​ទារក​អាយុ ១ ទៅ ៦ ខែ គួរតែ​រៀន​ចេះ និង​លូតលាស់​អ្វីខ្លះ ទើប​ធម្មតា​?

​ទារក​អាយុ ១ ទៅ ៦ ខែ គួរតែ​រៀន​ចេះ និង​លូតលាស់​អ្វីខ្លះ ទើប​ធម្មតា​?

​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ដំបូង​នេះ ជីវិត​របស់​ទារក នឹង​មាន​ការលូតលាស់​លឿន ឡើង​ទម្ងន់ និង​លូត​កម្ពស់ ព្រមទាំង​មាន​ការរីកចម្រើន​ខាង​រាងកាយ និង​ស្មារតី​ជា​រៀងរាល់​ខែ​។ ការផ្លាស់ប្តូរ​ជីវិត​ពី​ទារក​ធ្លាប់តែ​គេង រហូត​ដល់​ក្លាយជា​ទារក​ចេះ​ដើរ​តេសតាស ពិតជា​ធ្វើឲ្យ​ឪពុក​ម្តាយ​សប្បាយចិត្ត​ខ្លាំងណាស់ ហើយ​វា​ក៏​ជា​អ្វី ដែល​ត្រូវតែ​កើតឡើង​ដែរ​។
​ទារក​ទើប​កើត នឹង​ចំណាយ​ពេល​រយៈពេល​ពីរ​បី​សប្តាហ៍​ដំបូង​របស់​គេ​គេង​រហូត ហើយ​ភ្ញាក់​ឡើងវិញ គឺ​ដើម្បី​តែ​បៅ ឬ​ត្រូវ​ការផ្លាស់ប្តូរ​ខោ​ទឹកនោម​ប៉ុណ្ណោះ​។ ការ​ស្ងាប កណ្តា​ស ត្អើក និង​ពត់​ពែន​ខ្លួន គឺជា​សកម្មភាព​មួយចំនួន​របស់​ទារក​ដែរ​។ រឿង​នេះ​គឺជា​ដំណាក់កាល​ដំបូង​មួយ នៃ​ការលូតលាស់​របស់​ក្មេង ហើយ​វា​ក៏​មិន​កើត​ឡើង​យូរ​ដែរ​។

​ក្នុង​ពេល​នេះ ខ្ញុំ​សូម​ណែនាំ​នូវ​ការលូតលាស់​មួយ​ប្រភេទ​របស់​ទារក ដែល​ពាក្យ​បច្ចេកទេស​ហៅថា Milestones Development ដែល​សំដៅ​ទៅលើ ការរៀន​ចេះដឹង​របស់​ទារក និង​ការលូតលាស់​របស់​គេ ។ ដូច្នេះ​តើ Milestones Development នេះ​មាន​អ្វី​ខ្លះ​ទៅ​ចាប់​ពី​ខែ​ទី​១ ដល់​ខែ​ទី ៦?

អាយុ ១ ខែ​
ក្មេង​អាយុ​បាន​មួយ​ខែ​ហើយ គឺ​មិន​សូវ​គេង​ច្រើន​ដូច​មុន​ទេ ហើយក៏​អាច​ភ្ញាក់​យូរ​ជាង​មុន​ដែរ​។ គេ​អាច​នឹង​សំឡឹង​មើល​អ្នក នៅពេល​កំពុង​តែ​និយាយ ហើយ​អាច​ហា​រមាត់ និង​បិតមាត់​វិញ​ដែរ​។ គេ​អាច​នឹង​តាម​មើល​អ្វី ដែល​អ្នក​ចាប់​កាន់ ដូចជា​តុក្តតា​មានពណ៌​ច្បាស់ៗ​នៅ​ពីមុខ​គេ​ជា​ដើម​។ ទារក​អាយុ​ប៉ុណ្ណេះ នឹង​ចាប់ផ្តើម​ចេះ​ញញឹម​ហើយ​។​

អាយុ ២ ខែ​
ទារក​នឹង​ញញឹម បើសិន​ជា​អ្នក​និយាយ​ជាមួយ​គេ ឬ​ទាកទាញ់​អារម្មណ៍​គេ​មក​មើល​អ្នក​។ ដំណាក់កាល​នេះ​ហៅថា Social Smile ឬ សង្គម​ស្នាមញញឹម​។ ពួកគេ​ក៏​ចាប់ផ្តើម​បញ្ចេញ​សំឡេង និង​អាច​ធ្វើ​ចលនា​ក្បាល និង​ងាក​មើល​មនុស្ស​កំពុងតែ​ដើរ ឬ​របស់​ណាមួយ ដែល​មាន​ចលនា​បាន ១៨០ ដឺ​ក្រេ​ហើយ​។ ពួកគេ​ក៏​អាច​ទប់​ក្បាល​ជាប់​បាន តែ​មិន​អាច​គ្រប់គ្រង​បាន​ពេញលេញ​នៅឡើយ​ទេ​។

