អ្នកស្រី ថាក់ ឡានី បដិសេធ​ចូល​ខ្លួន​តាម​ដីកា​កោះ​របស់​តុលាការ​ជា​លើក​ទី​២

សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី បដិសេធ​ចូល​ខ្លួន​តាម​ដីកា​កោះ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​លើក​ទី២ នៅ​ថ្ងៃ​ទី​១៧ សីហា ជុំវិញ​បណ្ដឹង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ថ្លែង​តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី​១៧ សីហា ថា ជន​ជាប់​សង្ស័យ​ឈ្មោះ ថាក់ ឡានី មិន​បាន​ចូល​ខ្លួន​តាម​កាល​បរិច្ឆេទ​នៃ​ការ​កោះ​ហៅ​លើក​ទី២ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។ លោក​បន្ត​ថា តុលាការ​សម្រេច​បន្ត​ចំណាត់​ការ​ស៊ើបអង្កេត​រឿង​ក្ដី​នេះ​ទៀត​ដោយ​ពិនិត្យ​លើ​ពាក្យ​បណ្ដឹង ភស្តុតាង និង​សាក្សី​ដែល​មាន​ប្រយោជន៍ ដល់​ចំណាត់​ការ​រឿង​ក្ដី​នេះ។

តែ​យ៉ាងណា​ក៏​ដោយ មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នកស្រី ថាក់ ឡានី គឺ​លោក សំ សុគង់ បាន​ចូល​មក​បំភ្លឺ​ជុំវិញ​ករណី​នេះ នៅ​ព្រឹក​មិញ ទោះបីជា​អ្នកស្រី ថាក់ ឡានី បដិសេធ​ចូល​ខ្លួន​បំភ្លឺ​ក្ដី។

សំ សុគង់ ២០១៦ ៨៥៥
លោក​មេធាវី សំ សុគង់ ពេល​មក​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth

អ្នកស្រី ថាក់ ឡានី ត្រូវ​បាន​លោក ហ៊ុន សែន ប្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ សីហា ជុំវិញ​ការ​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី។ បណ្ដឹង​នេះ លោក ហ៊ុន សែន ទាមទារ​ឲ្យ​តុលាការ ផ្ដន្ទាទោស​អ្នកស្រី ថាក់ ឡានី តាម​ច្បាប់ និង​ទារ​សំណង​ជំងឺ​ចិត្ត​ក្នុង​ម្នាក់ ១០០​រៀល។

ប៉ុន្តែ​សម្រាប់​អ្នកស្រី ថាក់ ឡានី ធ្លាប់​បាន​ប្រកែក​ថា អ្នកស្រី​មិន​បាន​ចោទ​ប្រកាន់​លោក ហ៊ុន សែន ដូច្នោះ​ទេ ដោយ​អ្នកស្រី បញ្ជាក់​ថា ឃ្លីប​វីដេអូ​ដែល​គេ​បង្ហោះ​ជា​សាធារណៈ​នោះ គឺ​ជា​ការ​កាត់​ត ដើម្បី​ទម្លាក់​កំហុស​មក​លើ​អ្នកស្រី។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។