ប្រតិភូ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា ចុះ​បំពេញការងារ​នៅ​ខេត្តរតនគិរី​

លោក ប៉ុល ហំ​ម តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា នៅ​ថ្ងៃ​ម្សិលមិញ បាន​ដឹកនាំ​ប្រតិភូ​គណៈកម្មការ​ចុះ​សិក្សា​ស្វែងយល់​ការងារ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៅ​ខេត្តរតនគិរី ហើយនឹង​បន្តទៅ​ខេត្តមណ្ឌលគិរី និង​ក្រចេះ​។​

ក្នុង​ដំណើរ​ចុះ​បំពេញបេសកកម្ម​នេះ គណៈប្រតិភូ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រី​ជំនាញ​នៅ​មន្ទីរ​ស្ថាប័ន​ជុំវិញ​ខេត្ត និង​ចុះ​ជួប​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដោយផ្ទាល់​ផងដែរ​។ លោក ប៉ុល ហំ​ម បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្តរតនគិរី និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញការងារ បម្រើ​ប្រជាពលរដ្ឋ និង​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​នានា ដើម្បី​អភិវឌ្ឍន៍​ខេត្ត​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​។​

ជាការ​ឆ្លើយតប លោក លន់ សុភាព អភិបាលរង​ខេត្តរតនគិរី  បាន​ជម្រាបជូន​គណៈប្រតិភូ នៃ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា ពី​ការងារ​កសិកម្ម និង​បរិស្ថាន​ក្នុង​ខេត្ត ដោយបាន​លើកឡើងថា ខេត្តរតនគិរី បាន​កំពុង​យកចិត្តទុកដាក់​ក្នុងការ​ជំរុញ ការដាំដុះ​ដំណាំ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម ដូចជា​ដំណាំ​កៅស៊ូ ម្រេច ដំឡូង​មី និង​ការ​ចិញ្ចឹមសត្វ​ជាដើម​។

គួរ​បញ្ជាក់ថា ទន្ទឹមនឹង​ការលើកកម្ពស់​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម ខេត្តរតនគិរី ត្រូវគេ​សង្កេតឃើញថា ក៏​បាននិងកំពុង​ដាក់ចេញ​នូវ​កម្មវិធី​យុទ្ធសាស្ត្រ​អាទិភាព​ចំនួន​៤ គឺ កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​តំបន់​ការពារ​ព្រៃ​ធម្មជាតិ ការអភិវឌ្ឍ​ដោយ​ចីរភាព និង​អភិបាលកិច្ច​ល្អ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក ប៉ុល ហំ​ម ជា​អ្នកដឹកនាំ​ប្រតិភូ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា បានបញ្ជាក់​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្តរតនគិរី​ថា គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ក៏មាន​ផល​លំបាក​ក្នុងការ​បំពេញការងារ និង បញ្ហា​ប្រឈម​នានា​នៅក្នុង​ការអនុវត្ត​ច្បាប់​ផងដែរ តែ​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ និង​ជំរុញ​ការ​ភិ​វ​ឌ្ឍ​ប្រទេសជាតិ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា បានធ្វើការ​សម្របសម្រួល ក៏ដូចជា​ជំរុញ​ទៅ​រដ្ឋសភា និង​រដ្ឋាភិបាល​ធ្វើការ​ដោះស្រាយ​បញ្ហា​ជា​បន្តបន្ទាប់​៕

14067552_820875974680412_8181053503080917274_n 14045991_820876004680409_5516429972672812691_n14045773_820875981347078_543535846629641234_n