ឆ្លងកាត់​ដំណាក់កាល​បរាជ័យ មុន​នឹង​ជោគជ័យ

អ្នកខ្លះ​ធ្លាប់​ជួប​រួច​មក​ហើយ​នូវ​អ្វី​ដែល​មិន​បាន​ដូច​ចិត្ត និង​មិន​ស្រប​តាម​អ្វី​ដែល​អ្នក​គិត​។ នៅ​ពេល​បញ្ហា​ក្នុង​ជីវិត​មក​ប្រមូលផ្តុំ​គ្នា បាន​ធ្វើ​ឱ្យ​អ្នក​ងងឹតស្លុប​មើលទៅ​ណា​ក៏​មិនឃើញ​ផ្លូវ​ចេញ​ដែរ ។ ដូច្នេះ​នៅ​ពេល​អ្នក​ជួប​បញ្ហា​ដោះស្រាយ​មិន​ចេញ​បែប​នេះ ចំណុច​ខាងក្រោម​គឺជា​ពុទ្ធិ និង​សង្ឃឹមថា​អាច​ជួយ​អ្នក​ឲ្យ​ក្រោកឈរ​វិញ​បាន ។

១-​អ្វី​នឹង​កើតឡើង វា​ត្រូវ​តែ​កើត ៖
អ្នក​ត្រូវ​ព្រម​ទទួលយក​ការ​ពិត​ឱ្យ​បាន​ថា គ្មាន​អ្នក​ណា​ម្នាក់​អាច​គ្រប់គ្រង​រឿង​ផ្សេង​ៗ​ដែល​កើតឡើង​នៅ​ជុំវិញ​ខ្លួន​បាន​ទេ ដូច​ជា ភ្លៀង​ធ្លាក់ ទឹកជំនន់ សេដ្ឋកិច្ច​ធ្លាក់​ចុះ ក្រុមហ៊ុន​ដែល​អ្នក​កំពុងធ្វើការ​ត្រូវ​បិទ ឬ​រហូត​ដល់​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ទៅ​ចាប់អារម្មណ៍​លើ​អ្នក​ដទៃ ។

២-​វា​នឹង​កើត​បញ្ហា​នៅ​ពេល​ដែល​អ្នក​គិត​ថា វា​ជា​បញ្ហា ៖
គ្រប់យ៉ាង​ជា​រឿង​ដែល​គ្មាន​ន័យ លុះត្រាតែ​អ្នក​ផ្តល់​អត្ថន័យ​ទៅ​ឱ្យ​រឿង​នោះ

អ្នក​មិន​អាច​គ្រប់គ្រង​រឿង​ផ្សេង​ៗ​ដែល​កើតឡើង​បាន​ទេ តែ​អ្នក​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​ថា អ្នក​នឹង​ផ្តល់​អត្ថន័យ​ជាមួយ​រឿង​ដែល​កើតឡើង​ដោយ​បែប​ណា ។

៣-​ឈប់​ថា​ខ្លួន​ជា​ជន​រង​គ្រោះ ៖
អ្នក​ដែល​ប្រាប់​ខ្លួនឯង​ថា «​ព្រោះ​ជីវិត​គ្មាន​ផ្លូវ​ជ្រើសរើស​» ជា​មនុស្ស​ដែល​កំពុង​តែ​បញ្ឆោត​ខ្លួនឯង​ដើម្បី​លួងលោម​ចិត្ត​ថា គឺជា​អ្នក​ទទួល​រង​គ្រោះ​ដោយសារ​អ្វី​ៗ​កើតឡើង​នៅ​ជុំវិញ​ខ្លួន សូម​កែតម្រូវ​លើ​ការ​យល់​ឃើញ​នេះ​ជា​ថ្មី​ថា «​អ្នក​មិនមែន​ជា​ជន​រង​គ្រោះ​ទេ​» ព្រោះ «​អ្នកមាន​ផ្លូវ​ជ្រើសរើស​ជា​និច្ច​» ដូច​ជា ប្រសិនបើ​អ្នក​មិន​ចូល​ចិត្ត​ការងារ​ដែល​កំពុង​ធ្វើ អ្នក​អាច​ជ្រើសរើស​ដោយ​ប្តូរ​ការងារ ឬ​រក​ការងារ​ថ្មី​បាន ជំនួស​ឱ្យ​ការ​អត់ធ្មត់​ធ្វើ​ការងារ​ដដែល​នេះ ។

៤-​អ្នក​មិន​អាច​ផ្លាស់​ប្តូរ​អ្វី​ៗ​នៅ​ក្បែរ​ខ្លួន​បាន​ទេ ទាល់តែ​ផ្លាស់​ប្តូរ​ខ្លួនឯង​ជា​មុន ៖
ប្រសិនបើ​អ្នក​អាច​ផ្លាស់​ប្តូរ​ខ្លួនឯង​បាន គ្រប់យ៉ាង​នឹង​ផ្លាស់​ប្តូរ​ទៅ​តាម​ដោយ​ស្វ័យប្រវត្តិ

