្ចុប្បន្ន​​ ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស ក្រោយ​ពី​មាន​សាលក្រម​របស់​សាលាដំបូង​រាជធានី ជុំវិញ​ក្ដីក្ដាំ​បរិហារកេរ្តិ៍​លោក ហោ ណាំហុង កាល​ពី​ជាង​៧​ឆ្នាំ​មុន។

ចំណែក​ប្រធាន​ស្ដីទី​លោក កឹម សុខា វិញ ក៏​មិន​ដែល​ចេញ​ពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​របស់​ខ្លួន​អស់​រយៈ​ពេលជិត៣​ ​ខែ​ហើយ បន្ទាប់​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ចាប់​ខ្លួន បន្ទាប់​ពី​លោក​បដិសេធ​មិន​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ ជុំវិញ​សំណុំ​រឿង​អាស្រូវ​ស្នេហា ជាមួយ​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ ដែល​គេ​សង្ស័យ​ថា ជា​ស្រី​កំណាន់​របស់​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។