អាយុ​លើស​ពី​៣០​ឆ្នាំ​កុំ​ភ្លេច​ទៅ​ពិនិត្យ​សុខភាព​ ប្រយ័ត្ន​​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​​ទាំង​មិន​ដឹង​ខ្លួន

ចាប់​ពី​វ័យ​៣០​​ឆ្នាំ ៤០​ឆ្នាំ​ប្លាយ​ឡើង​ទៅ​ ការ​តាម​ដាន​ឬ​ក៏​ការ​ត្រួត​ពិនិត្យ​​សុខ​ភាព​ជា​ប្រចាំ​គឺ​មាន​សារសំខាន់​ខ្លាំង​ក្នុង​ការ​បង្ការ​​ខ្លួន​ជា​មុន​ពី​ជំងឺ​ទឹក​នោម​ផ្អែម​។ នេះ​បើ​តាម​ការ​ណែ​នាំ​ពី​វេជ្ជបណ្ឌិត ទូច​ ឃុន​ ប្រធាន​​​​មជ្ឈមណ្ឌល​​ជំងឺ​ទឹក​នោម​ផ្អែម នៃ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​។​​

 

អាយុ​លើស​ពី​៣០​ឆ្នាំ​កុំ​ភ្លេច​ទៅ​ពិនិត្យ​សុខភាព​ ប្រយ័ត្ន​​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​​ទាំង​មិន​ដឹង​ខ្លួន

 

តាម​ការ​រៀប​រាប់​របស់​​​លោក​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម​ខាង​លើ​​បាន​មាន​ប្រសាសន៍​ថា ជំងឺ​ទឹក​នោម​ផ្អែម​មាន​ច្រើន​ប្រភេទ តួ​យ៉ាង​​ជំងឺ​ទឹក​នោម​ផ្អែម​​ប្រភេទ​ទី​១ ទី​២ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ផ្សេង​ៗ​ទៀត…​។ ​ដោយ​ឡែក​ចំពោះ​ប្រទេស​កម្ពុជា​​បច្ចុប្បន្ន​ មាន​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​ប្រភេទ​ទី​២​​ច្រើន បន្ទាប់​មក​​គឺ​ប្រភេទ​ទី១ និង​ជំងឺ​ទឹក​នោម​ផ្អែម​​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ។

 

ជំងឺ​ទឹក​​នោម​ផ្អែម​ប្រភេទ​ទី​១៖ លោក​វេជ្ជបណ្ឌិត​​​​​មាន​ប្រសាសន៍​ថា ភាគ​ច្រើន ​ច្រើន​កើត​ឡើង​នៅ​​លើ​ ក្មេង​ដែល​​ស្គម​ ជា​ទូ​ទៅ​បណ្ដាល​មក​ពី​ការ​ខូច​ខាត​កោសិកា​លំពែង មាន​ន័យ​កោសិកា​លំពែង​ខូច​ទាំង​ស្រុង ដែល​ទាម​ទារ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ទាន់​ពេល​ និង​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ។ ការ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​១ គឺ​មាន​តែ​ឱសថ​ប្រភេទ​ចាក់​ប៉ុណ្ណោះ។

 

ជំងឺ​ទឹក​​នោម​ផ្អែម​ប្រភេទ​ទី​២៖ សម្រាប់​ប្រភេទ​ជំងឺ​ដែល​កើត​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ច្រើន​នេះ លោក​គ្រូ​ពេទ្យ​រៀប​រាប់​ថា វា​ច្រើន​កើត​ឡើង​លើ​មនុស្ស​ពេញ​វ័យ​ ហើយ​ភាគ​ច្រើន​អ្នក​​លើស​ទម្ងន់ ឬ​ធាត់។ ជំងឺ​នេះ​ផង​ដែរ​ក៏​​​បណ្ដាល​មក​ពី​ប្រវត្តិ​ក្រុម​គ្រួសារ​កើត​មាន​ជំងឺ​នេះ​ និង​កត្តា​​បរិស្ថាន ដែល​អ្នក​ជំងឺ​ទំនេរ​ពេក មិន​សូវ​បញ្ចេញ​កម្លាំង​ពល​កម្ម មិន​សូវ​ហាត់​ប្រាណ​ និង​ចូល​ចិត្ត​ញ៉ាំ​អាហារ​មាន​កាឡូរី​ខ្ពស់​។ រោគ​សញ្ញា​នៃ​អ្នក​ជំងឺ​គឺ ស្រេក​ទឹក ញ៉ាំ​ច្រើន​ បត់​ជើង​តូច​ញឹក និង​ចុះ​ទម្ងន់។

