ក្រសួង​វប្បធម៌​រៀបចំ​មហោស្រពសិល្បៈ​ជាតិ​គំនូរ​បុរាណ​ឆ្នាំ​2016

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ប្រកាស​រៀបចំ​មហោស្រព សិល្បៈ​ជាតិ​គំនូរ​បុរាណ​ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ «​ហនុមាន​ចែចង់​នាង​សុវណ្ណ​មច្ឆា​» ដែល​កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៣ ដល់ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ក្នុង​បរិវេណ​សាលសន្និសីទ​ចតុម្មុខ រាជធានី​ភ្នំពេញ ។

យោង​តាម​សេចក្តីជូនដំណឹង​ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែសីហា ចុះហត្ថលេខា​ដោយ​លោក​ជំទាវ​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ឲ្យ​ដឹង​ថា ការ​ប្រារព្ធ​មហោស្រព​សិល្បៈ​ជាតិ​គំនូរ​បុរាណ​ឆ្នាំ​២០១៦​នេះ​នឹង​បើក​ទូលាយ​ដល់​សាធារណជន វិចិត្រករ និង​សិប្បករ​ទាំងអស់​ចូលរួម​ប្រកួត​ស្នាដៃ និង​ដាក់​តាំងពិព័រណ៍​ផលិត​ផល​វប្បធម៌ និង​វត្ថុ​សិល្បៈ​សូន​រូប​ផង​ដែរ ។

វិញ្ញាសា​ដែល​ត្រូវ​ចូលរួម​គឺ​ក្រោម​ប្រធានបទ «​ហនុមាន​ចែចង់​នាង​សុវណ្ណ​មច្ឆា​» ជាមួយនឹង​ផ្ទាំងគំនូរ​ដែល​មាន​ទំហំ​៥០​សង្ទីម៉ែត្រ​គុណ​នឹង​១០០​សង្ទីម៉ែត្រ ខណៈ​ពេល​ដែល​អ្នកចូលរួម​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ ។

បេក្ខជន​អាច​ដាក់​ពាក្យ​បាន​នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ រាជធានី​-​ខេត្ត ហើយនឹង​ចាប់ ទទួល​ស្នាដៃ​ចាប់ពី​ពេល​ផ្សាយដំណឹង​នេះ​តទៅ​រហូត​ដល់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៦ ។ ដោយឡែក​សម្រាប់​ជ័យ​លា​ភី​ចំណាត់ ថ្នាក់​លេខ​១ ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​២.៥០០.០០០​រៀល អម​ជាមួយ​ប័ណ្ណ​ជ័យ​លា​ភី និង​ពាន​។ ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​ប្រាក់​២.០០០.០០០​រៀល អម​ប័ណ្ណ​ជ័យ​លា​ភី និង​ពាន ។ ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​ប្រាក់​១.៨០០.០០០​រៀល អម​ប័ណ្ណ​ជ័យ​លា​ភី និង​ពាន ។ រង្វាន់​លើកទឹកចិត្ត អម​ដោយ​ប័ណ្ណសរសើរ​មួយ ។

តាម​រយៈ​សេចក្តី​ប្រកាស​ជូនដំណឹង​នោះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​រំពឹង​ថា សាធារណជន វិចិត្រករ សិល្បករ សិប្បករ អង្គការ សហគមន៍​នឹង​ចូលរួម​ក្នុង​មហោស្រព​សិល្បៈ​ជាតិ​គំនូរ​បុរាណ​ឆ្នាំ​២០១៦ នា​ពេល​ខាង​មុខ​នេះ​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​រួម​គ្នា​អ​ភ​រិ​ក្ស និង​លើក​ស្ទួយ​សិល្បៈ វប្បធម៌​ជាតិ ៕