តារា​ចម្រៀង​ដ៏​ល្បី កញ្ញា សុខ ពិសី លះ​បង់​តម្លៃ​ខ្លួន ដើម្បី​ជួយ​​មន្ទីរ​​ពេទ្យ​គន្ធ​បុប្ផា

(ភ្នំពេញ)៖ តារាចម្រៀងស្រីដ៏ល្បាញល្បី របស់កម្ពុជា កញ្ញា សុខ ពិសី បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ កញ្ញានឹងចូលរួមក្នុងការប្រគុំ តន្រ្តីដ៏អស្ចារ្យមួយ នៅសាកលវិទ្យាល័យន័រតុន ដើម្បីប្រមូលថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះមិនមែនជាលើកទី១ទេ សម្រាប់កញ្ញា សុខ ពិសី ដែលបានចូលរួម ក្នុងសកម្មភាពមនុស្សធម៌ និងជួយដល់សង្គម ពោលគឺនាងបានធ្វើការងារជាច្រើន លើកច្រើនសារមកហើយ។

ថ្លែងប្រាប់ KhmerTalking នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ តារាចម្រៀងសាច់សខ្ចី ដូចបណ្តូលចេក របស់ផលិតកម្មសាន់ដេរ កញ្ញា សុខ ពិសី បានឲ្យដឹងថា ការប្រគំតន្ត្រីមនុស្សធម៌ នៅម៉ោង៤រសៀល ថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ គឺរៀបចំដោយសាកលវិទ្យាល័យ ន័រតុន សហការជាមួយ សមាគមគ្រួសារតារាកម្ពុជា។

កញ្ញា សុខ ពិសី បញ្ជាក់ទៀតថា «ការចូលច្រៀងក្នុងកម្មវិធីប្រគំតន្ត្រី ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផានេះ ខ្ញុំចូលរួមដោយមិនទាមទារតម្លៃខ្លួនចេញសម្តែងឡើយ គឺខ្ញុំសុខចិត្តឲ្យអ្នករៀបចំ កម្មវិធីនេះ បង្វិលថវិកាតម្លៃខ្លួនរបស់ខ្ញុំ ដែលច្រៀងបានទាំងអស់ ជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា»។

អ្វីដែលកាន់តែមិននឹកស្មានដល់នោះ តារាចម្រៀងល្បីរូបនេះ បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែកញ្ញាដែលត្រូវនឹងថ្ងៃប្រគុំតន្ត្រីនោះ កញ្ញាសុខចិត្តលុបចោល ការងារផ្ទាល់ខ្លួនពីរ គឺថតផ្សាយពាណិជ្ជកម្មម្សៅលាបមុខ និងថតខារ៉ាអូខេ បទថ្មីរបស់កញ្ញាផងដែរ ដោយបានស្នើសុំឲ្យខាងក្រុមហ៊ុនថតស្ប៉ត និងខារ៉ាអូខេ លើកទៅថ្ងៃក្រោយ ដើម្បីយកពេលវេលានេះ ចូលរួមកម្មវិធីប្រគំតន្ត្រី ដ៏សំខាន់នេះ។

កញ្ញា សុខ ពិសី បានបញ្ជាក់ទៀតថា «ខ្ញុំសុខចិត្តលះបង់ការងារផ្ទាល់ខ្លួន មកចូលរួមក្នុងកម្មវិធីប្រគំតន្ត្រី ដើម្បីរកថវិកាជួយពេទ្យគន្ធបុប្ផា ព្រោះនេះការងារមានតម្លៃសម្រាប់សង្គម ជាពិសេសជួយដល់កុមារកម្ពុជា។ យើងដឹងហើយថា មន្ទីរពេទ្យគន្ធបុប្ផានេះ បានជួយព្យាបាលកុមារកម្ពុជា ដោយមិនយកប្រាក់ ដូច្នេះខ្ញុំចង់ចូលរួមជួយតាមលទ្ធភាព ដោយមិនយកប្រាក់ឡើយ ហើយបើលើកក្រោយមានកម្មវិធីនេះទៀត ខ្ញុំក៏រីករាយនឹងបន្តចូលរួមផងដែរ»៕ 

ប្រភព ៖
khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាតារាចម្រៀងស្រីសំឡេងស្រទន់ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានប្រកាសចេញលក់ CD Original Song លើទីផ្សារជាផ្លូវការហើយ គឺបទ «ម៉ែ» និងបទ «កំស្រឡាញ់គេអី» បន្ទាប់ពីចំណាយពេលនិពន្ធ អស់រយៈពេលជាច្រើនខែ។

បទ Original Song ចំនួនពីរបទ ដែលច្រៀងដោយតារាស្រីរូបស្រស់សោភា កញ្ញា សុខ ពិសី គឺជាស្នាដៃនិពន្ធទំនុកច្រៀងដោយ លោក ស៊ិន ធារី និងនិពន្ធបទភ្លេងថ្មីដោយ បូទី ។ បទ «ម៉ែ» និងបទ «កំស្រលាញ់គេអី» ដែលទើបត្រូវបានប្រកាសចេញលក់ គឺមាននៅក្នុង CD វ៉ុល ២១៦ របស់ផលិតកម្ម សាន់ដេ។

ជាមួយគ្នានឹងការប្រកាស ចេញលក់បទ Original Song ពីរបទ របស់ផលិតកម្មសាន់ដេនេះដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុក តារាចម្រៀងស្រីកញ្ញា សុខ ពិសី គេសង្កេតឃើញ នាង Share បង្ហោះភ្ជាប់ជាមួយឃ្លីបចម្រៀង ព្រមទាំងសរសេរថា «បទចម្រៀងថ្មីរបស់នាងខ្ញុំ បានចេញលក់ហើយសង្ឃឹមថា បងប្អូនទាំងអស់គ្នានឹងពេញចិត្ត..!»។

តាមការកត់សម្គាល់ បន្ទាប់ពីបទ Original Song ពីរបទរបស់ផលិតកម្មសាន់ដេ ច្រៀងដោយតារាចម្រៀង សុខ ពិសី ទើបត្រូវបានបង្ហោះចែករំលែក នៅលើបណ្តាញសង្គម ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ គឺមានការចាប់អារម្មណ៍គាំទ្រ (Like)និង Share ជាច្រើនពាសពេញបណ្តាញសង្គម ហ្វេសប៊ុក។

ចង់ដឹងថា Original Song ទាំងពីរបទចម្រៀង ដោយកញ្ញា សុខ ពិសី ពីរោះយ៉ាងណានោះ សូមស្តាប់ជាមួយ Khmertalking ទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload