ស៊យ​ណាស់ ! បាន​ត្រឹម​ឈរ​ស្រែក​ឲ្យ​គេ​ជួយ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​​រង​គ្រោះ​ម្នាក់​បាន​ឈរ​ស្រែក ចោរ​ៗ​ដើម្បី​ឲ្យ​គេ​ជួយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ នៅ​ចំណុច​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក បន្ទាប់​ពី​ស្ត្រី​រូប​នោះ​ត្រូវ​ចោរឆក់​កាបូប​យក​ទៅ​បាត់ ។
ស្ត្រី​រង​គ្រោះ​មានឈ្មោះ ថោ​ង គឹ​ម​ហុង អាយុ​៤៣​ឆ្នាំ មុខរបរ​លក់​ផ្លែ​ឈើ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ចេញ​មក​ពី​ផ្ទះ​គាត់​នៅ​ម្តុំ​ភូមិ​ឫស្សី ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1T 4511 មាន​ដឹក​ផ្លែ​ឈើ​២​កេស​នៅ​លើ​ម៉ូតូ បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ត្រឡប់​មក​ពី​ទិញ​ផ្លែ​ឈើ​នៅ​ផ្សារ​នាគ​មាស​យក​ទៅ​លក់​បន្ត ដោយ​ធ្វើ​ដំណើរ​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ជិត​ដល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ប្រភេទ​អូ​តូ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​គាត់​បាន​សម្រេច ហើយ​បើក​ទៅ​ផ្លូវ​បឹង​សាឡា​ង​គេចខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​ស្ត្រី​រង​គ្រោះ​គាត់​ស្រែ​កថា ចោរ​ៗ​ដើម្បី​ឲ្យ​គេ​ជួយ​តែ​ប៉ុណ្ណោះ ។

បើ​តាម​សំដី​របស់​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ថា នៅ​ក្នុង​កាបូប​របស់​គាត់​មាន​លុយ​ជិត​៣​លាន​រៀល ហើយ​គាត់​ទិញ​ផ្លែ​មួយ​ជើង​អស់​ជិត​១​លាន​រៀល ចឹ​ង​នៅ​ក្នុង​កាបូប​របស់​គាត់​សល់​ជិត​២​លាន​រៀល ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​មក​កន្លែង​កើតហេតុ តែ​ជន​រង​គ្រោះ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ៕