កម្ពុជា​បាន​មេដាយ​មាស​ច្រើន​គ្រឿង​ក្នុង​កម្មវិធី​ប្រកួត​ស្គី​ទឹកកក​មិត្ត​ភាព​អន្តរជាតិ​អាស៊ី​ឆ្នាំ​២០១៦ នៅ​ម៉ាឡេស៊ី

ការ​ប្រកួត​ស្គី​ទឹកកក​មិត្តភាព​អន្តរជាតិ​អាស៊ី នៅ​ម៉ាឡេស៊ី ទើប​តែ​បញ្ចប់​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដោយ​​ប្រព្រឹត្ត​ទៅ​រយៈ​ពេល ៨ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ៧ ដល់ ១៤ សីហា និង​មាន​កីឡាករ​ចូលរួម​ប្រកួត ៧២៥ នាក់​មក​ពី ១៣ ប្រទេស ​ទីលាន​តំណាង ៣៦ ទីលាន និង ២ ៤១០ ប្រកួត។

 

ក្លឹប Ice Park កម្ពុជា បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ជា​លើក​ដំបូង ដោយ​បញ្ជូន​កីឡាករ​ចូល​រួម​ប្រកួត ៧ នាក់ (ស្រី ២ នាក់) ដែល​ដឹក​នាំ​ដោយ​ប្រតិភូ​គ្រូ​បង្វឹក ២ រូប គឺ​លោក បេន ប្លេនហ្វត និង​លោក រីកាដូ ណូណាតូ។ ក្រុម​កម្ពុជា ត្រូវ​ប្រកួត ៧ ថ្ងៃ​លើ ១៦ វិញ្ញាសា​ក្នុង​រយៈ​ពេល ៨ ថ្ងៃ​នៃ​ព្រឹត្តិការណ៍​ទាំង​មូល។ ការ​ប្រកួត​លើ ១៦ វិញ្ញាសា​តាម​កម្រិត និង​អាយុ នោះ រួម​មាន៖

· ប្រកួត​ជាមួយ​សៀវភៅ ៧ វិញ្ញាសា ដើម្បី​រំកិល​ទៅ​កម្រិត​ខ្ពស់ (មាន​ន័យ​ថា​ប្រកួត​តែ​ម្នាក់​ឯង ទាល់​តែ​ពិន្ទុ​គ្រប់ ឬ​លើស ទើប​ទទួល​បាន​មេដាយ) ហើយ​កម្ពុជា​ទទួល​បាន​មេដាយ​មាស ៧ គ្រឿង ទាំង ៧ វិញ្ញាសា។

· ៩ វិញ្ញាសា​ទៀត គឺ​ប្រកួត​មិត្តភាព​អន្តរជាតិ ៤ ប្រទេស និង​១​ទៀត ក្រុម​អន្តរជាតិ​តំណាង​វិទ្យាស្ថាន​ស្គី​ទឹកកក​នៃ​អាស៊ី។

 

កម្ពុជា​បាន​មេដាយ​មាស​ច្រើន​គ្រឿង​ក្នុង​កម្មវិធី​ប្រកួត​ស្គី​ទឹកកក​មិត្ត​ភាព​អន្តរជាតិ​អាស៊ី​ឆ្នាំ​២០១៦ នៅ​ម៉ាឡេស៊ី

 

សរុប​ចំនួន​មេដាយ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​១ ចំនួន ៤ គ្រឿង ចំណាត់​ថ្នាក់​ទី២ ចំនួន ៥ គ្រឿង ចំពោះ​ការ​ប្រកួត ៩ វិញ្ញាសា។ ការ​ប្រកួត​ជាមួយ​សៀវភៅ ៧ វិញ្ញាសា ទទួល​បាន​មេដាយ​មាស​ចំនួន ៧ គ្រឿង។ កីឡាករ​តំណាង​កម្ពុជា​ទាំង ៧ រូប រួម​មាន កីឡាការិនី ២ រូប គឺឡុង សិរីមុន្នី និង Johanna Lipioកីឡាករ ៥នាក់ គឺ ប៉ែន សម្បត្តិជេសិន, ហុង មៃឃ័រ, ម៉េង មេយ័រ, សេន ប៊ុនធឿន និង Edric Hentry។

 

លោក បេន ប្លេនហ្វត គ្រូ​បង្វឹក​ស្គី​ទឹកកក និង​ជា​ប្រតិភូ​ដឹកនាំ​ក្រុម​កីឡាករ​ចូលរួម​ការ​ប្រកួត​នេះ ថ្លែង​ថា៖ “កម្ពុជា​នឹង​មាន​លទ្ធផល​នៅ​ស៊ី​ហ្គេម ២០១៧ ត្បិត​កីឡា​តំបន់​អាស៊ាន​មិន​លើស​កម្ពុជា”។

 

