គ្រូ​​ទ័ព​ថា​ ២​ប្រកួត​ចុង​​ក្រោយ​ប៉ះ​ក្រុម​ខ្សោយ​ ក៏​មិន​​អាច​ប្រហែស​បាន​

ក្រុម​ក្រសួង​ការពារ​ជាតិ​​នឹង​ជួប​ក្រុម​ដែល​មាន​កម្រិត​សមត្ថភាព​ទាប​ជាង​ខ្លួន​សម្រាប់​២​ប្រកួត​ចុង​ក្រោយ​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​២០១៦​នេះ​ ប៉ុន្តែ​គ្រូ​បង្វឹក​ក្រុម​នេះ​នៅ​តែ​​ឲ្យ​​កូន​ក្រុម​​របស់​ខ្លួន​ប្រុង​ប្រយ័ត្ន​​គ្រប់​ពេល​វេលា។

 

គ្រូ​​ទ័ព​ថា​ ២​ប្រកួត​ចុង​​ក្រោយ​ប៉ះ​ក្រុម​ខ្សោយ​ ក៏​មិន​​អាច​ប្រហែស​បាន​ លោក​គ្រូ ទេព ឡុងរចនា

 

លោក​ ​ទេព​ ឡុង​រចនា​​ គ្រូ​បង្គោល​របស់​ក្រុម​ក្រសួង​ការពារ​ជាតិ​បាន​និយាយ​ថា​ ថ្វី​បើ​​២​ក្រុម​ចុង​ក្រោយ​ដែល​ជួប​ក្រសួង​ការពារ​ជាតិ​មុន​បញ្ចប់​​លីគ​រដូវ​កាល​​នេះ​មាន​សមត្ថភាព​ហាក់​ទាប​ជាង​ទ័ព​ ប៉ុន្តែ​កូន​ក្រុម​របស់​លោក​មិន​អាច​ធ្វេស​ប្រហែស​បាន​ទេ​គឺ​ត្រូវ​តែ​យក​ឈ្នះ​ដាច់​ខាត។​

 

«ទោះ​​ជា​បាន​៣ពិន្ទុ​ពី​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​​ ក៏​ដោយ​យើង​មិន​ទាន់​សប្បាយ​ចិត្ត​ពេក​ទេ ​ព្រោះ​នៅ​មាន​២​ប្រកួត​ក្រោយ​ទៀត។ អ្នក​​គាំទ្រ​បាល់ទាត់​ខ្លះ​​គិត​ថា វា​ងាយ​ស្រួល​សម្រាប់​ទ័ព​​ដើម្បី​យក​ឈ្នះ​​សម្រាប់​២​ប្រកួត​ចុង​ក្រោយ​ តែ​ខ្ញុំ​មិន​គិត​អីចឹង​ទេ។ បាល់​ទាត់​មាន​ល្បិច​ និង​យុទ្ធ​សាស្ត្រា​ផ្សេងៗ​គ្នា។ ក្រុម​របស់​ខ្ញុំ​ត្រូវ​ប្រុង​ប្រយ័ត្ន​​ឲ្យ​បាន​ខ្ពស់​សម្រាប់​ការ​ប្រកួត​នៅ​សល់»។ សំដី​របស់​លោក ទេព ឡុងរចនា។

 

គ្រូ​​ទ័ព​ថា​ ២​ប្រកួត​ចុង​​ក្រោយ​ប៉ះ​ក្រុម​ខ្សោយ​ ក៏​មិន​​អាច​ប្រហែស​បាន​ ក្រុម​ក្រសួង​ការពារ​ជាតិ

 

សម្រាប់​ពីរ​ប្រកួត​ចុង​ក្រោយ​ ​ក្រុម​ក្រសួង​ការពារ​ជាតិ​ត្រូវ​ប្រឈម​នឹង​ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ និង​អាស៊ី​អឺរ៉ុប​ ប៉ុន្តែ​​សេចក្តី​សង្ឃឹម​លើក​ពាន​លីគ​រដូវ​កាល​នេះ​ហាក់​ស្ដួចស្ដើង​បន្តិច​ ខណៈ​​២​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​កំពូល​តារាង​បឹងកេត​អង្គរ​ក៏​ប៉ះ​ក្រុម​មិន​សូវ​ខ្លះ​ដែរ៕

 

 

អត្ថបទ៖ នួន ស៊ីណា​​