សុះ ម៉ាច សន្យា​បន្តការងារ​មនុស្សធម៌​ទោះ​លែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ក្តី

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក សុះ ម៉ាច បាន​សន្យា​ថា លោក​នឹង​នៅ​តែ​បន្ត​មាគ៌ ា​មនុស្សធម៌​ជួយ​ដល់​អ្នកសិល្បៈ និង​អ្នក​ក្រៅ​រង្វង់​សិល្បៈ​ដែល​ជួប​ការ​លំបាក​ដដែល បើ​ទោះបីជា​អាណត្តិ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​របស់​លោក​នឹង​ត្រូវ​បញ្ចប់​នា​ពេល​ខាង​មុខ​នេះ​ក៏​ដោយ ។

លោក​សុះ ម៉ាច បាន​កាន់​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ចំនួន​២​អាណត្តិ​កន្លង​មក​ហើយ​ៗ​អាណត្តិ​របស់​លោក​នឹង​ត្រូវ​បញ្ចប់​នា​អំឡុង​ខែកញ្ញា ២០១៦ ។

បើ​ទោះបីជា​ក្នុង​អាណត្តិ​ដែល​លោក​សុះ មា​៉​ច បាន​កាន់កាប់​នោះ​មាន​បញ្ហា​ចម្រូងចម្រាស​ក្នុង​ការ​ប្រើប្រាស់​ប្រាក់​សមាគម និង​បញ្ហា​មួយ​ចំនួន​ទៀត​យ៉ាងណា​ក៏​ដោយ ក៏​ប៉ុន្តែ​ជា​រឿយ​ៗ​លោក សុះ ម៉ាច តែងតែ​បង្ហាញ​វត្តមាន​ជួយ​ដល់​អ្នកសិល្បៈ​ដែល​ជួប​ការ​លំបាក​ជា​បន្តបន្ទាប់ បើ​ទោះបីជា​ប្រាក់​ដែល​ផ្តល់​ជូន​នោះ​នៅ​មាន​កម្រិត​នៅឡើយ​ក្តី ។

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច ប្តេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​បន្ត​ជួយ​ដល់​សិល្បករ ចាស់​ៗ​ដែល​ជួប​ការ​លំបាក និង​បាត់បង់​សមត្ថភាព​ក្នុង​ការ​សម្តែង​ដដែល បើ​ទោះបីជា​លោក​ត្រូវ​ផុត​អាណត្តិ​ក៏​ដោយ ។

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច អះអាង​ថា «​ដរាបណា​ភ្នែក​ខ្ញុំ​នៅ​មើលឃើញ​ត្រចៀក​ខ្ញុំ​នៅ​ស្តាប់​ឮ បេះដូង​ខ្ញុំ​នៅ​ដើរ សុខភាព​ខ្ញុំ​នៅ​រឹង​មាំ ទោះបី​ជីវភាព​របស់ខ្ញុំ​មិន​ធូរធារ​ក៏​ដោយ​ក៏​ខ្ញុំ​នឹង​នៅ​តែ​បន្ត​ធ្វើអំពើ​សប្បុរស​ដោយ​គ្មាន​ការ​រើសអើង​ឡើយ មិន​ថា​អ្នកសិល្បៈ ឬ​មិនមែន​អ្នកសិល្បៈ​នោះ​ទេ ។

អាណត្តិ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ទី​ពីរ​របស់ខ្ញុំ​នឹង​ត្រូវ​បញ្ចប់​នៅ​ពាក់កណ្តាល​ខែកញ្ញា​ខាង​មុខ​នេះ​ហើយ ក៏​ប៉ុន្តែ​ខ្ញុំ​នឹង​នៅ​តែ​បន្ត​ជួយ​ទៅ​តាម​លទ្ធភាព​របស់ខ្ញុំ​ជាមួយ​ប្រធាន​សមាគម​ថ្មី ខណៈ​ពេល​ដែល​ខ្ញុំ​មានការ​សង្ឃឹមទុក​ថា ប្រធាន​ថ្មី​នឹង​មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​អ្នកសិល្បៈ​ទាំងអស់​រួបរួម​គ្នា​ដោះស្រាយ​បញ្ហា​ទុក្ខ​លំបាក​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ជួយ​គ្នា​លើក​ស្ទួយ​អភិរក្ស និង​អភិវឌ្ឍ​វិស័យ​សិល្បៈ​ជាតិ​ឱ្យ​បាន​រុងរឿង​តទៅ​ថ្ងៃ​មុខ ។ ខ្ញុំ​នឹង​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ដើម្បី​ជាតិ​របស់ខ្ញុំ​» ។

លោក​សុះ ម៉ាច នៅ​មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ទេ​ថា ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ថ្មី​ដែល​នឹង​ត្រូវ​ជំនួស​លោក​នោះ​ជា​អ្នក​ណា​ឡើយ ដោយសារ​តែ​ត្រូវ​រង់ចាំ​ការ​បោះ​ឆ្នោត ។

លោក​សុះ ម៉ាច បញ្ជាក់​ថា ជា​ធម្មតា​តាម​លក្ខន្តិកៈ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ម្នាក់​អាច​កាន់កាប់​តំណែង​នេះ​តែ​ពីរ​អាណត្តិ​ប៉ុណ្ណោះ ពោល​គឺ​មិន​អាច​បន្ត​តំណែង​នេះ​ទៀត​ឡើយ លើកលែងតែ​មាន​ករណី​ពិសេស និង​ចាំបាច់​ណាមួយ ។

បើ​តាម​លោក​សុះ ម៉ាច បើ​ទោះបីជា​ប្រធាន​ចាស់ ឬ​ថ្មី​ក៏​ដោយ​លោក​អំពាវនាវ​ដោយ​ទទូច​សូម​ឲ្យ​អ្នកសិល្បៈ​ខ្មែរ​យើង​ទាំងអស់​ត្រូវ​រួបរួម​គ្នា និង​ចូលរួម​ជាមួយ​សមាគម​សិល្បករ​ខ្មែរ​តែ​មួយ ដើម្បី​ឲ្យ​សមាគម​មួយ​នេះ​មាន​លទ្ធភាព​ដោះ​រាល់​បញ្ហា ផ្សេង​ៗ​ដែល​កើត​មាន​ចំពោះ​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​រង្វង់​សិល្បៈ​ដូច​គ្នា ៕