ការ​ទទួល​បាន​មេដាយ​ច្រើន​ដូច​នេះ គឺ​ដោយ​សារ​តែ​កម្ពុជា​មាន​ភាព​ខ្លាំង​ត្រង់​ចំណុច​បច្ចេកទេស​ហ្វឹក​ហាត់​ជាមួយ​គ្រូ​បង្វឹក​ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ និង​ការ​ត្រៀម​ខ្លួន​ជា​សម្រេច​សម្រាប់​ការ​ប្រកួត​ដណ្ដើម​មេដាយ ព្រម​ទាំង​មាន​ការ​លើក​ទឹក​ចិត្ត​ជំរុញ​គាំទ្រ​ពី​ឪពុកម្ដាយ​ផ្ទាល់​ទាំង​ផ្នែក​ស្មារតី និង​ថវិកា។ ឯ​ចំណុច​ខ្វះខាត គឺ​ត្រង់​ថា កីឡាករ​ដែល​ចូលរួម​ប្រកួត​មាន​ចំនួន​តិច​ជាង​ប្រទេស​ជា​ម្ចាស់​ផ្ទះ​ដល់​ទៅ ២០ ដង ហើយ​ការ​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ក៏​តិច​ទៅ​តាម​នោះ​ដែរ។ ម្យ៉ាង​ទៀត ការ​តុប​តែង​ខ្លួន​របស់​យើង​មិន​ទាន់​អាច​វ៉ា​ដាច់​គេ​នៅ​ឡើយ។

 

កម្ពុជា​បាន​មេដាយ​មាស​ច្រើន​គ្រឿង​ក្នុង​កម្មវិធី​ប្រកួត​ស្គី​ទឹកកក​មិត្ត​ភាព​អន្តរជាតិ​អាស៊ី​ឆ្នាំ​២០១៦ នៅ​ម៉ាឡេស៊ី

 

គោលបំណង​ដែល​កម្ពុជា​ចូលរួម​កម្មវិធី​នេះ​ គឺ​ដោយសារ​ជា​ព្រឹត្តិការណ៍​ប្រកួត​មួយ​ដ៏​ធំ​ដែល​មាន​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍ ចិន សហព័ន្ធ​អារ៉ាប់រួម ជា​ដើម ដែល​ធ្វើ​ឲ្យ​កម្ពុជា កំពុង​តែ​ប្រែ​ក្លាយ​មុខ​មាត់​ថ្មី​នៅ​លើ​ឆាក​អន្តរជាតិ។ កីឡា​ស្គី​ទឹកកក​គឺ​ថ្មី​សម្រាប់​កម្ពុជា ដូច្នេះ​កម្ពុជា​ត្រូវ​ចូល​រួម​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ឲ្យ​បាន​ច្រើន ដើម្បី​ទទួល​បាន​បទពិសោធន៍​ថ្មីៗ និង​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​បាន​ចាប់​ផ្ដើម​មុន​យើង។

 

ព្រឹត្តិការណ៍​នេះ ធ្វើ​ឡើង​ជា​លើក​ទី​២​ហើយ នៅ​ទីលាន​ស្គី​ទឹកកក Sunway Pyramid Ice ប្រទេស​ម៉ាឡេស៊ី ដែល​គាំទ្រ​ដោយ​វិទ្យាស្ថាន​ស្គី​ទឹកកក​នៃ​អាស៊ី (ISIAsia) និង​ក្រសួង​យុវជន និង​កីឡា​ម៉ាឡេស៊ី​ ក្នុង​គោល​បំណង​អភិវឌ្ឍ​វិស័យ​កីឡា​រដូវ​រងា​តាម​តំបន់​អាស៊ីអាគ្នេយ៍ ចិន សហព័ន្ធ​អារ៉ាប់រួម។

 

ក្រុម​កីឡាករ​កម្ពុជា​នេះ នឹង​ចូលរួម​សម្ដែង​អបអរ​ថ្ងៃ​បុណ្យ​ណូអែល នា​ថ្ងៃ​ទី ២៤-២៥ ធ្នូ ខាង​មុខ​នេះ។ សូម​ចូលរួម​ទស្សនា និង​គាំទ្រ​កីឡាករ​ម្ចាស់​មេដាយ​មាស ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ម៉ាឡេស៊ី ឱ្យ​បាន​ច្រើន​កុះករ​ទាំង​អស់​គ្នា៕

 

កម្ពុជា​បាន​មេដាយ​មាស​ច្រើន​គ្រឿង​ក្នុង​កម្មវិធី​ប្រកួត​ស្គី​ទឹកកក​មិត្ត​ភាព​អន្តរជាតិ​អាស៊ី​ឆ្នាំ​២០១៦ នៅ​ម៉ាឡេស៊ី

 

កម្ពុជា​បាន​មេដាយ​មាស​ច្រើន​គ្រឿង​ក្នុង​កម្មវិធី​ប្រកួត​ស្គី​ទឹកកក​មិត្ត​ភាព​អន្តរជាតិ​អាស៊ី​ឆ្នាំ​២០១៦ នៅ​ម៉ាឡេស៊ី

 

កម្ពុជា​បាន​មេដាយ​មាស​ច្រើន​គ្រឿង​ក្នុង​កម្មវិធី​ប្រកួត​ស្គី​ទឹកកក​មិត្ត​ភាព​អន្តរជាតិ​អាស៊ី​ឆ្នាំ​២០១៦ នៅ​ម៉ាឡេស៊ី

 

អត្ថបទ៖ ដៃគូ​សហការ