រដ្ឋាភិបាល​កម្ពុជា​នឹង​បញ្ចប់​ច្បាប់​គ្រប់គ្រង​បណ្តាញ​សង្គម​និង​អ៊ីនធឺណិត​​នៅ​ចុង​ឆ្នាំ២០១៦

អង្គការសង្គមស៊ីវិលនិងអ្នកវិភាគមួយចំនួនធ្លាប់បានសម្តែងការព្រួយបារម្ភពីច្បាប់ «បទល្មើសបច្ចេកវិទ្យាព័ត៌មាន‍» ដែលគ្រប់គ្រងលើការប្រើប្រាស់បណ្តាញសង្គមនេះផងដែរ។

វ៉ាស៊ីនតោន — សេចក្តីព្រាងច្បាប់មួយដែលនឹងគ្របដណ្តប់លើការប្រើប្រាស់បណ្តាញសង្គមជាពិសេសហ្វេសប៊ុកកំពុងត្រូវរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យបានចប់នៅដំណាច់ឆ្នាំ២០១៦នេះឬដើមឆ្នាំក្រោយ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលកម្ពុជា។

លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់ VOA ក្នុងបទសម្ភាសន៍ពិសេសមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនថា ច្បាប់ដែលមានឈ្មោះថា«បទល្មើសបច្ចេកវិទ្យាព័ត៌មាន‍»មាន៧ជំពូកនិង៣៧មាត្រាហើយត្រូវបានក្រុមការងាររដ្ឋាភិបាលធ្វើសេចក្តីព្រាងរួចរាល់អស់ហើយនិងកំពុងតែធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងប្រទេសមួយចំនួនក្នុងនោះមានសហរដ្ឋអាមេរិកផងដែរ។

លោក ប៉ុល លឹម បានបញ្ជាក់បន្ថែមថា៖

«បានជាយើងចង់ធ្វើច្បាប់នេះឱ្យបានលឿនដោយសារបទល្មើសវាកើតមានឡើងច្រើន។ នៅលើពិភពលោកហ្នឹងមានការអនុវត្តច្បាប់ហ្នឹងឬការប្រើប្រាស់បច្ចេកវិទ្យាឆ្លងប្រទេសពីប្រទេសមួយទៅប្រទេសមួយដូច្នេះឧក្រិដ្ឋជនគេមានល្បិចច្រើនណាស់នៅក្នុងការឆ្លងកាត់ប្រទេសហ្នឹង»។

លោកបានបន្ថែមថា នៅក្នុងប្រទេសកម្ពុជាមានបទល្មើសតាមប្រព័ន្ធអេឡិកត្រូនិកកើតឡើងជាច្រើនហើយដែលទាមទារត្រូវមានច្បាប់នេះ៖

«មានប្រព័ន្ធអេឡិកត្រូនិកហ្នឹងទៅបោកបញ្ឆោតជេរបញ្ចោរ មួលបង្កាច់បង្ខូចកេរ្តិ៍ ញុះញង់ ធ្វើឱ្យអាប់អួរក្នុងសង្គម យើងមិនបណ្តែតបណ្តោយឱ្យធ្វើអីចឹងទៀតទេ។ យើងត្រូវតែទប់ស្កាត់‍»។

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាដែលមានតំណាងមកពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងទីស្តីការគណៈរដ្ឋមន្ត្រីបានមកធ្វើទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទទី៨ដល់ថ្ងៃសុក្រទី១២ ខែសីហាក្នុងរដ្ឋធានីវ៉ាស៊ីនតោនតាមការអញ្ជើញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយបានជួបពិភាក្សាដកពិសោធន៍ជាមួយនឹងចៅក្រម អ្នកជំនាញនៅក្រសួងយុត្តិធម៌ ក្រសួងការបរទេសនិងតំណាង ក្រុមហ៊ុនហ្វេសប៊ុកជាដើម។

អង្គការសង្គមស៊ីវិលនិងអ្នកវិភាគមួយចំនួនធ្លាប់បានសម្តែងការព្រួយបារម្ភពីច្បាប់ដែលគ្រប់គ្រងលើការប្រើប្រាស់បណ្តាញសង្គមនេះផងដែរ។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានប្រាប់ VOA នៅថ្ងៃអង្គារនេះថា នីតិវិធីតាក់តែងច្បាប់កន្លងមកបានបង្កការព្រួយបារម្ភដោយសារមានការលាក់បាំងហើយផ្អែកតាមសេចក្តីព្រាងច្បាប់ដែលបានបែកធ្លាយកន្លងមកគឺច្បាប់នេះមានលក្ខណៈតឹងរ៉ឹង។

លោកស្រីបន្ថែមថា៖

«បើយើងមើលទៅលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់នោះវិញហាក់ដូចជាមានចេតនាច្រើនក្នុងការរឹតបន្តឹងសេរីភាពក្នុងការបញ្ចេញមតិជាពិសេសតាមប្រព័ន្ធអ៊ីនធឺណិតហ្នឹងតែម្តង។ ហើយយើងដឹងហើយថាការបញ្ចេញមតិនៅតាមប្រព័ន្ធអ៊ីនធឺណិតនេះជាចលនាមួយដែលទំនើបហើយផ្តល់នូវចរន្តមួយដែលជាជម្រើសមួយផ្សេងទៀតខណៈដែលការបញ្ចេញមតិតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណីឬក៏ដោយផ្ទាល់មានលក្ខណៈរឹតបន្តឹង‍»។

