តាំង​ម៉េង ធ្វើ​ការ​នៅ​សិង្ហបុរី សង្ឃឹម​​បាន​​បទ​ពិសោធន៍ ​បើក​ក្រុមហ៊ុន​នៅ​ស្រុក​កំណើត​

តាំង ម៉េង អ្នក​ជំនាញ​ផ្នែក​បង្កើត​កម្មវិធី Android នៅ​សិង្ហបុរី​សង្ឃឹម​នឹង​មាន​លទ្ធភាព​បើក​ជំនួញ​ផ្ទាល់​ខ្លួន​នៅ​កម្ពុជា ក្រោយ​ទទួល​បាន​បទ​ពិសោធន៍​ច្រើន​ពី​សិង្ហបុរី។

 

តាំង​ម៉េង ធ្វើ​ការ​នៅ​សិង្ហបុរី សង្ឃឹម​​បាន​​បទ​ពិសោធន៍ ​បើក​ក្រុមហ៊ុន​នៅ​ស្រុក​កំណើត​

 

បច្ចុប្បន្ន​អតីត​និស្សិត​អាហារូបករណ៍​ផ្នែក​វិស្វករ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ Nanyang សិង្ហបុរី​រូប​នេះ បាន​បម្រើការ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កូន​នាគ​អាស៊ី​នេះ​រយៈ​ជាង ២ឆ្នាំ ដើម្បី​សន្សំ​បទ​ពិសោធន៍​សម្រាប់​បើក​ជំនួញ​ផ្ទាល់​ខ្លួន​នៅ​ប្រទេស​កំណើត​។

 

តាំង ម៉េង មាន​បំណង​បង្កើត​ក្រុមហ៊ុន​ផ្ដល់​ដំណោះ​ស្រាយ​លើ​វិស័យ​បច្ចេកវិទ្យា ស្រដៀង​គ្នា​នឹង​ក្រុមហ៊ុន​ដែល​កំពុង​បម្រើ​ការងារ​នៅ​សិង្ហបុរី​សព្វ​ថ្ងៃ។ អ្នក​បង្កើត​កម្មវិធី Android រូប​នេះ​បញ្ជាក់​ថា ក្រុមហ៊ុន​គ្រោង​​បើក​នោះ​ ផ្តល់​សេវាកម្ម​ជា​ច្រើន​ដូចជា បង្កើត Server វិបសាយ បង្កើត​កម្មវិធី​ទូរសព្ទ និង​សេវាកម្ម​ផ្សេង​ទៀត​ទាក់ទង​នឹង IT បម្រើ​ដល់​អតិថិជន។

 

អ្នក​ជំនាញ IT កូនកាត់​ចិន​រូប​នេះ​ថា ប្រហែល ៤ ទៅ ៥ ឆ្នាំ​ទៅ​មុខ វិស័យ ICT នៅ​កម្ពុជា​នឹង​កាន់​តែ​ធំ​ទូលាយ នោះ​ហើយ​ជា​ពេល​ស័ក្ដិសម​ក្នុង​ការ​វិល​ត្រឡប់​មក​មាតុភូមិ ដើម្បី​បើក​ក្រុមហ៊ុន និង​រួម​ចំណែក​អភិវឌ្ឍ​​ជាតិ។

 

មហិច្ឆតា​របស់​ ម៉េង មិន​មែន​ត្រឹម​តែ​ធ្វើ​ការ​សន្សំ​បទ​ពិសោធន៍​នៅ​ក្រុមហ៊ុន​សិង្ហបុរី​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្លាប់​មាន​បំណង​ធ្វើ​ការ​នៅ​ក្រុមហ៊ុន Facebook និង Google ដើម្បី​មាន​អាច​អភិវឌ្ឍន៍​ខ្លួន តែ​បច្ចុប្បន្ន​ឱកាស​មិន​ទាន់​អំណោយ​ផល​ល្អ​សម្រាប់​អ្នក​អភិវឌ្ឍ​កម្មវិធី​វ័យ​ក្មេង​រូប​នេះ​នៅ​ឡើយ។ យ៉ាង​ណា តាំង ម៉េង នៅ​តែ​មិន​អស់​សង្ឃឹម ដោយ​ថា​នឹង​ដាក់​ពាក្យ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​យក្ស​ទាំង​ពីរ​នេះ​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​ទាល់​តែ​ជាប់៕

 

អាន៖ តាំង ម៉េង៖ “ខ្ញុំ​នឹង​ដាក់​ពាក្យ​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​ជាប់​ការងារ​នៅ Facebook ឬ Google ”

 

អត្ថបទ៖ ប៉ែត ផាន់និត

រូបថត៖ ផ្តល់​ឲ្យ