អភិបាល​ក្រុង​បាវិត​សន្យា​ចុះ​ពិនិត្យ​តំបន់​វៀតណាម​ជួល​ដី​កសិកម្ម​តាម​ព្រំដែន​នៅ​ចុង​សប្ដាហ៍

អាជ្ញាធរ​ក្រុង​បាវិត មិន​ទាន់​បាន​ចុះ​ទៅ​ពិនិត្យ​តំបន់​ដែល​ជនជាតិ​វៀតណាម ជួល​ដី​កសិកម្ម​ខ្មែរ​នៅ​តាម​បន្ទាត់​ព្រំដែន ឋិត​នៅ​សង្កាត់​ប្រាសាទ ក្រុង​បាវិត នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា តាម​បញ្ជា​របស់​អភិបាល​ខេត្ត​ស្វាយរៀង នោះ​ទេ។ ថ្មីៗ​នេះ ប្រជាពលរដ្ឋ​នៅ​សង្កាត់​ប្រាសាទ ជាច្រើន​នាក់ បាន​ផ្ដិត​មេដៃ​ស្នើសុំ​ឲ្យ​អាជ្ញាធរ ជួយ​បញ្ឈប់​សកម្មភាព​ជួល​ដី​កសិកម្ម​នៅ​តាម​ព្រំដែន​ទៅ​ជនជាតិ​វៀតណាម ឲ្យ​បាន​ឆាប់​រហ័ស។

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ជាប់​ខ្សែ​បន្ទាត់​ព្រំដែន​ឋិត​នៅ​ភូមិ​កណ្ដាល សង្កាត់​ប្រាសាទ ក្រុង​បាវិត ចង់​ឃើញ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង និង​អាជ្ញាធរ​ក្រុង​បាវិត ចុះ​ពិនិត្យ​ស្រាវជ្រាវ និង​បញ្ឈប់​ជា​បន្ទាន់​នូវ​ករណី​ជនជាតិ​វៀតណាម ជួល​ដី​ខ្មែរ​ជាច្រើន​ហិកតារ​នៅ​តាម​ព្រំដែន បន្ទាប់​ពី​ពួក​គាត់​គ្មាន​ជំនឿ​លើ​អាជ្ញាធរ​មូលដ្ឋាន។

ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ អភិបាល​ខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល បាន​ចេញ​បញ្ជា​ឲ្យ​អភិបាល​ក្រុង​បាវិត លោក សេង សិលា ចុះ​ទៅ​ពិនិត្យ​មើល​តំបន់​ដែល​ប្រជាពលរដ្ឋ​ប្ដឹង​នោះ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ប៉ុន្តែ​អភិបាល​ក្រុង​បាវិត ពុំ​ទាន់​ចុះ​ទៅ​ផ្ទាល់​នោះ​ទេ ដោយសារ​ជាប់​រវល់​ការងារ​ច្រើន។

អភិបាល​ក្រុង​បាវិត លោក សេង សិលា មាន​ប្រសាសន៍​ថា ទោះ​បី​ជា​លោក​មិន​ទាន់​បាន​ចុះ​ទៅ​ផ្ទាល់​ក្តី តែ​លោក​បាន​ជួប​សាកសួរ​ចៅ​សង្កាត់​ប្រាសាទ លោក កែវ ឈាន រួច​ហើយ​អំពី​បញ្ហា​ដែល​ពលរដ្ឋ​ខ្មែរ​ប្ដឹង​ថា វៀតណាម ជួល​ដី​នៅ​តាម​ព្រំដែន​នោះ។ លោក សេង សិលា បញ្ជាក់​ថា តាម​ព័ត៌មាន​ពី​ខាង​ចៅ​សង្កាត់​ប្រាសាទ នោះ គឺ​គ្មាន​ករណី​ជនជាតិ​វៀតណាម ជួល​ដី​ខ្មែរ​នោះ​ទេ គឺ​មាន​តែ​ខ្មែរ​ជួល​ឲ្យ​ខ្មែរ ហើយ​ថៅកែ​ខ្មែរ​គ្រាន់​តែ​ជួល​ជនជាតិ​វៀតណាម ឲ្យ​បាញ់​ស្មៅ​ភ្ជួរ​រាស់ និង​ដាំ​ដុះ​ដោយសារ​ភាគី​ខ្មែរ​ខ្វះ​បច្ចេកទេស​គ្រប់គ្រាន់៖ «»

