ចូវ សុធារ៉ា ត្រូវប៉ះជាមួយកីឡាការិនីកូឡុំប៊ី ក្នុងអូឡាំពិកក្រុង Rio រាត្រីនេះ

កីឡាការិនីចំបាប់ ចូវ សុធារ៉ា របស់កម្ពុជា នឹងត្រូវប៉ះជាមួយនឹងកីឡាការិនីកូឡុំប៊ី Carolina Castillo Hidalgo ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកជាលើកទីមួយរបស់នាងនៅរាត្រីនេះ ចាប់ពីម៉ោង៨យប់ (ម៉ោងនៅកម្ពុជា) តទៅ នៅពេលដែលនាងធ្វើការប្រកួតលើវិញ្ញាចំបាប់ សេរី ផ្នែកនារី ក្នុងទម្ងន់៤៨គីឡូក្រាម ក្នុងទីក្រុង Rio de Janeiro។

chov-sotheara

ក្រោយពីការថ្លឹងទម្ងន់ ពិនិត្យសុខភាព និងចាប់ឆ្នោត កីឡាការិនីរបស់កម្ពុជារូបនេះនឹងត្រូវធ្វើការប្រកួតក្នុងប្រភេទទម្ងន់មួយដែលមានកីឡាការិនីចូលរួមសរុបចំនួន១៨នាក់ ក្រោយពីត្រូវបានជម្រុះចេញពីរ២ប្រទេសដែលរួមមានវៀតណាម ដោយសារតែលើសទម្ងន់ និងហុងឌូរ៉ាស ដោយសារតែបញ្ហាឈឺជើង។ ចូវ សុធារ៉ា ដែលជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមកាលពីឆ្នាំ២០០៩ នៅប្រទេសឡាវ និងឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ានោះ កំពុងតែត្រៀមលក្ខណៈបានយ៉ាងល្អសម្រាប់ការប្រកួតរបស់នាង។ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលកំពុងមានវត្តមានក្នុងទីក្រុង Rio ប្រទេសប្រេស៊ីល បានប្រាប់ថា៖ «ចូវ សុធា កំពុងតែត្រៀមលក្ខណៈបានល្អ ដោយនាងបានធ្វើការហ្វឹកហាត់លើសាច់ដុំ និងត្រៀមរួចរាល់សម្រាប់ការប្រកួតរបស់នាង»។

carolina_castillo_hidalgo

អគ្គលេខាធិការរូបនេះបានបន្ថែមទៀតថា៖ «សុខភាពរបស់សុធារ៉ា ស្ថិតក្នុងកម្រិតល្អ ហេតុនេះ ជាការរំពឹងទុក រូបគេនឹងធ្វើបានល្អសម្រាប់ការប្រកួតនេះ»។ ចូវ សុធារ៉ា វ័យ៣៣ឆ្នាំ គឺជាកីឡាការិនីទី២ដែលមានវ័យចាស់ជាងគេបំផុតក្នុងចំណោមកីឡាករិនីទាំង១៨ប្រទេសដែលចូលរួមក្នុងវិញ្ញាសាទម្ងន់៤៨គីឡូក្រាមនេះ បន្ទាប់ពីកីឡាការិនីប៉ូឡូញ Iwona Matkowska ដែលមានវ័យ៣៤ឆ្នាំ។ ដោយឡែក ដៃគូរបស់នាងគឺ Carolina មានវ័យ២៥ឆ្នាំ កម្ពស់១,៥៧ម៉ែត្រ ហើយនាងក៏បានចូលរួមក្នុងការប្រកួតអូឡាំពិកទីក្រុងឡុងដ៍ ឆ្នាំ២០១២ ផងដែរ ប៉ុន្តែ បានធ្លាក់ចេញត្រឹមជុំទីមួយ។ នាង Carolina គឺជាម្ចាស់មេដាយសំរឹទ្ធពីការប្រកួតព្រឹត្តិការណ៍កីឡា Pan American Games ឆ្នាំ២០១៥ ក្នុងទីក្រុង Toronto ប្រទេសកាណាដា ហើយនាងបានបន្តឈ្នះមេដាយសំរឹទ្ធម្តងទៀតក្នុងយុទ្ធនាការប្រចាំទ្វីបអាមេរិកនេះ ក្នុងទីក្រុង Guadalajara ប្រទេសម៉ិកស៊ិក៕

chov-sotheara2

chov-sotheara3

The post ចូវ សុធារ៉ា ត្រូវប៉ះជាមួយកីឡាការិនីកូឡុំប៊ី ក្នុងអូឡាំពិកក្រុង Rio រាត្រីនេះ appeared first on CamboSport.