កីឡាការិនីចំបាប់កម្ពុជា ចូវ សុធារ៉ា ប្រកួតយប់ស្អែកនៅ Rio Olympic Games 2016 មុនចូលនិវត្តន៍ជាផ្លូវការ

(ក្រុងរីយ៉ូ)៖ កីឡាការិនីបោកចំបាប់កម្ពុជា ចូវ សុធារ៉ា នឹងចាប់ផ្តើមប្រកួតនៅម៉ោង ៨យប់ថ្ងៃទី១៧ ខែសីហា (ម៉ោងនៅកម្ពុជា) វិញ្ញាសាទម្ងន់ ៤៨គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក Olympic Games រដូវក្ដៅ នៅទីក្រុង Rio ប្រទេសប្រេស៊ីល ហើយក៏ជាការប្រកួតចុងក្រោយរបស់នាងដែរ បន្ទាប់ពីនាងប្រកាសចូលនិវត្តន៍ ក្រោយបញ្ចប់បេសកកម្មនេះ។

កីឡាការិនីវ័យ ២៧ឆ្នាំ សុធារ៉ា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក លើកទី៣១នេះ តាមរយៈការទទួលបានសិទ្ធិអនុគ្រោះ ពីគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) ដូចកីឡាករ-កីឡាការិនីផ្នែកកីឡាហែលទឹក និងកីឡាអត្តពលកម្មដែរ។ ប៉ុន្ដែមុននឹងទទួលបានសិទ្ធិអនុគ្រោះនេះ នាងក៏ធ្លាប់បានឆ្លងកាត់ការប្រកួតជម្រុះដែរ តែគ្មានសំណាង ក្រោយប្រកួតចាញ់កីឡាការិនីម៉ិកស៊ិក Valencia Esc ដោយលទ្ធផល ១២-១ពិន្ទុ ទើបអស់ឱកាសទទួលបានសិទ្ធិពេញលេញ។ 

យ៉ាងណាមិញ អតីតម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០១៣ នេះ បានឲ្យដឹងពីប្រទេសប្រេស៊ីលថា ថ្វីត្បិតកាលពីប្រកួតជម្រុះនៅប្រទេសតួកគី នាងធ្វើមិនបានល្អ ប៉ុន្ដែសម្រាប់ការប្រកួតផ្លូវការនៅរាត្រីស្អែកនេះ ខ្លួននឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីកសាងស្នាដៃជូនជាតិ និងបង្កើតប្រវត្តិសាស្ដ្រថ្មីខ្លួនឯង មុនចូលនិវត្តន៍។

ដោយឡែកលោក ធិន វិចិត្រ គ្រូបង្វឹកកីឡាចំបាប់កម្ពុជា ធ្លាប់បានលើកឡើងថា ចូវ សុធារ៉ា មិនសង្ឃឹមដណ្ដើមបាន មេដាយនោះទេ ព្រោះអ្នកចូលរួមភាគច្រើន សុទ្ធតែជាប់ការប្រកួតជម្រុះ ខណៈ សុធារ៉ា គ្រាន់តែចូលរួមដោយទទួលបានសិទ្ធិអនុគ្រោះប៉ុណ្ណោះ។ ប៉ុន្ដែក្នុងនាមថ្នាក់ដឹកនាំ និងសាម៉ីខ្លួនផ្ទាល់ បានប្ដេជ្ញាចិត្តខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកចំណាត់ថ្នាក់ល្អប្រសើរមួយជូនប្រទេសកម្ពុជា។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះក្នុងចំណោមអត្តពលិក ៦រូប ដែលកម្ពុជាបានបញ្ជូនទៅចូលរួមប្រកួតកីឡា Olympic Games នៅប្រេស៊ីល គឺមានអត្តពលិក ៣នាក់ហើយ ដែលធ្លាក់ត្រឹមវគ្គជម្រុះ រួមមានកីឡាករហែលទឹក ពូ សុវិជ្ជា កីឡាការិនី ហែម ថុនវិទិនី និងកីឡាការិនីអត្តពលកម្មរត់ម៉ារ៉ាតុងចម្ងាយ ៤២គីឡូម៉ែត្រ លី ណារី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  

