ប្រធានាធិបតី​ឥណ្ឌូនេស៊ី ប្តេ​ជា្ញ​ការពារ​ដែន​អធិបតេយ្យ​ខ្លួន​«​សូម្បី​តែមួយ​ចំណិត​» និពន្ធដោយ : ទេព អ៊ីវិសាល       August-16-2016, 9:59 pm         1052

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រធានាធិបតី​ឥណ្ឌូនេស៊ី ប្តេ​ជា្ញ​ការពារ​ដែន​អធិបតេយ្យ​ខ្លួន​«​សូម្បី​តែមួយ​ចំណិត​»ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នាពេលលោកពិនិត្យស្ថានភាពនៅកោះ Natunas (រូបភាពដោយ៖ AFP)​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូ​កូ វី​ដូ​ដូ (Joko Widodo) បាន​សន្យាថា រដ្ឋាភិបាល​របស់លោក នឹង​ការពារ​អធិបតេយ្យ​ឥណ្ឌូនេស៊ី​ទាំង​ដែន​គោក និង​ដែនសមុទ្រ​សូម្បី​តែមួយ​ចំណិត​។ ការ​បេ​ជ្ញា​ចិត្ត​ខ្លាំងក្លា​បែបនេះ ធ្វើឡើង​ស្របពេល​ដែល​ឥណ្ឌូនេស៊ី និង​ចិន​ទើប​ជា​ប្រឈមមុខគ្នា​នៅក្នុង​ដែនសមុទ្រ​ឥណ្ឌូនេស៊ី​ដែល​ចិន​បាន​អះអាងថា​ជា​របស់ខ្លួន​ផងដែរ​នោះ​។​

​នាឱកាស​នៃ​ការផ្តល់​សុន្ទរកថា​ថ្នាក់ជាតិ​នៅ​ថ្ងៃ​អង្គារ​ទី​១៦ ខែសីហា​នេះ លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បាន​អះអាងថា ឥណ្ឌូនេស៊ី បាន​ចូលរួម​សកម្ម​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​សន្តិវិធី​នៅក្នុង​ជម្លោះ​ក្នុង​តំបន់​ពាក់ព័ន្ធ​នឹង​ម្ចាស់​កម្មសិទ្ធិ​លើ​កោះ​នៅក្នុង​ដែនសមុទ្រ​។ លោក​ប្រធានាធិបតី​រូបនោះ ក៏បាន​លើកឡើង​ពី​សកម្មភាព​ចុងក្រោយ​របស់លោក​នៅក្នុង​ប្រជុំ​កោះ Natunas ដែល​ទើបតែ​មានការ​ប្រឈមមុខ​ជាមួយនឹង​ចិន​ផងដែរ​។​

​លោក​ប្រធានាធិបតី បាន​សង្កត់ធ្ងន់ថា «​យើង​កំពុងតែ​អភិវឌ្ឍ​តំបន់​មួយចំនួន​ដូចជា Entikong, Natuna និង Atambua ដូច្នេះ ពិភពលោក អាច​មើលឃើញថា ឥណ្ឌូនេស៊ី គឺជា​ប្រទេស​ដ៏​ធំ​មួយ ហើយ ទីណា​ក៏ដោយ​ដែល​រួមទាំង​ដែន​គោក និង​ដែនទឹក​ដែលជា​កម្មសិទ្ធិ​របស់​ឥណ្ឌូនេស៊ី គឺ​ត្រូវបាន​ការពារ​យ៉ាងពិត​ប្រាកដ​»​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដកស្រង់​សម្តី​ក្នុង​សុន្ទរកថា​របស់លោក​ចូ​កូ​វី ដែល​បាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ផងដែរ​នោះ​។​

​សូម​ជម្រាប​ផងដែរ​ថា ឥណ្ឌូនេស៊ី មិនមាន​ជម្លោះដែនសមុទ្រ​ក្នុង​ក្របខណ្ឌ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​ចិន​ដូច​ទៅនឹង​បណ្តា​មិត្ត​សមាជិក​អាស៊ាន​ដូចជា​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​នោះទេ​។ ក៏ប៉ុន្តែ​ចិន បានទាមទារ​ត្រួតស៊ីគ្នា​លើ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ឥណ្ឌូនេស៊ី​នៅ​ប្រជុំ​កោះ Natunas ដែល​ឥណ្ឌូនេស៊ី បាន​រឹបអូស​ទូក​នេសាទ​ចិន​កាលពី​ខែមិថុនា​កន្លងទៅ ដែល​បាន​ចូលទៅ​នេសាទ​នៅ​ទីនោះ​។ ពេលនោះ ចិន និង​ឥណ្ឌូនេស៊ី ក៏បាន​មានការ​ប្រឈមមុខ​ផ្នែក​ការទូត​ដាក់គ្នា​ខ្លាំង​ផងដែរ ដោយ​ភាគី​ទាំងពីរ​ចាត់ទុក​សកម្មភាព​រៀងៗ​ខ្លួន​ថា​ត្រឹមត្រូវ​លើ​ដែន​អធិបតេយ្យ​របស់ខ្លួន​។

​អ្វី​គួរកត់សម្គាល់​នោះ កាលពី​ថ្ងៃទី​១៣ ខែកក្កដា​កន្លងទៅ​ថ្មីៗ​នេះ លោក Ryamizard Ryacudu រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី បាន​អះអាងថា ឥណ្ឌូនេស៊ី នឹង​ពង្រឹងសមត្ថភាព​សន្តិសុខ​របស់ខ្លួន​ដែល​ស្ថិតនៅក្នុង​តំបន់​ប្រជុំ​កោះ Natunas ដែលជា​កន្លែង​ដែល​ឥណ្ឌូនេស៊ី និង​ចិន​ធ្លាប់​ប៉ះទង្គិច​គ្នា​។ ការពង្រឹង​នោះ លោក សំដៅលើ​ការពង្រាយ​នាវាចម្បាំង យន្តហោះ​ប្រដេញ មី​ស៊ី​លបាញ់​ទៅ​អាកាស ប្រព័ន្ធ​រ៉ា​ដា ក៏ដូចជា​សាងសង់​កំពង់ផែ​ថ្មី​នៅ​ទីនោះ ដោយ​លោក​បន្ថែមថា មូលដ្ឋាន​យោធា​នោះ ក៏​នឹង​បញ្ចប់​ការសាងសង់​ដោយ​ស្ថាពរ​នៅក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ​ទៀត​នោះទេ​៕