រឿង​កសិករ​ខ្មែរ​នៅ​ក្រុង​បាវិត ជួល​ដី​តាម​ព្រំដែន​ឲ្យ​យួន​កំពុង​បង្ក​ឲ្យ​មាន​សេចក្ដី​ព្រួយបារម្ភ​

​រឿងរ៉ាវ​កសិករ​ខ្មែរ​មួយចំនួន​នៅ​ភូមិ​កណ្ដាល សង្កាត់​ប្រាសាទ ក្រុង​បាវិត ជួល​ដី​តាម​តំបន់​ព្រំដែន​ឲ្យ​យួន​ប្រកប​របរ​កសិកម្ម​កំពុង​បង្ក​ឲ្យ​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​អំពើ​រំលោភ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ខ្មែរ​តាម​ព្រំដែន​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​-​យួន នៅ​សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្តស្វាយរៀង នាំគ្នា​ផ្ដិតមេដៃ​ដាក់ជូន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​បញ្ឈប់​សកម្មភាព​ជួល​ដី​តាម​ព្រំដែន​ឲ្យ​ជនជាតិ​យួន​ប្រកប​របរ​កសិកម្ម​។ ជាមួយគ្នានេះ​ក៏មាន​ការអំពាវនាវ​ឲ្យ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប្រជាកសិករ​ខ្មែរ​មួយចំនួន​ជួល​ដីស្រែ​ចម្ការ​ឲ្យ​យួន​ដោយ​ខុស​ការពិចារណា​តទៅទៀត​។

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ប្រាសាទ ក្រុង​បាវិត ដែល​ផ្ដិតមេដៃ​ស្នើ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ទប់ស្កាត់​ករណី​ជួល​ដី​តាម​ព្រំដែន​ឲ្យ​យួន​នោះ បាន​កើតឡើង​ក្រោយពី​ពលរដ្ឋ​នៅ​ភូមិ​កណ្ដាល សង្កាត់​ប្រាសាទ មើលឃើញថា​បច្ចុប្បន្ន​ជនជាតិ​យួន​នៅតែ​បន្ត​ចូលមក​ជួល​ដី​ពី​កសិករ​ខ្មែរ​សម្រាប់​ដាំ​ដំណាំ​កសិកម្ម​កាន់តែច្រើន បើទោះបី​រដ្ឋាភិបាល​ខ្មែរ​ចេញ​សារាចរ​ណែនាំ​រួចទៅហើយ​ក៏ដោយ​។ ប្រជាពលរដ្ឋ​ដែល​ផ្ដិតមេដៃ​លើ​សំណើ​ដាក់ជូន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា អ្វីដែល​ពួកគាត់​ធ្វើ​គឺ​មកពី​ពួកគាត់​ព្រួយបារម្ភ​ខ្លាច​បាត់បង់​បូរណភាព​ទឹកដី ព្រោះ​យួន​មិនដែល​បោះបង់​ល្បិចកល់​រំលោភ​ឈ្លានពាន​ទឹកដី​ខ្មែរ​ទេ​។ ម្យ៉ាងទៀត​ជនជាតិ​យួន​ដែល​ជួល​ដី​ពី​កសិករ​ខ្មែរ​តាម​ព្រំដែន បាន​បាញ់ថ្នាំ​សម្លាប់​ស្មៅ​ធ្វើ​ឲ្យ​គោក្របី​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​ស៊ី​ស្មៅ​នោះ​ហើយ​ត្រូវ​ងាប់​ជា​បន្តបន្ទាប់ គិត​មកដល់ពេលនេះ​គោក្របី​របស់​អ្នកភូមិ​តាម​ព្រំដែន​ងាប់​ជាង​១០០​ក្បាល​ហើយ​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​ប្រាសាទ ក្រុង​បាវិត បាន​ឲ្យ​ដឹងថា ដី​ដែល​ជនជាតិ​យួន​ជួល​ពី​កសិករ​ខ្មែរ​សម្រាប់​ដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ​នោះ មាន​ទំហំ​ប្រមាណ​២០០​ហិកតា​ដែល​លាតសន្ធឹង​ពី​បង្គោល​ព្រំដែន​លេខ​១៧៣​ប្រមាណ​២​គីឡូម៉ែត្រ​។ ប្រជាពលរដ្ឋ​បាន​ត្អូញត្អែរថា​ពួកគាត់​ខ្លះ​ខ្ចីលុយ​ពី​ធនាគារ​ឬ​ពី​អង្គការ​ផ្សេងៗ​យកមក​ទី​ញ​គោក្របី​ចិញ្ចឹម​ឲ្យ​ធំធាត់ ដើម្បី​លក់បាន​ប្រាក់ចំណេញ​សម្រាប់​ដោះស្រាយ​ជីវភាព ប៉ុន្តែ​គោក្របី​ទាំងនោះ​ត្រូវ​ងាប់​ដោយសារ​ថ្នាំ​បាញ់​ស្មៅ​របស់​យួន​។ ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ស​ងា្ក​ត់​ប្រាសាទ ក៏ដូចជា​អាជ្ញាធរ​ក្រុង​បាវិត និង​អាជ្ញាធរ​ខេត្តស្វាយរៀង ធ្វើយ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​មាន​កសិករ​ជួល​ដី​តាម​ព្រំដែន​សម្រាប់​យួន​ដាំ​ដំណាំ​កសិកម្ម​តទៅទៀត​។

ក្រោយពេល​ប្រជាពលរដ្ឋ​ស្នើ​ទៅ​អាជ្ញាធរ​ឲ្យ​ទប់ស្កាត់​ករណី​ជួល​ដី​តាម​តំបន់​ព្រំដែន​ទៅ​ឲ្យ​យួន ទើប​គេ​ឃើញ​មន្ត្រី​អាជ្ញាធរ​ក្រុង​បាវិត សន្យា​ចុះទៅពិនិត្យ​តំបន់​ដែល​ប្រជាកសិករ​មួយចំនួន​ជួល​ដី​ឲ្យ​យួន​ដាំ​ដំណាំ​កសិកម្ម​តាម​ព្រំដែន​។ ការចុះ​ត្រួតពិនិត្យ​របស់​អាជ្ញាធរ​ក្រុង​បាវិត គឺ​ធ្វើតាម​បញ្ជា​របស់លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ដូច្នេះ​ប្រជាពលរដ្ឋ​សង្ឃឹមថា​អាជ្ញាធរ​ក្រុង​បាវិត ដែលមាន​លោក សេង សិលា ជា​អភិបាលក្រុង អាច​ចាត់វិធានការ​ទប់ស្កាត់​មិន​ឲ្យ​មាន​កសិករ​ជួល​ដី​តាម​ព្រំដែន​ឲ្យ​យួន​តទៅ​ទៀតឡើយ​។ ដោយហេតុថា ការជួល​ដី​តាម​ព្រំដែន​ឲ្យ​យួន​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ល​រដ្ឋ​ខ្មែរ​តាម​ខ្សែ​ព្រំដែន​ប៉ុណ្ណោះ​ទេ គឺអាច​នាំ​ឲ្យ​មាន​បញ្ហា​បាត់បង់​បូរណភាព​ទឹកដី​ចៀស​មិន​ផុត​ឡើយ​៕

49c218f87a09ec8239cbd29eb68e6e47លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង cb0dacd9-3d91-435b-8ebe-921c56bbbbe9 e8f1c121-7db8-43c1-9575-42e7e56b0eb2 1a6731e5-2b89-453b-abae-a7298b7ad1bd