អាយុ ៣ ខែ​
​ស្ថិត​ក្នុង​ដំណាក់កាល​នេះដែរ ទារក​ចាប់ផ្តើម​គ្រប់គ្រង លំនឹង​ក្បាល​បានល្អ​ជាង​មុន ហើយក៏​អាច​ងើយ​ក្បាល​បាន​ខ្ពស់​ដែរ នៅ​ពេល​ដាក់​គេង​គេង​ផ្កាប់​។ វា​ក៏​ជា​ពេលវេលា​មួយ ដែល​គេ ចាប់ផ្តើម ចេះ​ចាប់អារម្មណ៍​កាន់តែខ្លាំង និង​អាច​មើលឃើញ ការ​ធ្វើ​ចលនា​ដៃ​របស់​គេ​ផ្ទាល់​ដែរ​។ រឿង​នេះ​មិន​ត្រឹមតែ​ធ្វើឲ្យ​គេ​ញញឹម នៅ​ពេល​អ្នក​និយាយ​ជាមួយ​គេ​ទេ តែ​ក៏​អាច​ឆ្លើយតប​នឹង​អ្នក​វិញ​ដែរ​។ អ្វី​ដែល​សំខាន់ គឺ​គេ​អាច​ចាប់​កាន់​របស់របរ​នៅក្នុង​ដៃ​បាន​ច្រើន​។

​អាយុ ៤ ខែ​
ឥឡូវនេះ ទារក​អាច​ទប់​ក្បាល​របស់​គេ បាន​ហ្នឹង​ល្អ​ហើយ​។ បើសិន​ជា​អ្នក​ដាក់​គេ​គេង​ផ្កាប់ គេ​នឹង​អាច​ងើយ​ក្បាល មើល​បាន​យ៉ាង​ល្អ​។ ពួកគេ​អាច​ចូលចិត្ត​លេង​ដៃ ឬ​អាច​និយាយថា​យក​ដៃ​ញ៉ុក​មាត់ ឬ​បៀម​លេង​ហើយ​។ គេ​ក៏​ចូលចិត្ត​សំឡឹង ឬ​ស្តាប់​សម្លេង​ក្រឡុក​ចង្ក្រង និង​មើល​ជុំវិញ​ខ្លួន​ជាប់​។ ពួកគេ​ចាប់ផ្តើម​ចូលចិត្ត​ឲ្យគេ​លេង​ជាមួយ ហើយ​អាច​នឹង​សើច​លឺៗ​ទៀតផង នៅ​ពេល​អ្នក​ធ្វើឲ្យ​គេ​សើច​។

អាយុ ៥ ខែ​
នៅពេលនេះ គឺ​ទារក​អាច​គ្រប់គ្រង ការ​ធ្វើ​ចលនា​ក្បាល​ពេញលេញ ហើយក៏​អាច​ចាប់​កាន់​របស់​លេង​បាន​ជាប់​ល្អ​ដែរ​។ ពួក​គេ​ចូលចិត្ត​លេង​ជាមួយ របស់របរ​ក្មេង​លេង ចាប់​ក្រដាស និង​លេង​ក្នុង​ទឹក​។ គេ​ចូលចិត្ត​ញញឹម​ច្រើន ជាពិសេស នៅ​ពេល​អ្នក​និយាយ​ជាមួយ​គេ ព្រមទាំង​ដាក់​ឲ្យគេ មើល​មុខ​ញញឹម​ខ្លួនឯង នៅ​ពីមុខ​កញ្ចក់​តែម្តង​។

អាយុ ៦ ខែ​
នៅ​អាយុ ៦ ខែ ជើង​របស់​ទារក​គឺ​រឹងមាំ​ជាង​មុន និង​ចេះ​ផ្អៀង​ខ្លួន ហើយក៏​អាច​ទ្រ​ទម្ងន់​ខ្លួនឯង​បាន​ដែរ នៅពេល​ចង់​ឈរ​។ ស្ថិត​ក្នុង​ដំណាក់កាល​មួយ​នេះដែរ ពួក​គេ​ចូលចិត្ត​លេង​ច្រើន ក្រ​ញ៉ាំ​ប្រអប់ជើង ហើយ​ក៏​សប្បាយ​ចិត្តខ្លាំង នៅពេល​ចាប់ជើង​ខ្លួនឯងបាន និង​ជញ្ជក់​មេជើង​ខ្លួនឯង​កើត​។ គេ​អាច​នឹង​លេង​ផ្លុំ​ពពុះទឹក​មាត់​ខ្លួនឯង និង​ចាប់​អី​ក៏​ដាក់ចូល​មាត់​លេង​ដែរ​។ គេ​អាច​នឹង​ចាប់ផ្តើម ចេះ​បង្ហាញ​ទឹកមុខ​ថា ខ្លាច​របស់​ប្លែក ចូលចិត្ត និង​មិន​ចូលចិត្ត​អាហារ​។ អ្វី​ដែល​សំខាន់ គឺ​គេ​ចេះ​បង្កើត​ជា​សំឡេង​មួយ​មាត់ៗ ដូចជា “​ប៉ា ម៉ាក់ បាក់ ...” ជាដើម​។

ចូរ​ចាំ​ថា បើសិន​ជា​កូន​អ្នក មាន​ការលូតលាស់ យឺត​ជាង​រឿង​នេះ​បន្តិចបន្តួច ក៏​មិន​បាច់​បារម្ភ​ដែរ ព្រោះ​ថា​អ្នកប្រាជ្ញ​ខាង​វិទ្យាសាស្ត្រ​ដ៏​ល្បីល្បាញ​បំផុត​ឈ្មោះ Einstein គឺ​មាន​ការលូតលាស់​ខាង​បញ្ញា​ស្មារតី យឺត​ជាង​គេ​បំផុត​តែ​ម្តង ក្នុងពេល​រូប​លោក​កើតឡើង​ក្នុង​វ័យ​បែបនេះ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។