បុរស​ខ្លាំង​ហ្វីលីពីន «​លោក Duterte» នឹង​បំពេញ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​នៅ​ឡាវ​ និពន្ធដោយ : ទេព អ៊ីវិសាល       August-16-2016, 7:39 pm         68

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បុរស​ខ្លាំង​ហ្វីលីពីន «​លោក Duterte» នឹង​បំពេញ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​នៅ​ឡាវ​លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (រូបភាពដោយ៖ Xinhua)​គិត​ចាប់តាំងពី​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​ហ្វីលីពីន​រយៈពេល​ជិត​ពីរ​ខែ​មកនេះ លោក Rodrigo Duterte មិនទាន់បាន​ចេញដំណើ​រ​ទស្សនកិច្ច​ក្រៅប្រទេស​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ផ្សេងៗ​នៅឡើយ​នោះទេ​។ តែ​ក្រុង​វៀងចន្ទន៍ នឹង​ក្លាយជា​ទិសដៅ​ដំបូង​បំផុត​ហើយ​សម្រាប់​រូបលោក​ក្នុងការ​បំពេញ​តួនាទី​ជា​ប្រមុខរដ្ឋ​ហ្វីលីពីន​នៅក្រៅ​ប្រទេស​។​

​លោក​ប្រធានាធិបតី Rodrigo Duterte នឹង​បំពេញ​ទស្សនកិច្ច​ក្រៅប្រទេស​ជា​លើកដំបូង​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅក្នុង​ក្រុង​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ​ដែល​នឹងត្រូវ​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​០៦-០៨​ខែកញ្ញា​ខាងមុខ​ដ៏​ខ្លី​នេះ​។ នេះ ក៏​នឹង​ក្លាយជា​ឱកាស​លើកដំបូង​ផងដែរ​ដែល​លោក​ប្រធានាធិបតី​រូបនេះ ជួប​ជាមួយនឹង​មេដឹកនាំ​កំពូលៗ​អាស៊ាន ក៏ដូចជា​សម្ព័ន្ធមិត្ត​រាប់បញ្ចូល​ទាំង​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ​។

​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​លោក Perfecto Yasay បាន​ថ្លែង​នាឱកាស​នៃ​កិច្ចពិភាក្សា​តុមូល​នៅ​ថ្ងៃទី​១៦ ខែសីហា ម្សិលមិញ​ថា «​លោក Duterte បញ្ជាក់ថា លោក នឹងចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ខែកញ្ញា​ក្នុង​ក្រុង​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ​»​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Manila Times ។

​តាម​ប្រភពព័ត៌មាន​ដដែល ប្រមុខ​ការទូត​រូបនោះ ក៏បាន​បន្ថែម​ដែរ​ថា លោក​ប្រធានាធិបតី Duterte ក៏​គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​ទៅ​បណ្តា​ប្រទេស​មិត្ត​អាស៊ាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​អាស៊ាន​ផងដែរ​។ តែ​ប្រមុខ​ការទូត​រូបនោះ អះអាងថា ចិន មិន​ស្ថិតនៅ​ក្នុងប្រទេស​អាទិភាព ដែល​លោក​ប្រធានាធិបតី​ត្រូវបំពេញ​ទស្សនកិច្ច​នោះទេ បើ​ប្រៀបធៀប​ជាមួយនឹង​បណ្តា​មិត្ត​អាស៊ាន​នោះ​។

​សូម​ជម្រាប​ផងដែរ​ថា លោក Rodrigo Duterte បាន​ឡើងកាន់តំណែង​ជា​ប្រ​ធានា​ធីប​តី​ទី​១៦​របស់​ហ្វីលីពីន​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែមិថុនា​កន្លងទៅ បន្ទាប់ពី​រូបលោក ទទួលបាន​សំឡេងគាំទ្រ​យ៉ាង​លើសលប់​នៅក្នុង​ការបោះឆ្នោត​សកល​ហ្វីលីពីន​នៅ​ថ្ងៃទី​០៩ ខែឧសភា​។ លោក​ប្រធានាធិបតី​រូបនេះ ត្រូវបាន​ប្រជាជន​ហ្វីលីពីន​គាំទ្រ​ខ្លាំង និង​ចាត់ទុកថា​ជា​«​បុរស​ខ្លាំង​» ដោយ​ហៅ​ឈ្មោះ​ក្រៅ​ថា «​អ្នក​ដាក់ទណ្ឌកម្ម​» ដ្បិត​គោលនយោបាយ​កណ្តាប់ដៃ​ដែក​របស់​រូបលោក ក្នុងការ​លុបបំបាត់​ប​ទ​ល្មើស ជាពិសេស​បញ្ហា​គ្រឿងញៀន​ពី​សង្គម​ហ្វីលីពីន​។​

​ប្រមុខរដ្ឋ​ហ្វីលីពីន​រូបនេះ បាន​អវត្តមាន​ក្នុង​កិច្ចប្រជុំ​កំពូល​ក្នុង​តំបន់​ម្តង​រួចទៅហើយ ដោយ​លោក បាន​ប្រតិភូកម្ម​អំណាច​ឲ្យ​លោក​រដ្ឋមន្ត្រីការបរទេស​ចូលរួម​ជំនួស​។ កិច្ចប្រជុំ​នោះ គឺជា​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ដែល​បាន​ប្រព្រឹត្តឡើង​នៅក្នុង​រដ្ឋធានី​អ៊ូ​ឡង់ បា​ទ័​រ នៃ​ប្រទេស​ម៉ុង​ហ្គោ​លីកា​លពី​ខែកក្កដា​កន្លងទៅ​៕