នៅតែមាន​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ក្រៅ​បាត​អាង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​ក្រៅ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដោយ​ពុំមាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ធំៗ​មួយចំនួន​បាន​ប្រើប្រាស់​កម្លាំង​កម្មករ​ឲ្យ​ធ្វើ​សកម្មភាព​កាប់​ឈើ​ក្រៅ​បរិវេណ​ផ្ទៃ​អាង​វា​រី​អគ្គិសនី ហើយ​ដឹកជញ្ជូន​មក​ស្តុក​ក្នុង​បរិវេណ​បាត​អាង បន្ទាប់មក​ដឹក​ចេញ​តាម​រថយន្ត​ធំៗ​ដោយ​គេ​ប្រើ​លេស​ថា ជា​ឈើ​នៅក្នុង​បាត​អាង​។ បញ្ហា​នេះ​កំពុងតែ​ធ្វើ​ឲ្យ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្រៅ​បរិវេណ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស ព្រោះ​ឈ្មួញ​អាច​ប្រើ​គ្រប់​ល្បិចកល់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​កាលពី​ព្រលប់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ រថយន្ត​ដឹកឈើ​ចេញពី​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​ចំនួន​៦​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ឃាត់ទុក ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ផង​ក៏ត្រូវ​ដោះលែង​វិញ​យ៉ាង​ស្រួលៗ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​។ ប្រភព​ខ្លះ​បានបង្ហាញ​នូវ​ការសង្ស័យថា សមត្ថកិច្ច​ចម្រុះ​ខ្លាច​អំណាច​ឈ្មួញ​ម្ចាស់​ឈើ​ឬក៏​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​ម្ចាស់​ឈើ ទើប​សម្រេច​ដោះលែង​រថយន្ត​ដឹកឈើ​ទាំង​៦​គ្រឿង​វិញ​ក្រោយពេល​ឃាត់ទុក​បាន​មួយស្របក់​។ មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង បាន​រិះគន់ថា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតែ​ឃុបឃិត​គ្នា​ដើម្បី​ផលប្រយោជន៍ ទើប​ឈ្មួញ​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​សេ​សាន បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ម៉ៅការ​សម្អាត​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ កំពុង​បំពាន​កាប់​ឈើ​ដល់​ខាងក្រោយ​ផ្ទៃ​អាង ហើយ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ដោយ​ប្រើប្រាស់​អាជ្ញាប័ណ្ណ​សម្អាត​ផ្ទៃ​អាង​បង្ហាញ​សមត្ថកិច្ច​។ បញ្ហា​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ពិនិត្យឡើងវិញ​ខ្លះ​ផង​ព្រោះ​ការបំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ក្នុងស្រុក​សេ​សាន នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​បរិស្ថាន​។ លើស​នេះ​ទៅទៀត​បទបញ្ជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​បានក្លាយ​ទៅជា​រឿង​ឥតន័យ ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​នៅតែ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​ដដែល​៕

13938319_1745514259048598_1885323133714771172_o 13975412_1745514292381928_6365828046254069528_o 13892150_1745514235715267_7159947918621760256_n