កូនប្រុស​ស្តេច​គ្រឿងញៀន​ម៉ិកស៊ីកូ ត្រូវ​ក្រុម​ក្មេង​ទំនើង​ចាប់​ខ្លួន

កូនប្រុស​របស់​ស្តេច​គ្រឿងញៀន​ម៉ិកស៊ីកូ Joaquin “El Chapo” Guzman ត្រូវ​បាន​គេ​ចាប់ខ្លួន កាលពី​ថ្ងៃច័ន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ។

 

កូនប្រុស​ស្តេច​គ្រឿងញៀន​ម៉ិកស៊ីកូ ត្រូវ​ក្រុម​ក្មេង​ទំនើង​ចាប់​ខ្លួន

ស្តេច​គ្រឿងញៀន​ម៉ិកស៊ីកូ Joaquin “El Chapo” Guzman

 

យោងតាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោក Jesus Alfredo Guzman អាយុ​២៩ឆ្នាំ ដែល​ជា​កូនប្រុស​ស្តេច​គ្រឿងញៀន Joaquin Guzman បាន​ស្ថិត​នៅក្នុង​ចំណោម​សមាជិក​ចំនួន ៦នាក់ នៃក្រុម «Sinaloa Cartel» ដែល​ត្រូវ​បាន​ក្រុម​ក្មេង​ទំនើង​​ជា​គូប្រជែង ឈ្មោះ «Jalisco New Generation» ចាប់ខ្លួន។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅឯ​ភោជនីយដ្ឋាន​មួយ​កន្លែង​ឈ្មោះ «La Leche» ស្ថិតក្នុង​ទីក្រុង Puerto Vallarta ប្រទេស​ម៉ិកស៊ីកូ។

 

គួរបញ្ជាក់ថា ស្តេច​គ្រឿងញៀន Joaquin Guzman មាន​វ័យ​ប្រហែល ៦០ឆ្នាំ ដែល​កំពុង​ស្ថិត​នៅក្នុង​គុក ក្រោយ​ត្រូវ​ចាប់ខ្លួន​បាន​មក​វិញ កាល​ពី​ខែមករា ពោល​គឺ​រយៈពេល ៦ខែ បន្ទាប់ពី​រត់​ចេញ​ពី​គុក​តាម​រូង​ក្រោមដី ប្រវែង ១,៦គីឡូម៉ែត្រ បាន​ដឹកនាំ​ក្រុម Sinaloa Cartel អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ខណៈ Jesus Alfredo ដែល​ជា​កូនប្រុស​របស់​លោក ត្រូវ​បាន​គេ​សង្ស័យ​ថា គឺ​ជា​សមាជិក​ជាន់​ខ្ពស់​ម្នាក់ នៅ​ក្នុង​ក្រុម​នោះ។ Jesus Alfredo ក៏​កំពុងតែ​ត្រូវ​ប៉ូលិស​អាមេរិក​តាម​ចាប់ខ្លួន ដោយ​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ផងដែរ។

 

Sinaloa Cartel គឺជា​ក្រុម​ជួញដូរ​គ្រឿងញៀន​អន្តរជាតិ លាង​លុយ​កង្វក់ និង​ឧក្រិដ្ឋកម្ម ដែល​បាន​បង្កើត​ក្នុង​អំឡុង​ពាក់​កណ្តាល​ឆ្នាំ ១៩៨០។ រីឯ Jalisco New Generation គឺជា​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ជំនាន់​ក្រោយ ដែល​បាន​បង្កើត​ឡើង​ក្នុងឆ្នាំ ២០០៩ ហើយ​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស និង​ជា​គូ​ប្រជែង​ជាមួយ ក្រុម Sinaloa Cartel៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ BBC