ជា​ការ​ពិត អ្នក​គ្មាន​ផ្លូវ​ផ្លាស់​ប្តូរ​អ្វី​ៗ​នៅ​ក្បែរ​ខ្លួន​បាន​ទេ តែ​រឿង​មួយ​ដែល​អ្នក​អាច​ផ្លាស់​ប្តូរ​បាន គឺ​ខ្លួនឯង​ផ្ទាល់ ដូច​ជា ប្រសិនបើ​សេដ្ឋកិច្ច​ធ្លាក់​ចុះ ធ្វើ​ឱ្យប្រាក់​ខែ​របស់​អ្នក​មិន​ឡើង ទោះបីជា​អ្នក​តវ៉ា​នឹង​សេដ្ឋកិច្ច ឬ​ក្រុមហ៊ុន​ដែល​អ្នកធ្វើការ ក៏​គ្មាន​ប្រយោជន៍​ដែរ ។ ចូរ​យក​ពេលវេលា​មក​អភិវឌ្ឍន៍​ខ្លួនឯង​ឱ្យ​មាន​ជំនាញ​បន្ថែម​ទៀត​ស្រប​នឹង​តម្រូវការ​ទីផ្សារ ហើយ​អ្នក​នឹង​ជួប​ឱកាសល្អ​ៗ រហូត​ដល់​អាច​ធ្វើ​ជំនួញ​ដោយ​ខ្លួនឯង​ក៏​បាន ។

៥-​ការ​បរាជ័យ គ្រាន់តែ​ជា​រឿង​បណ្តោះអាសន្ន តែ​វា​ជា​ឱកាស​ដែល​អាច​រៀនសូត្រ និង​អភិវឌ្ឍន៍​ខ្លួន​ជា​និច្ច ៖
បុគ្គល​ជោគជ័យ គឺជា​អ្នក​ដែល​ឆ្លងកាត់​ការ​បរាជ័យ​ច្រើន​ជាង​អ្នក​ដទៃ

លោក Thomas Edison បាន​និយាយ​ជា​និច្ច និង​គ្រប់ពេល​ដែល​លោក​បរាជ័យ​ក្នុង​ការ​ពិសោធ​ផលិត​អំ​ពូ​ល​ភ្លើង​ថា ៖ « ខ្ញុំ​មិន​បាន​បរាជ័យ​ក្នុង​ការ​ផលិត​អំ​ពូ​ល​ភ្លើង​ទេ តែ​ខ្ញុំ​រក​ឃើញ​ផ្លូវ​ថ្មី​មួយទៀត​ដែល​វា​មិន​ដំណើរការ » ។ ប្រសិនបើ​លោក Edison មិន​ហ៊ាន​ឆ្លងកាត់​ភាព​បរាជ័យ​អស់​១​ពាន់​ដង​ទេ បច្ចុប្បន្ន​នេះ យើង​អាច​នៅ​តែ​ប្រើ​ចង្កៀង​អុជ​ដដែល ។

៦-​កុំ​យក​ខ្លួនឯង​ទៅ​ប្រៀបធៀប​ជាមួយ​អ្នក​ដទៃ ៖
តើ​មាន​ប្រយោជន៍​អ្វី​ក្នុង​ការ​យក​ខ្លួនឯង​ទៅ​ប្រៀបធៀប​ជាមួយ​អ្នក​ដទៃ​នោះ ហើយ​បែរជា​បំផ្លាញ​ទឹកចិត្ត និង​កម្លាំងចិត្ត​ខ្លួនឯង​ទៅ​វិញ​ទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​នឹង​ប្រៀបធៀប ក៏​គួរតែ​ប្រើ​វា​ជា​កម្លាំង​ជំរុញ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​ល្អ​ប្រសើរ​ឡើង​ដែរ ។

៧-​មិន​មាន​ពាក្យ​ថា ទៅ​មិន​រួច​នោះ​ទេ ៖ ប្រសិនបើ​អ្នក​ជឿជាក់​ថា អ្នក​ធ្វើ​បាន នោះ​អ្នក​នឹង​ធ្វើ​វា​បាន ប៉ុន្តែ​បើ​អ្នក​ជឿ​ថា​ធ្វើ​មិន​បាន​ទេ នោះ​អ្នក​នឹង​ធ្វើ​វា​មិន​បាន​យ៉ាង​ពិតប្រាកដ​។​ដូច្នេះ ចូរ​លុប​ពាក្យ​ថា «​ទៅ​មិន​រួច​» ចេញពី​គំនិត​របស់​អ្នក ។

៨-​មាន​ក្តី​សុខ​នៅ​ចំណុច​ដែល​អ្នក​កំពុង​ឈរ​៖
មិន​ថា ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​កម្រិត​ណា ទេ អ្នក​នឹង​ជួប​ក្តី​សុខ​នៅ​ជិត​ៗ ។ ពន្លឺព្រះអាទិត្យ​ដ៏​ស្រស់​ស្អាត ភ្លេង​ពិ​រោះ​ៗ​មាន​អត្ថន័យ​ជាប់ចិត្ត ឬ​ស្នាមញញឹម​នៅ​លើ​ផ្ទៃមុខ​មនុស្ស​ជាទី​ស្រឡាញ់ អ្នក​នឹង​ឃើញ​ថា មាន​ក្តី​សុខ​ជា​ច្រើន​នៅ​ក្បែរ​ខ្លួន ប្រសិនបើ​អ្នក​ស្វែងរក ។

នៅ​មានរឿង​ល្អ​ៗ​ជា​ច្រើន​ទៀត​ដែល​កំពុង​រង់ចាំ​អ្នក ។ អ្នក​នៅ​តែ​អាច​បង្កើត​រឿង​ល្អ និង​បង្កើត​ក្តី​សុខ​ឱ្យ​ខ្លួនឯង ព្រមទាំង​មនុស្ស​នៅ​ក្បែរ​ខ្លួន​បាន​ច្រើន​ទៀត ចូរ​កុំ​អស់សង្ឃឹម និង​ត្រូវ​ក្រោកឈរ​ជម្នះ​គ្រប់​ឧបសគ្គ ៕