ការប្រកួតកីឡាអូឡាំពិក រដូវក្ដៅ លើកទី៣១ ដែលធ្វើឡើងនៅទីក្រុង Rio ប្រទេសប្រេស៊ីល បានដំណើរការប្រកួត រយៈពេល៥ថ្ងៃ រួចទៅហើយ ទន្ទឹមជាមួយគ្នានេះ គេឃើញកីឡាករ-កីឡាការិនី កម្ពុជា ក៏ខិតខំហ្វឹកហាត់ យ៉ាងយកចិត្តទុកដាក់ សម្រាប់ការប្រកួតខាងមុខ ផងដែរ បន្ទាប់កីឡាករហែលទឹក កម្ពុជា ម្នាក់ គឺកីឡាករ ពូ សុវិជ្ជា បានធ្លាក់ត្រឹមវគ្គជម្រុះ ពីម្សិលមិញ ។

ជាក់ស្ដែងកីឡាការិនី ចូវ សុធារ៉ា អតីតម្ចាស់មេដាយមាស កីឡាស៊ីហ្គេម ក៏កំពុងព្យាយាមហ្វឹកហាត់ តាមការកំណត់ របស់ គណៈកម្មការ រៀបចំការប្រកួត ដើម្បីត្រៀមប្រកួត ប្រភេទទម្ងន់ ៤៨គីឡូក្រាម របស់ខ្លួន នៅថ្ងៃទី១៧ ខែសីហា ផងដែរ ។

ប៉ុន្ដែលោក ធិន វិចិត្រ គ្រូបង្វឹកកីឡាចំបាប់ ជម្រើសជាតិកម្ពុជា បានឲ្យពីប្រទេសប្រេស៊ីល ថា គិតមកទល់ពេលនេះ ចំនួនអត្ដពលិក ផ្នែកកីឡាចំបាប់ ដែលធ្វើដំណើរ មកចូលរួមប្រកួត កីឡាអូឡាំពិក រដូវក្ដៅនេះ គឺមានកើនឡើងច្រើន ។ អាស្រ័យហេតុនេះ កីឡាការិនី ចូវ សុធារ៉ា ដែលជាអត្តពលិក តំណាងឲ្យកម្ពុជាម្នាក់គត់ លើប្រភេទកីឡានេះ ត្រូវធ្វើការហ្វឹកហាត់ជាមួយ អត្តពលិកផ្សេងៗ ដើម្បីជាការដោះដូរ នូវបទពិសោធន៍ ។

ក្រៅពីកីឡាការិនីចំបាប់រូបនេះ កម្ពុជាក៏មានអត្តពលិកនៅសល់ ៤រូបផ្សេងទៀត ត្រូវធ្វើការប្រកួត ជាបន្ដបន្ទាប់ ផងដែរ ដូចជា កីឡាការិនី ហែមថុន វិទិនី ដែលត្រៀមប្រកួតវិញ្ញាសា ហែលចម្ងាយ ៥០ម៉ែត្រសេរី នៅថ្ងៃទី១២ ខែសីហាស្អែកនេះ ព្រមទាំងកីឡាម៉ារ៉ាតុង គឺមានកីឡាករ នីកូ និងកីឡាការិនី លី ណារី ពិសេស គឺកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលជាបេក្ខភាពពេញសិទ្ធិ ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ពិភពលោកនេះ តែម្ដង ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កីឡាការិនីចំបាប់កម្ពុជា ចូវ សុធារ៉ា ប្រកួតយប់ស្អែកនៅ Rio Olympic Games 2016 មុនចូលនិវត្តន៍ជាផ្លូវការ

កីឡាការិនីចំបាប់កម្ពុជា ចូវ សុធារ៉ា ប្រកួតយប់ស្អែកនៅ Rio Olympic Games 2016 មុនចូលនិវត្តន៍ជាផ្លូវការ

កីឡាការិនីចំបាប់កម្ពុជា ចូវ សុធារ៉ា ប្រកួតយប់ស្អែកនៅ Rio Olympic Games 2016 មុនចូលនិវត្តន៍ជាផ្លូវការ