ឈប់​លេង​ទូរស័ព្ទ​ហើយ​ប្រឹង​ពេញទំហឹង​ ដើម្បី​ប្រឡង​បាក់​ឌុ​ប

នៅ​​ស​ប្តា​ហ៍​ក្រោយ​នេះ​ ការ​ប្រឡង​បាក់​ឌុ​ប​នឹង​ចាប់ផ្តើម​ហើយ​ ។ ចំណែក​ក្រសួង​អប់រំ​ ក៏​នៅ​តែ​រក្សា​ជំហរ​​ពង្រឹងគុណភាព​ការ​ប្រឡង​​ដោយ​ទប់ស្កាត់​រាល់​អំពើ​អ​សក​កម្ម ​ដែល​អាច​កើត​​មាន ​។

តើ​យុវ​សិស្ស​ទាំងឡាយ​បាន​​ត្រៀម​ហើយ​​ឬ​នៅ? តើ​ពួក​គេ​​បាន​រំលឹក​មេរៀន​ និង​ស្វែង​យល់​រាល់​លំ​ហាត់​គ្រប់មុខ​វិជ្ជា​ដែរ​ឬទេ?

ដើម្បី​ឱ្យប្រឡង​ជាប់​ យុវ​វ​សិស្ស​ទាំងអស់​ ត្រូវធ្វើ​ដំណើរ​ចូល​កាន់​បន្ទប់​ប្រឡង​ជាមួយនឹង​ចំណេះដឹង​គ្រប់គ្រាន់ ​ដើម្បី​អាច​ឆ្លើយ​រាល់​សំណួរនៅ​ក្នុង​ប្រឡង ​ដោយ​អាច​ធ្វើ​អោយ​ពួក​គេ​បាន​ជាប់​បាក់​ឌុ​ប​បាន​ ។

ប៉ុន្តែ​ គេ​សង្កេត​ឃើញ​ថា​ យុវ​សិស្ស​សម័យនេះ​ ហាក់​រវល់​ច្រើន​ជាមួយនឹង​​ទូរស័ព្ទ​ចល័ត​របស់​ពួក​គេ ​។ ​អ្នកខ្លះ​ឆ្លាត​​វៃ​អាច​ប្រើប្រាស់​ទូរស័ព្ទ​ ដើម្បី​រៀនសូត្រ​ ដោយ​ថត​មេរៀន​សង្ខេប​ទុក​ក្នុង​នោះ​ជាដើម​ ។

ប៉ុន្តែ​យុវ​សិស្ស​ជា​ច្រើន​ប្រហែលជា​បាន​ញៀន​នឹង​​លេង​ទូរស័ព្ទ​ដូច​ជា​លេង​ហ្គេ​ម ​និង​លេង​ហ្វេ​ស​ប៊ុ​ក​ជាដើម​ ។ ពួក​គេ​ចំណាយ​
ពេ​លវេលា​ជា​ច្រើន​ម៉ោង​ជាមួយ​ទូរស័ព្ទ​របស់​ពួក​គេ​ ដោយ​មិន​សេសសល់​ពេល​ទៀត​ សម្រាប់​មើល​មេរៀន ​ឬ​រំលឹក​មេរៀន ​។

ឥ​ឡូ​វ​ពេលវេលា​ប្រឡង​កាន់​​ជិត​តែ​មក​ដល់​ហើយ ពួក​គេ​ត្រូវ​តែ​ដកខ្លួន​ពី​ការ​កម្សាន្ត​ហួសហេតុ​ ជាមួយនឹង​ទូរស័ព្ទ​ ឬ​ក៏​កុំព្យូទ័រ​ ។ វា​ជា​ពេលវេលា​ ដែល​ពួក​គេ​ត្រូវ​ប្រមូល​កម្លាំង​ទាំងអស់ ​ដើម្បី​ប្រឹងរៀន​ប្រឡង​ឱ្យ​​ជាប់​បាក់​ឌុ​ប ​ដើម្បី​ឈាន​ដល់​ជីវិត​ថ្មី​មួយ​ទៀត​​នៅ​ថ្នាក់​​មហាវិទ្យាល័យ​ ។