លោក​អភិបាលខេត្ត​អោយ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ខណៈ​គ្រោះថ្នាក់​មានការ​កើនឡើង​

ខេត្តកំពង់ឆ្នាំង៖ រយៈពេល២ថ្ងៃនេះ លោកអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជារកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ចេញប្រតិបត្តការផាកពិន័យចំពោះអ្នកបើកបរទោចក្រយានយន្តមិនមានកញ្ចក់មើលក្រោយ មិនពាក់មួកសុវត្ថិភាព និងអ្នកដឹកមនុស្សលើសកំណត់ច្បាប់ជាដើម ធ្វើការផាកពិន័យទៅលើអ្នកបើកបរផ្ទុកសំពីងសំពោង រថយន្តកែរច្នៃខុសលក្ខណៈបច្ចេកទេស និងអ្នកបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង។ ការធ្វើឡើងនេះ ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍កើនឡើងគួរអោយព្រួយបារម្ភនៅក្នុងខែសីហានេះ។

017a8

 

លោក ឈឹម សារុន នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានប្រាប់អោយដឹងថា៖ នៅក្នុងខែកក្កដា ឆ្នាំ២០១៦កន្លងមក គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំងកើតមានចំនួន៧ករណី បណ្តាលអោយស្លាប់ចំនួន៤នាក់ ក្នុងនោះស្រី៣នាក់ ប៉ុន្តែឈានចូលខែសីហា ឆ្នាំ២០១៦នេះ ក្នុងរយៈពេលតែ១៥ថ្ងៃ គឺកើតមានគ្រោះថ្នាក់ចរាចរណ៍រហូតដល់១០ករណី បណ្តាលអោយស្លាប់ចំនួន៥នាក់ របួសធ្ងន់១៣នាក់ របួសស្រាល២៣នាក់ និងបានចាប់បញ្ជូនជនបង្ករទៅសាលាដំបូងខេត្តមានចំនួន២ករណី។ បើប្រៀបធៀបក្នុងខែកក្កដា និងសីហា ឆ្នាំ២០១៦ ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងជាងខែកក្កដា និងសីហា ឆ្នាំ២០១៥ ដែលករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើងនេះ គឺបណ្តាលមកពីកត្តាមនុស្សដែលបើកបរមិនមានការប្រុងប្រយ័ត្ន ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ដឹកលើសកំណត់ច្បាប់ និងបើកបរក្នុងស្ថានភាពស្រវឹងជាដើម។

017a6

 

លោកបានបន្តថា៖ ដោយការសង្កេតឃើញមានការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវគោលការណ៍ក្តៅដោយអនុញាតិអោយកម្លាំងនគរបាលចរាចរណ៍ រឹតបណ្តឹងច្បាប់ចរាចរណ៍ឡើងវិញ។ ក្នុងរយៈ២ថ្ងៃនៃការរឹតបណ្តឹងច្បាប់ចរាចរណ៍នេះ គឺមានអ្នកបើកបរទោចក្រយានយន្តប្រមាណ៨៥%ដែលមិនបានពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ។

017a7

 

ដោយឡែកឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រេជាពលរដ្ឋដែលកំពុងប្រើប្រាស់ផ្លូវទាំងអស់ យកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ ដើម្បីរក្សាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ព្រោះគ្រោះថ្នាក់ចរាចរណ៍ វាមានផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀតក្នុងនាមជាអាជ្ញាធរខេត្ត ឯកឧត្តមមិនមែនចង់បានប្រាក់ប្រជាពលរដ្ឋពីការផាកពិន័យនោះទេ តែសំខាន់គឺចង់អោយប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ និងអាចកាត់បន្ថយបាននូវករណីគ្រោះថ្នាក់កើតឡើងដោយការមិនប្រុងប្រយ័ត្នរបស់យើង៕ ( កង្រី )