World​ Cup​ 2014​ ៖​ កូ​ឡុំ​ប៊ី​លេខ​១​ និង​ក្រិ​ច​លេខ​២​ ក្នុង​ពូ​ល​C​ ខណៈ​កូ​ស្តា​រី​កា​ លេខ​១​ និង​អ៊ុយ​រ៉ា​ហ្កា​យ​ លេខ​២​ ក្នុង​ពូ​ល​D

​ដំណើរការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​ពិភពលោក​(World​ Cup)​ លើក​ទី​២០​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ឆ្នាំ​២០១៤​នេះ​ បាន​រក​ឃើញ​ក្រុម​ធ្លាក់​និង​ក្រុម​ឆ្លង​ផុត​(​ឈ្នះ​)​ ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​C​ (​កូ​ឡុំ​ប៊ី​,​ ក្រិ​ច​,​ កូ​ឌី​វ័​រ​ និង​ ជប៉ុន​)​ និង​ពូ​ល​D​ ហើយ​(​អ៊ុយ​រ៉ា​ហ្កា​យ​,​ កូ​ស្តា​រី​កា​,​ អង់គ្លេស​ និង​ អ៊ី​តា​លី​)​ ដោយ​ក្រុម​ជម្រើសជាតិ​កូ​ឌី​វ័​រ​ និង​ ជប៉ុន​ ក្នុង​ពូ​ល​C​ ខណៈ​អង់គ្លេស​ និង​អ៊ី​តា​លី​ ក្នុង​ពូ​ល​D​ជា​ក្រុម​ធ្លាក់​ ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ ។​ រីឯ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​ និង​ ក្រិ​ច​ ក្នុង​ពូ​ល​C​ ព្រមទាំង​កូ​ស្តា​រី​កា​ និង​អ៊ុយ​រ៉ា​ហ្កា​យ​ ក្នុង​ពូ​ល​D​ ជា​ក្រុម​ឈ្នះ​ បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ឈាន​ទៅ​ប្រកួត​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ។​ ដោយឡែក​ក្រុម​ជម្រើសជាតិ​ដែល​ទទួល​បាន​លេខ​១​ និង​លេខ​២​ ក្នុង​ពូ​ល​C​ ព្រមទាំង​លេខ​១​ និង​លេខ​២​ ក្នុង​ពូ​ល​D​ គឺ​៖

​ពូ​ល​C​ ៖​ បន្ទាប់​ពី​លេង​ឈ្នះ​ក្រិ​ច​ (៣-០)​ ឈ្នះ​កូ​ឌី​វ័​រ​ (២-១)​ និង​ឈ្នះ​ជប៉ុន​ (៤-១)​ ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​ទទួល​បាន​៩​ពិន្ទុ​ ។​ ដោយឡែក​ ក្រុម​ជម្រើសជាតិ​ក្រិ​ច​ បន្ទាប់​ពី​លេង​ចាញ់​កូ​ឡុំ​ប៊ី​ (០-៣)​ ស្មើ​ជប៉ុន​ (០-០)​ និង​ឈ្នះ​កូ​ឌី​វ័​រ​ (២-១)​ ទទួល​បាន​៤​ពិន្ទុ​ ។​ ដូច្នេះ​ ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​(Colombia)​ ទទួល​បាន​លេខ​១​ ក្នុង​ពូ​ល​ និង​ ក្រិ​ច​ (Greece)​ទទួល​បាន​លេខ​២​ក្នុង​ពូ​ល​ ។​

​ពូ​ល​D​ ៖​ បន្ទាប់​ពី​លេង​ឈ្នះ​ អ៊ុយ​រ៉ា​ហ្កា​យ​(៣-១)​ ឈ្នះ​អ៊ី​តា​លី​ (១-០)​ និង​ស្មើ​អង់គ្លេស​ (០-០)​ ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​កូ​ស្តា​រី​កា​ទទួល​បាន​៧​ពិន្ទុ​ ។​ ដោយឡែក​ក្រុម​ជម្រើសជាតិ​អ៊ុយ​រ៉ា​ហ្កា​យ​ បន្ទាប់​ពី​លេង​ចាញ់​កូ​ស្តា​រី​កា​ (១-៣)​ ឈ្នះ​អង់គ្លេស​(២-១)​ និង​ឈ្នះ​អ៊ី​តា​លី​(១-០)​ ទទួល​បាន​៦​ពិន្ទុ​ ។​ ដូច្នេះ​ ក្រុម​ជម្រើសជាតិ​កូ​ស្តា​រី​កា​(Costa​ Rica)​ ទទួល​បាន​លេខ​១​ក្នុង​ពូ​ល​ និង​អ៊ុយ​រ៉ា​ហ្កា​យ​ (Uruguay)​ ទទួល​បាន​លេខ​២​ក្នុង​ពូ​ល​ ។​

​សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ គឺ​ក្រុម​ជម្រើសជាតិ​ កូ​ឡុំ​ប៊ី​ (​លេខ​១​ពូ​ល​C​ )​ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​អ៊ុយ​រ៉ា​ហ្កា​យ​ (​លេខ​២​ពូ​ល​D)​ នៅ​ថ្ងៃ​ទី​២៨​ ខែមិថុនា​ និង​ក្រុម​ជម្រើសជាតិ​កូ​ស្តា​រី​កា​(​លេខ​១​ពូ​ល​D)​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ក្រិ​ច​ (​លេខ​២​ពូ​ល​C)​ នៅ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៤​ ខាង​មុខ​បន្ត​ទៀត​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ក្រុម​ជម្រើសជាតិ​កូ​ឌី​វ័​រ​,​ជប៉ុន​,​អង់គ្លេស​ និង​អ៊ី​តា​លី​ ដែល​ជា​ក្រុម​ធ្លាក់​ក្នុង​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​C​ និង​ពូ​ល​D​ នោះ​ នឹង​ទទួល​បាន​ទឹកប្រាក់​ចំនួន​៨​លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ក្រុម​នីមួយៗ​ ពី​សហព័ន្ធ​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ​ (FIFA)​ ខណៈ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​,​ ក្រិ​ច​,​ កូ​ស្តា​រី​កា​ និង​អ៊ុយ​រ៉ា​ហ្កា​យ​ ជា​ក្រុម​ឈ្នះ​ ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​C​ និង​ពូ​ល​D​ នឹង​ទទួល​បាន​ទឹកប្រាក់​ចំនួន​៩​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ក្រុម​នីមួយៗ​ ៕

Related