អធិការនគរបាល​ក្រុង​បាត់ដំបង លោក ប៉ាង ហៀ​ង គ្មាន​សមត្ថភាព​បង្ក្រាប​ល្បែងស៊ីសង​

​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង បាន​រិះគន់ថា​ក្រោយពេល​លោក ប៉ាង ហៀ​ង មកកាន់​តំណែង​ជា​អធិការនគរបាល​ក្រុង​បាត់ដំបង ជំនួស​លោក យឹម វិចិត្រ រួចមក​គឺ​បទល្មើស​ផ្សេងៗ ជាពិសេស​ល្បែងស៊ីសង​នៅតែ​កើតឡើង​យ៉ាង​រាលដាល​។ ក្នុងនោះ​ល្បែង​កន្ទុយលេខ បៀ​អាប៉ោង ភ្នាល់​បាល់ទាត់ ភ្នាល់​ទឹកភ្លៀង និង​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ កំពុង​រាលដាល​តាម​សង្កាត់​នានា​យ៉ាង​អនាធិបតេយ្យ ហើយ​លោក ប៉ាង ហៀ​ង ពុំមាន​សមត្ថភាព​បង្ក្រាប​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នៅឡើយ​ទេ​។ ចំណែក​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ក៏​មិន​ចាត់វិធានការ​ទៅលើ​មន្ត្រី​អសមត្ថភាព​ដូចជា​លោក ប៉ាង ហៀ​ង នោះដែរ​ហេតុនេះហើយ​ទើប​ល្បែងស៊ីសង​នៅតែ​រាលដាល​ឥតឈប់ឈរ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា មាន​ល្បែង​អាប៉ោង​១​វង់​ត្រូវគេ​បើក​លេង​នៅផ្ទះ​ម៉ែត្រ​ង៉ោ​ល ក្នុងភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ហើយ​នគរបាល​សង្កាត់​ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​សង្កាត់ មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង ចាត់វិធានការ​បង្ក្រាប​វង់​អាប៉ោង​នៅផ្ទះ​ម៉ែត្រ​ង៉ោ​ល​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​តទៅទៀត​។ បើ​មិន​ដូច្នេះ​ទេ​បទល្មើស​ផ្សេងៗ​នឹង​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ជាពិសេស​អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ ក៏ដូចជា​ការវិនាស​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

​អ្នកភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង បាន​ឲ្យ​ដឹងថា វង់ល្បែង​អាប៉ោង​នោះបាន​បង្ក​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជាច្រើន​គ្រួសារ​ចាញ់ល្បែង​អស់​លុយ​ធ្លាក់ខ្លួន​ក្រីក្រ ខ្លះ​អស់​ម៉ូតូ អស់​រថយន្ត និង​ទ្រព្យសម្បត្តិ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អ្នកខ្លះ​ចាញ់​អស់​ផ្ទះសម្បែង​ដីធ្លី​រត់ចោលស្រុក មាន​ជម្លោះ​ក្នុង​គ្រួសារ អ្នកខ្លះ​ហ៊ាន​ដល់​ធ្វើអត្តឃាត និង​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុងភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង កុំ​ឲ្យ​កើតមាន​តទៅទៀត ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ក៏ដូចជា​ភាព​សុខ​សាន​របស់​ប្រជាពលរដ្ឋ​៕

fn-2016-05-30-09-55-29-3 លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង WAT-1508W WAT-1508X