ប្រាក់​ចំណូល​កាស៊ីណូ​ម៉ា​កាវ​ធ្លាក់​ចុះ​លើក​ទី​26 គិត​ត្រឹម​ខែកក្កដា

ម៉ា​កាវ ៖ ប្រាក់​ចំណូល​ពី​ឧស្សាហកម្ម​ល្បែង​ម៉ា​កាវ​ក្នុង​ខែកក្កដា មាន​ចំនួន​តិច​ជាង​ការ​រំពឹង​ទុក ពោល​គឺ​ធ្លាក់​ចុះ​៤,៥% មក​ត្រឹម​១៧,៧៧​ប៊ី​លាន​ប៉ា​តា​កាស (២,២​ប៊ី​លាន​ដុល្លារ​) ពី​ចំណូល​ឆ្នាំ​មុន ។

យោង​តាម​ការិយាល័យ​ត្រួតពិនិត្យ និង​សម្រប​សម្រួលការ​ភ្នាល់​ល្បែង​របស់​ម៉ា​កាវ បានឱ្យ​ដឹង​ថា ប្រាក់​ចំណូល​ពី​ឧស្សាហកម្ម​ល្បែង​សរុប បាន​ធ្លាក់​ចុះ​រយៈពេល​២៦​ខែ​ចុង​ក្រោយ​នេះ​ជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ បើ​គិត​ត្រឹម​ខែកក្កដា​កន្លង​ទៅ ។

ការ​ធ្លាក់​ចុះ​ត្រឹមតែ​៤,៥%​ក្នុង​ខែកក្កដា ពី​កំណត់​ត្រា​៨,៥%​ក្នុង​ខែមិថុនា ក៏​បាន​បង្ហាញ​ពី​ការ​អាច​នឹង​ងើបឡើង​វិញ​នៃ​វិស័យ​ល្បែង​របស់​ម៉ា​កាវ​ផង​ដែរ ។

ដើម្បី​ធ្វើ​ឱ្យ​អាជីវកម្ម​ពួក​គេ​រីក​លូតលាស់​ឡើង​វិញ​នោះ ឧស្សាហកម្ម​ល្បែង​ម៉ា​កាវ រួម​ទាំង​កាស៊ីណូ Wynn Macau, Melco Crown Entertainment និង Galaxy Entertainment បាន​ងាក​ទៅ​រក​ផ្នែក​ទីផ្សារ​ធំ ខណៈ​ពួក​គេ​បាន​និង​កំពុង​សាងសង់​អគារ ព្រមទាំង​ផ្សារ​ទំនើប​ជា​ច្រើន​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ។

ក្រុមហ៊ុនមេ Las Vegas Sands របស់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Sands China បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា កាស៊ីណូ​ម៉ា​កាវ ឃើញ​មាន​កំណើន​ប្រាក់​ចំណូល​ច្រើន​បាន​មក​ពី​អ្នកលេង​ល្បែង​ទីផ្សារ​ធំ​ក្នុង​ខែមិថុនា ខុស​ពី​ឆ្នាំ​មុន ដែល​វា​ជា​កំណើន​លើក​ដំបូង​ក្នុង​រយៈពេល​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយ​នេះ ។

មហាសេដ្ឋី Sheldon Adelson ម្ចាស់​ក្រុមហ៊ុន Las Vegas Sands បានឱ្យ​ដឹង​ខណៈ​ផ្តល់​មតិយោបល់​អំពី​អាជីវកម្ម​ល្បែង​ម៉ា​កាវ​របស់​លោក ដោយ​លើក​ឡើង​ថា ៖ « ក្នុង​រយៈពេល​កន្លង​ទៅ​នេះ ហាក់ដូចជា​មាន​ស្ថិរភាព​ឡើង​វិញ » ៕