អាជ្ញាធរ​ខ្មែរ​នឹង​បញ្ជូន​ស្ត្រី​អេស្ប៉ាញ​ម្នាក់​ទៅ​ស្រុក​វិញ​ដោយ​សារ​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ

ស្ត្រី​អ្នក​ស្រាវជ្រាវ​ជនជាតិ​អេស៉្បាញ​ម្នាក់ ដែល​អាជ្ញាធរ​អន្តោ​ប្រវេសន៍​ចាប់​ខ្លួន​កាល​ពីថ្ងៃទី១៦ សីហា​នឹង​ត្រូវ​បញ្ជូន​ទៅ​ស្រុក​វិញ។

ថ្លែងប្រាប់​អាស៊ីសេរី យ៉ាង​ប្រញាប់ប្រញាល់​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ សីហា ដោយ​សារ មាន​គេ​គំរាម​ដក​ទូរស័ព្ទ​នាង​ទុក អ្នកនាង ម៉ាហ្គា ប៊ូហូសា សេហ្គាដូ (Marga Bujosa Segado) បាន​អោយ​ដឹង​ថា​មន្ត្រី​អន្តោប្រវេសន៍​នឹង​បញ្ចប់​​ទិដ្ឋាការ​របស់​នាង បើ​ទោះ​បី​ជា​ទិដ្ឋាការ​នៅ​មាន​សុពលភាព​ក្ដី។ អាជ្ញាធរ​ចោទ​ប្រកាន់​ថា នាង​ចូលរួម​ការ​តវ៉ា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ដែល​អាជ្ញាធរ​ចាត់​ទុក​ថា​ជា​ការ​ខុស​ច្បាប់។

អ្នកនាង ម៉ាហ្គា បាន​បន្ត​ទៀតថា ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​ដោយ​មាត់​ទទេ គ្មាន​ឯកសារ​ជា​លាយលក្ខណ៍​អក្សរ​អ្វី​ទេ។ ឥលូវ​នេះ​នាង​កំពុង​ឋិត​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​នៅ​ឡើយ។

អ្នកនាង ម៉ាហ្គា ត្រូវ​បាន​នគរបាល​នាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួង​មហា​ផ្ទៃ​ឃាត់​ខ្លួន​នៅ​ថ្ងៃអង្គារ ទី១៦ សីហា អំឡុង​ពេល​ដែល​នាង​កំពុង​ថតរូប និង​សួរ​សំនួរ​ទៅ​កាន់​សកម្មជន​ដែល​កំពុង​តវ៉ា​មុខ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ អោយ​មាន​ការ​ដោះ​លែង​តំណាង​សហគមន៍​បឹកកក់២នាក់ គឺ​អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាលពីថ្ងៃទី១៥ សីហា ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ។

កាល​ពី​យប់ថ្ងៃទី១៦ សីហា ដដែល​នោះ អ្នកនាង ម៉ាហ្គា ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​វិញ​ក្រោយ​ការ​ស៊ើបសួរ​ដែល​នាង​ថា ពោរពេញ​ទៅ​ដោយ​ការ​គំរាម​កំហែង។ អ្នកនាង ម៉ាហ្គា ត្រូវ​បាន​អាជ្ញាធរ​ដកហូត​លិខិត​ឆ្លង​ដែន​នាង​ទុក ហើយ​ប្រាប់​នាង​អោយ​មក​យក​វិញ​នៅ​ព្រឹក​ថ្ងៃទី១៧ សីហា។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។