បើទោះបីជាខ្លឹមសារចុងក្រោយនៃ ច្បាប់នេះមិនទាន់ត្រូវបានបង្ហាញឱ្យសាធារណជនបានដឹងប៉ុន្តែលោក ប៉ុល លឹម ថ្លែងការពារសេចក្តីព្រាងច្បាប់នេះថា៖

«ច្បាប់នេះចេញទៅមិនមានការគាបសង្កត់ បិទសេរីភាពឬរារាំងដល់ក្រុមហ៊ុនដល់អ្នកប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននេះទេ ដោយហេតុថាច្បាប់នេះចេញទៅក្នុងគោលការណ៍ធានាឱ្យមានការអប់រំការទប់ស្កាត់បទល្មើសដែលកើតឡើងពីបច្ចេកវិទ្យាព័ត៌មាន‍ដែលបុគ្គលខ្លះត្រូវតែមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានរបស់ខ្លួនហ្នឹងកុំឱ្យមានគេទៅលួចបំផ្លាញចោលឬមួយក៏ខ្លួនឯងធ្វើទៅ វាប៉ះពាល់ច្រឡំឈ្មោះឬច្រឡំលេខដែលអាចមានហានិភ័យប្រឈមនឹងច្បាប់នេះ»។

ក្រុមអ្នកតាមដានក៏បានស្នើឱ្យសុំមានការចូលរួមផ្តល់យោបល់ពីសាធារណជនតាមរយៈការធ្វើប្រជាមតិមួយដោយសារតែច្បាប់នេះប៉ះពាល់ដល់អ្នកប្រើប្រាស់បណ្តាញសង្គមទូទៅនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែលោក ប៉ុល លឹម យល់ថា ការធ្វើសិក្ខាសាលាពិគ្រោះយោបល់ជាមួយនឹងតំណាងអង្គការសង្គមស៊ីវិលគឺគ្រប់គ្រាន់ហើយ។

លោកបន្ថែមថា៖

«មិនចាំបាច់ធ្វើប្រជាមតិនៅទូទាំងប្រទេសឯណាទេពីព្រោះពលរដ្ឋមួយៗមានតំណាងនៅតាមភូមិឃុំ។ សង្គមស៊ីវិលមានដល់ជាង៤.០០០ ហើយគាត់មានតំណាងរបស់គាត់នៅក្នុងសង្គមស៊ីវិលម្នាក់។ ឧទាហរណ៍ប្រធានសមាគមមួយគាត់មានគ្នីគ្នារបស់គាត់ខ្លះ១០ ខ្លះ២០ ខ្លះ៣០ ចឹងពេលចូលរួមសិក្ខាសាលាគាត់លើកឡើងពីអនុសាសន៍ហើយ‍»។

ប៉ុន្តែលោកស្រី ចក់ សុភាព យល់ថា បទពិសោធន៍កន្លងមកគឺរដ្ឋាភិបាលមិនផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់អង្គការសង្គមស៊ីវិលធ្វើការសិក្សាលម្អិតពីផលប៉ះពាល់នៃច្បាប់មួយចំនួនទេដូចជាឱ្យសេចក្តីព្រាងច្បាប់ផ្ញើមកដល់នៅថ្ងៃសុក្រដើម្បីសិក្សាហើយត្រៀមចូលសិក្ខាសាលានៅថ្ងៃច័ន្ទជាដើម។ ពេលសិក្ខាសាលាទៀតសោតគឺធ្វើឡើងក្នុងទម្រង់ជាការធ្វើបទបង្ហាញដោយរដ្ឋាភិបាលនិងផ្តល់ឱកាសសាកសួរតែមួយម៉ោងគឺវាមិនមែនជាការពិគ្រោះយោបល់ទេ។

លោកស្រីយល់ស្របថា ការរឹតបន្តឹងលើការចែកចាយរូបភាពអាសអាភាសជាពិសេសរូបភាពអាសអាភាសរបស់កុមារនិងការជេរបញ្ចោរដោយសំដីអសីលធម៌ ឬញុះញង់ឱ្យស្អប់ជាតិសាសន៍គួរតែអនុវត្តប៉ុន្តែមិនត្រូវមានច្បាប់មួយដែលរឹតបន្តឹងលើការបញ្ចេញមតិហើយអនុវត្តដោយលម្អៀងលើអ្នកដែលមិនគាំទ្ររដ្ឋាភិបាលទេ៕

ប្រភព៖ VOA

 


រដ្ឋាភិបាល​កម្ពុជា​នឹង​បញ្ចប់​ច្បាប់​គ្រប់គ្រង​បណ្តាញ​សង្គម​និង​អ៊ីនធឺណិត​​នៅ​ចុង​ឆ្នាំ២០១៦

កំពូល​តម្កល់​ទោស​ ថោង សារ៉ាត់ និង​ឪពុក​ម្ដាយ​រឿង​ប្រើ​អាវុធ​ខុស​ច្បាប់

រដ្ឋាភិបាល​កម្ពុជា​នឹង​បញ្ចប់​ច្បាប់​គ្រប់គ្រង​បណ្តាញ​សង្គម​និង​អ៊ីនធឺណិត​​នៅ​ចុង​ឆ្នាំ២០១៦

ព្រះរាជអាជ្ញា សម្រេចចោទប្រកាន់ ជនដៃដល់ឈ្មោះ ផុន ភក្តី ជាអ្នកបាញ់សម្លាប់ប្អូន ខៀវ សុខារ៉ាវី