ប្រធានាធិបតី​ឥណ្ឌូនេស៊ី ប្តេ​ជា្ញ​ការពារ​ដែន​អធិបតេយ្យ​ខ្លួន​«​សូម្បី​តែមួយ​ចំណិត​»​

លោកប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ (Joko Widodo) បានសន្យាថា រដ្ឋាភិបាលរបស់លោក នឹងការពារអធិបតេយ្យឥណ្ឌូនេស៊ីទាំងដែនគោក និងដែនសមុទ្រសូម្បីតែមួយចំណិត។ ការបេជ្ញាចិត្តខ្លាំងក្លាបែបនេះ ធ្វើឡើងស្របពេលដែលឥណ្ឌូនេស៊ី និងចិនទើបជាប្រឈមមុខគ្នានៅក្នុងដែនសមុទ្រឥណ្ឌូនេស៊ីដែលចិនបានអះអាងថាជារបស់ខ្លួនផងដែរនោះ។

នាឱកាសនៃការផ្តល់សុន្ទរកថាថ្នាក់ជាតិនៅថ្ងៃអង្គារទី១៦ ខែសីហានេះ លោកប្រធានាធិបតី ចូកូ វីដូដូ បានអះអាងថា ឥណ្ឌូនេស៊ី បានចូលរួមសកម្មក្នុងការស្វែងរកដំណោះស្រាយសន្តិវិធីនៅក្នុងជម្លោះក្នុងតំបន់ពាក់ព័ន្ធនឹងម្ចាស់កម្មសិទ្ធិលើកោះនៅក្នុងដែនសមុទ្រ។ លោកប្រធានាធិបតីរូបនោះ ក៏បានលើកឡើងពីសកម្មភាពចុងក្រោយរបស់លោកនៅក្នុងប្រជុំកោះ Natunas ដែលទើបតែមានការប្រឈមមុខជាមួយនឹងចិនផងដែរ។

លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា «យើងកំពុងតែអភិវឌ្ឍតំបន់មួយចំនួនដូចជា Entikong, Natuna និង Atambua ដូច្នេះ ពិភពលោក អាចមើលឃើញថា ឥណ្ឌូនេស៊ី គឺជាប្រទេសដ៏ធំមួយ ហើយ ទីណាក៏ដោយដែលរួមទាំងដែនគោក និងដែនទឹកដែលជាកម្មសិទ្ធិរបស់ឥណ្ឌូនេស៊ី គឺត្រូវបានការពារយ៉ាងពិតប្រាកដ»។ នេះបើយោងតាមភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្តីក្នុងសុន្ទរកថារបស់លោកចូកូវី ដែលបានផ្សាយផ្ទាល់តាមទូរទស្សន៍ផងដែរនោះ។

សូមជម្រាបផងដែរថា ឥណ្ឌូនេស៊ី មិនមានជម្លោះដែនសមុទ្រក្នុងក្របខណ្ឌសមុទ្រចិនខាងត្បូងជាមួយនឹងចិនដូចទៅនឹងបណ្តាមិត្តសមាជិកអាស៊ានដូចជាព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមនោះទេ។ ក៏ប៉ុន្តែចិន បានទាមទារត្រួតស៊ីគ្នាលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូនេស៊ីនៅប្រជុំកោះ Natunas ដែលឥណ្ឌូនេស៊ី បានរឹបអូសទូកនេសាទចិនកាលពីខែមិថុនាកន្លងទៅ ដែលបានចូលទៅនេសាទនៅទីនោះ។ ពេលនោះ ចិន និងឥណ្ឌូនេស៊ី ក៏បានមានការប្រឈមមុខផ្នែកការទូតដាក់គ្នាខ្លាំងផងដែរ ដោយភាគីទាំងពីរចាត់ទុកសកម្មភាពរៀងៗខ្លួនថាត្រឹមត្រូវលើដែនអធិបតេយ្យរបស់ខ្លួន។

អ្វីគួរកត់សម្គាល់នោះ កាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅថ្មីៗនេះ លោក Ryamizard Ryacudu រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី បានអះអាងថា ឥណ្ឌូនេស៊ី នឹងពង្រឹងសមត្ថភាពសន្តិសុខរបស់ខ្លួនដែលស្ថិតនៅក្នុងតំបន់ប្រជុំកោះ Natunas ដែលជាកន្លែងដែលឥណ្ឌូនេស៊ី និងចិនធ្លាប់ប៉ះទង្គិចគ្នា។ ការពង្រឹងនោះ លោក សំដៅលើការពង្រាយនាវាចម្បាំង យន្តហោះប្រដេញ មីស៊ីលបាញ់ទៅអាកាស ប្រព័ន្ធរ៉ាដា ក៏ដូចជាសាងសង់កំពង់ផែថ្មីនៅទីនោះ ដោយលោកបន្ថែមថា មូលដ្ឋានយោធានោះ ក៏នឹងបញ្ចប់ការសាងសង់ដោយស្ថាពរនៅក្នុងរយៈពេលមិនដល់មួយឆ្នាំទៀតនោះទេ៕

ប្រភព៖ ថ្មីៗ


Related Posts