Volkswagen មិន​ញញើត​ការ​ប្រកួតប្រជែង​ពី​ទីផ្សារ​រថយន្ត​​ងងឹត

​ការ​ហូរ​ចូល​រថយន្ត​ដែល​​គ្មាន​ប្រភព​ច្បាស់លាស់​ដាក់​លក់​ពាសពេញ​ទីផ្សារ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទីផ្សារ​លក់​រថយន្ត​​ដែល​នាំ​ចូល​​ផ្លូវការ ក្រុមហ៊ុន​Volkswagen នៅ​តែ​មាន​សុទិដ្ឋិនិយម​សម្រាប់​​ទីផ្សារ​​លក់​រថយន្ត​របស់​ខ្លួន និង​ក៏​មិន​បារម្ភ​សម្រាប់​ការ​ប្រកួតប្រជែង។

 

Volkswagen មិន​ញញើត​ការ​ប្រកួតប្រជែង​ពី​ទីផ្សារ​រថយន្ត​​ងងឹត

 

លោក មិន សុផល អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ហ៊ុង ហ៊ាប ជា​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធ​នាំ​ចូល​រថយន្ត​ប្រភេទ Volkswagen ពី​ប្រទេស​អាល្លឺម៉ង់​ឲ្យ​ដឹង​ថា ការ​ហូរ​ចូល​រថយន្ត​ជា​ច្រើន​ដែល​ត្រូវ​បាន​គេ​នាំ​ចូល​ក្រៅ​ផ្លូវការ តិច​ឬ​ច្រើន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​លក់​រថយន្ត​របស់​ក្រុមហ៊ុន​នាំ​ចូល​ស្រប​ច្បាប់។ យ៉ាង​ណា លោក​បញ្ជាក់​ថា សម្រាប់​ Volkswagen នៅ​តែ​មាន​សុទិដ្ឋិនិយម ហើយ​ក៏​មិន​ខ្លាច​ការ​ប្រជែង​ទីផ្សារ​ដែរ។

 

លោក​ថា អតិថិជន​មួយ​ចំនួន​គិត​ថា ទិញ​រថយន្ត​ពី​ខាងក្រៅ​មាន​តម្លៃ​ថោក​ជាង ប៉ុន្តែ​ពួកគេ​ក៏​ត្រូវ​ដឹង​ពី​ប្រភព​រថយន្ត​ដែល​ត្រូវ​បាន​គេ​នាំ​ចូល​ ដែល​មិន​អាច​ឆ្លើយតប​តម្រូវការ​ប្រើប្រាស់​និង​នាំ​ហានិភ័យ​ខ្ពស់។

 

លោក​បញ្ជាក់​ថា រថយន្ត​ដែល​លក់​ក្នុង​ទីផ្សារ​ងងឹត​ ត្រូវ​បាន​គេ​នាំ​ចូល​ពី​ប្រភព​មិន​ច្បាស់លាស់ ដោយ​រថយន្ត​ខ្លះ​ត្រូវ​បាន​គេ​កែច្នៃ​ខុស​បច្ចេកទេស​ដើម​ពី​រោងចក្រ ដែល​អាច​នាំ​បញ្ហា​ក្នុង​ការ​ប្រើប្រាស់។

 

ទោះ​បី​បែប​នេះ​លោក​ថា ពលរដ្ឋ​បច្ចុប្បន្ន​ចាប់ផ្ដើម​យល់​ដឹង​ច្រើន​ពី​ការ​ជ្រើសរើស​រថយន្ត​ បើ​ទោះ​បី​មួយ​ចំនួន​នៅ​តែ​ស្ទាក់ស្ទើរ​​ពី​ការ​ចំណាយ​ខ្ពស់​សម្រាប់​ទិញ​រថយន្ត​ពី​ប្រភព​នាំ​ចូល​ផ្លូវការ។ លោក​ថា ការ​ទិញ​រថយន្ត​ពី​ក្រុមហ៊ុន​នាំ​ចូល​ដែល​ទទួល​ស្គាល់​ ផ្តល់​ទំនុក​ចិត្ត​និង​សុវត្ថិភាព​សម្រាប់​បើកបរ។ ជាមួយ​នេះ អតិថិជន​ក៏​ទទួល​បាន​ការ​ផ្តល់​ការ​ធានា​លើ​ការ​ថែទាំ និង​សេវា​ជួសជុល​ប្រកប​ដោយ​ស្តង់ដា។

 

Volkswagen បាន​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​ក្នុង​ទីផ្សារ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៣។ ការ​នាំ​យីហោ​រថយន្ត​លំដាប់​ពិភពលោក​នេះ ក្រុមហ៊ុន​ដ៏​ល្បី​មួយ​ទៀត​នេះ​ក៏​ប្រឈម​មុខ​ការ​ប្រកួតប្រជែង​ជាមួយ​ម៉ាក​រថយន្ត​ជា​ច្រើន​ទៀត ជាពិសេស​ក្នុង​ទីផ្សារ​ដែល​ពលរដ្ឋ​ ៩០ ភាគរយ នៅ​តែ​ទំនោរ​ពេញនិយម​រថយន្ត​មួយ​ទឹក​ជាង​រថយន្ត​ថ្មី​ដែល​នាំ​ចូល​ផ្លូវការ។

 

តាម​ក្រុមហ៊ុន​ហ៊ុន ហ៊ាប បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ ក្រុមហ៊ុន​លក់​រថយន្ត​បាន​ជាង ៦០ គ្រឿង​និង​រំពឹង​លក់​ឲ្យ​បាន ១០០ គ្រឿង​សម្រាប់​ឆ្នាំ ២០១៦៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា