៣​នាក់​ឪពុក​ម្ដាយ​និង​កូនស្រី១១ឆ្នាំ លង់​ទឹក​ស្លាប់ ដោយសារ​ចង់​ថតរូប Selfie

ក្មេងស្រី​អាយុ​១១ឆ្នាំ​ម្នាក់​បាន​លង់​ទឹក​ស្លាប់ បន្ទាប់ពី​ធ្លាក់​ចូល​ទឹក​ទន្លេ ខណៈ​កំពុង​ព្យាយាម​ថតរូប Selfie ហើយ​ឪពុកម្ដាយ​របស់​នាង បាន​ព្យាយាម​ចុះ​ទៅ​ជួយ​នាង តែ​ជា​អកុសល​បែរ​ជា​ត្រូវ​ស្លាប់ នៅក្នុង​ហេតុការណ៍​នោះ​ដែរ។

 

៣​នាក់​ឪពុក​ម្ដាយ​និង​កូនស្រី១១ឆ្នាំ លង់​ទឹក​ស្លាប់ ដោយសារ​ចង់​ថតរូប Selfie

 

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​ថ្ងៃអង្គារ ទី១៦ ខែ​សីហា កន្លង​ទៅ​នេះ នៅក្នុង​ទន្លេ Kunhar River ដែល​ហូរ​ឆ្លង​កាត់​ខេត្ត Khyber Pakhtunkhwa ចម្ងាយ​ប្រមាណ​ជា ២០០គីឡូម៉ែត្រ ពី​ភាគ​ខាងជើង​នៃ​រដ្ឋធានី​អ៊ីស្លាម៉ាបាត ប្រទេស​ប៉ាគីស្ថាន។

 

«ក្មេងស្រី Safia Atif កំពុង​ព្យាយាម​ថតរូប Seflie តាម​បណ្តោយ​ទន្លេ ហើយ​ក៏​បាន​រអិល និង​ធ្លាក់​ចូល​ទឹក​ទន្លេ»។ នេះ​បើ​តាម​សម្តី​ប៉ូលិស​ក្នុង​តំបន់ លោក Arshad Khan ប្រាប់​សារព័ត៌មាន AFP។

 

លោក Khan បាន​ពន្យល់​ពី​ហេតុការណ៍​គ្រោះថ្នាក់ ដែល​ត្រូវ​ភ្ញៀវទេសចរ​ប្រទះឃើញ​ផ្ទាល់​នោះ​ទៀត​ថា «បន្ទាប់​មក​ម្តាយ Safia អ្នកស្រី Shazia Atif បាន​លោត​ចូល​ទឹកទន្លេ ដើម្បី​ជួយ​កូនស្រី ប៉ុន្តែ​ត្រូវ​ទឹក​ហូរ​យក​ទៅ​បាត់»។ លោក​បាន​បន្ថែម​ទៀត​ថា «ដោយ​ឃើញ​ប្រពន្ធ និង​កូនស្រី​កំពុង​លង់​ទឹក លោក Atif Hussain ក៏​លោត​ចូល​ទឹក​ទន្លេ​ដែរ​ដើម្បី​ជួយ​ពួកគេ ប៉ុន្តែ​គាត់​ក៏​បាន​ជួប​គ្រោះថ្នាក់​ដែរ»។

 

«សាកសព​ស្រ្តី​ជា​ម្តាយ និង​កូនស្រី ត្រូវ​បាន​រកឃើញ ខណៈ​យើង​កំពុងតែ​បន្ត​ស្វែងរក​សាកសព លោក Hussain»។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី លោក Khan។

 

គួរ​បញ្ជាក់​ថា លោក Hussain និង អ្នកស្រី Shazia គឺជា​គ្រូពេទ្យ មកពី​ខេត្ត Punjab ហើយ​បាន​នាំ​ក្រុម​គ្រួសារ​មក​លេង​នៅ​តំបន់​កើតហេតុ​ខាងលើ ក្នុង​ថ្ងៃ​វិស្សមកាល។ ទោះ​ជា​យ៉ាង​ណា កូនស្រី​អាយុ ៩ឆ្នាំ និង​កូនប្រុស​អាយុ ៦ឆ្នាំ របស់​ពួកគេ​បាន​រស់​រាន​មាន​ជីវិត និង​កំពុង​ស្ថិត​ក្រោម​ការ​មើលថែ​ពី​មន្រ្តី​រដ្ឋបាល​ក្នុង​តំបន់ ដើម្បី​រង់ចាំ​បញ្ចូន​ពួកគេ​ឲ្យ​ទៅ​សាច់ញាតិ្ត​របស់​ក្រុមគ្រួសារ​រងគ្រោះ៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ channelnewsasia