 

លោក​វេជ្ជបណ្ឌិត ទូច​ ឃុន បាន​​ប្រាប់​ថា៖ ” ​ជំងឺ​ទឹក​​នោម​ផ្អែម​ប្រភេទ​ទី​២ មិន​មាន​ចេញ​​ជា​រោគ​សញ្ញា​ឲ្យ​​យើង​ដឹង​ពី​ដំណាក់​កាល​ដំបូង​ទេ។ ចឹង​បាន​ន័យ​ថា នៅ​ពេល​ណា​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​២ មាន​លេច​ចេញ​នូវ​រោគ​សញ្ញា ហើយ​គាត់​មក​ជួប​គ្រូ​ពេទ្យ​នោះ ពេល​ខ្លះ​គឺ​អាច​បង្ក​មាន​វិបាក​មួយ​ឬ​ពីរ​រួច​ស្រេច​ទៅ​ហើយ​។ អីចឹង​ហើយ បាន​ជា​ការ​តាម​ដាន​ឬ​ក៏​ការ​ត្រួត​ពិនិត្យ​​សុខ​ភាព​ជា​ប្រចាំ ចាប់​ពី​វ័យ​៣០​​ឆ្នាំ ៤០​ឆ្នាំ​ប្លាយ​ឡើង​ទៅ​គឺ​មាន​សារសំខាន់​​មែន​ទែន ដែល​ការ​ត្រួត​ពិនិត្យ​សុខភាព​នោះ​គឺ​មាន​ប្រយោជន៍​ច្រើន ដើម្បី​បង្ការ​ ឬ​ឲ្យ​ដឹង​មុន​ អាច​ការពារ​មុន”។

 

លោក​វេជ្ជបណ្ឌិត​បាន​​ឲ្យ​ដឹង​ថា ជា​ទូ​ទៅ​ជំងឺ​ទឹក​នោម​ផ្អែម ទាម​ទារ​ការ​ព្យាបាល​​និង​ការ​តាម​ដាន​ជា​មួយ​គ្រូ​ពេទ្យ​ឲ្យ​បាន​ទៀង​ទាត់ ហើយ​និង​ការ​ព្យាបាល​ត្រូវ​ការ​ព្យាបាល​មួយ​ជីវិត។ មក​ដល់​បច្ចុប្បន្ន​​នេះ​ពុំ​មាន​​អ្នក​វិទ្យាសាស្ត្រ​ឬ មាន​ឱសថ​​ណា​ដែល​អាច​ធ្វើ​ការ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដាច់​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​​​មាន​ឱសថ​ដែល​អាច​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ កាល​ណា​គ្រប់​គ្រង​​កម្រិត​ជាតិ​ស្ករ​ គឺ​អាច​ទប់​ស្កាត់​នូវ​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ​បាន​។

 

គួរ​រំលឹក​ផង​ដែរ​ថា បច្ចុប្បន្ន​​នៅ​កម្ពុជា​ មាន​អ្នក​​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រហែល​១,២លាន​នាក់ អ្នក​មិន​ដឹង​ថា​ខ្លួន​​មាន​ជំងឺ​នេះ មាន​ប្រហែល​១,២​ លាន​នាក់ និង​២​លាន​នាក់​ផ្សេង​ទៀត​ អាច​ប្រឈម​​មុខ​នឹង​ជំងឺ​នេះ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ ​លោក​វេជ្ជបណ្ឌិត Nam Han Cho  ​​​​​​​ប្រធាន​សហព័ន្ធ​ជំងឺ​ទឹក​នោម​ផ្អែម​ពិភពលោក៕

 

 

ចុចអាន៖  ផល​វិ​បាក​នឹក​ស្មាន​មិន​ដល់​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ រហូត​ពេល​ខ្លះ​ត្រូវ​​កាត់​​អវយវៈ
អត្ថបទ៖ មាន រតនា