ឆ្លើយ​តប​បញ្ហា​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​លើក​ឡើង​ថា អ្វី​ដែល​ចៅ​សង្កាត់​ប្រាសាទ រាយការណ៍​ជូន​អភិបាល​ក្រុង​បាវិត នោះ គ្រាន់​តែ​ជា​លេស​ដោះសា​ប៉ុណ្ណោះ តែ​ធាតុ​ពិត​អ្នក​ដែល​ជួល​នោះ គឺ​ជា​ជនជាតិ​វៀតណាម ហើយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឈរ​ឈ្មោះ​ជា​តំណាង៖ «»

ការ​ស្នើសុំ​អន្តរាគមន៍​ពី​អាជ្ញាធរ ឲ្យ​ជួយ​បញ្ឈប់​ជនជាតិ​វៀតណាម ជួល​ដី​កសិកម្ម​នេះ ដោយសារ​ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​បូរណភាព​ទឹក​ដី។ ម្យ៉ាង​វិញ​ទៀត ពួក​គាត់​សង្កេត​ឃើញ​ថា ជនជាតិ​វៀតណាម បាន​បាញ់​ថ្នាំ​បណ្ដាល​ឲ្យ​គោ​ក្របី​របស់​ពួក​គាត់​ស៊ី​ស្មៅ​ពុល​ងាប់​ជា​បន្តបន្ទាប់។

អភិបាល​ក្រុង​បាវិត លោក សេង សិលា សន្យា​ថា លោក​នឹង​លៃលក​ពេល​ដើម្បី​ចុះ​ទៅ​ពិនិត្យ​ករណី​នេះ​ប្រហែល​ជា​នៅ​ចុង​សប្ដាហ៍​នេះ ប៉ុន្តែ​លោក​ថា អាជ្ញាធរ​មាន​ការ​លំបាក​នៅ​ពេល​ចុះ​ទៅ​ដោះស្រាយ​ម្តងៗ គឺ​ប្រជាពលរដ្ឋ​ហាក់​មិន​បាន​ចូលរួម​ច្រើន​នោះ​ទេ៖ «»

ទន្ទឹម​គ្នា​នេះ​ដែរ លោក សេង សិលា សន្និដ្ឋាន​ថា អ្នក​ដែល​ចាប់​អារម្មណ៍​លើ​បញ្ហា​ទាំង​នេះ គឺ​ភាគច្រើន​ជា​អ្នក​គាំទ្រ​គណបក្ស​ណា​មួយ​ដែល​ចាំ​តែ​រក​រឿង​រក​ហេតុ។

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន សាទរ​ចំពោះ​អភិបាល​ខេត្ត​ស្វាយរៀង ដែល​ឲ្យ​មន្ត្រី​របស់​ខ្លួន​ចុះ​ពិនិត្យ​ករណី​នេះ។ ទោះ​បែប​នេះ​ក្តី លោក នុត បូពិណ្ណារ័ត្ន បន្ថែម​ថា អាជ្ញាធរ​ថ្នាក់​លើ​មិន​គួរ​រង់ចាំ​ស្តាប់​តែ​របាយការណ៍​ដដែលៗ​ពី​ខាង​មន្ត្រី​ថ្នាក់​ក្រោម​នោះ​ទេ ពោល​គឺ​អាជ្ញាធរ​ថ្នាក់​ខេត្ត គួរ​តែ​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​តែ​ម្តង ទើប​ជា​ការ​ល្អ៖ «»

មន្ត្រី​អង្គការ​លីកាដូ និង​ប្រជាពលរដ្ឋ​យល់​ឃើញ​ថា អាជ្ញាធរ​មិន​គួរ​លាប​ពណ៌​ប្រជាពលរដ្ឋ​ខ្មែរ​គ្នា​ឯង ថា​មាន​និន្នាការ​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ នៅ​ពេល​ពួក​គាត់​ចេញ​មុខ​តវ៉ា ឬ​យល់​ដឹង​ពី​បញ្ហា​សង្គម​ច្រើន​នោះ​ទេ ព្រោះ​វប្បធម៌​លាប​ពណ៌​នេះ មិន​នាំ​ឲ្យ​ខ្មែរ​បាន​សុខ​ឡើយ។ ពួក​គាត់​ថា អាជ្ញាធរ​គួរ​តែ​បម្រើ និង​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ​ដោយ​យុត្តិធម៌ និង​តម្លាភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។